រដ្ឋា​ភិបាល​ណែ​នាំ​កុំ​ឱ្យ​រើស​អើង​ជន​បរទេស​ក្នុង​ការ​ចុះ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​

គ្រូពេទ្យម្នាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនអ្នកមកទទួលការចាក់វ៉ាក់សាំង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

រ​ដ្ឋាភិបាល​ណែនាំ​មន្ត្រី​កុំឱ្យ​មានការរើស​អើងពលរដ្ឋ ឬជនបរទេស រួមទាំងអនិកជនវៀតណាម ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងនៅតំបន់ក្រហម រាជធានីភ្នំ​ពេញ ដែលគ្រោងធ្វើនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយថា ដើម្បី​បង្ការ​ទ​ប់ស្កាត់រលកចម្លងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្ទុះឡើងជាង២ខែមកនេះ បានសម្លាប់មនុស្សអស់ជាង៨០នាក់ ឆ្លងទៅដល់មនុស្សជាង១ម៉ឺននាក់ ក្នុងនោះ ជាង៧ពាន់នាក់កំពុងសម្រាក​ព្យាបាលនៅឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាម​រយៈសារសំឡេងកាលពីយប់ថ្ងៃម្សិលមិញ​ថា យុទ្ធនាការចាក់វ៉ាក់សាំង​ថ្នាក់ជាតិ នឹងត្រូវផ្តើមចេញពីតំបន់ក្រហមនៃខណ្ឌទាំង៤ នៅរាជធានីភ្នំពេញ។

លោកថា យុទ្ធនាការនេះត្រូវប្រើកម្លាំងជាតិសរុប រួមទាំងកម្លាំង​ទ័ព​​ចូលរួម​សហការ​ជាមួយគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្រមខណ្ឌទូទាំងប្រទេសផងដែរ។

លោ​កបានណែនាំថា យុទ្ធនាការនេះ ក្រុមការងារចាក់វ៉ាក់សាំង ត្រូវចល័តទៅក្នុងតំបន់ក្រហមនោះតែម្តងក្នុងការផ្តល់​សេវានេះ ដែលជាការសំដៅកុំឱ្យពលរដ្ឋរស់នៅតំបន់ក្រហម ឬតំបន់ឆ្លងរាលដាលខ្លាំង ធ្វើដំណើរចេញមកក្រៅដើម្បីស្វែងរកសេវាចាក់វ៉ាក់សាំង។

លោកបានគូសបញ្ជាក់ថា អ្នករស់នៅតំបន់ក្រហម ពួកគេអាចនឹងទទួលបានវ៉ាក់សាំង ដូសទី១ ត្រឹមមុនថ្ងៃទី៥​ ខែ​​ឧសភា ឆ្នាំ២០២១នេះ បើសិន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង រៀ​បចំ​ទាន់។

លោកថា៖ «និយាយរួម មនុស្សចាប់ពីអាយុ១៨ឡើងទៅ ចាក់ឱ្យហ្មង! រួមទាំងជនបរទេស ឬក៏អនិកជនវៀតណាមអីដែលនៅកម្ពុជា គឺចាក់ឱ្យគាត់ទាំងអស់។ បើមិនអ៊ីចឹងទេ វាមិនបង្កើតភាពស៊ាំនៅក្នុងទីក្រុងភ្នំពេញទេ»។

រដ្ឋបាល​រាជធានីភ្នំពេញ កាលពីថ្ងៃ​​ម្សិលមិញ បានចេញសេចក្តីសម្រេចមួយដាក់តំបន់​មួយចំនួនក្នុងខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ និង​ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម ឬជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ​នៃ​ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា នេះជាអនុសាសន៍មួយជំរុញដល់ការធានាសុខភាពសាធារណៈ ព្រោះតំបន់ក្រហមជាតំបន់ដែលមានការ​រាតត្បាតខ្លាំង។

លោកស្រីថា៖ «ដើម្បីជួយពួកគាត់ យើងត្រូវមានវិធានការមួយក្នុងចំណោមវិធានការផ្សេងៗទៀតហ្នឹង គឺជួយធ្វើយ៉ាងម៉េចឱ្យពួកគា​ត់មានវ៉ាក់សាំង។ អ៊ីចឹងបានសម្តេចលោកបានសម្រេចចិត្តដ៏ត្រឹមត្រូវ ធ្វើការចាក់វ៉ាក់សាំងហ្នឹងជូនពួកគាត់ ហើយយុទ្ធនាការនេះ ដើ​ម្បី​ធ្វើឱ្យបានលឿន យើងត្រូវកៀរគរកម្លាំងសរុប គ្មាននរណាម្នាក់ពីរនាក់អាចទៅធ្វើបានទេ។ អ៊ីចឹងវាត្រូវកៀរគរកម្លាំង ដើម្បីធ្វើឱ្យ​កា​រធ្វើៗឱ្យបានលឿន»។

លោកស្រីគូសបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងនឹងកាត់បន្ថយភាពធ្ងន់ធ្ងន់នៃការវាយលុកពីមេរោគកូវីដ-១៩ កាត់បន្ថយបន្ទុកដល់វិស័យសុខាភិបាល ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់។

ប្រធានសមាគមខ្មែរ​-រៀតណាម​នៅកម្ពុជា លោក ស៊ឹម ជី បានស្វាគមន៍ការក្រើនរំឭករបស់រដ្ឋាភិបាលកម្ពុជានេះ។

លោកថា៖ «សុំអរគុណដល់សម្តេច និងរាជរដ្ឋាភិបាល ដែលបានចាក់ជូនប្រជាជនវៀតណាមដែលបានរស់នៅស្របច្បាប់នៅកម្ពុជា។ ខ្ញុំសុំអធ្យាស្រ័យផងដែរ ដោយខ្ញុំជាប់កម្មវិធី»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និយាយថា ការផ្តល់វ៉ាក់សាំងនឹងឈានទៅការទប់ស្កាត់រលកចម្លងក្នុងសហគមន៍ បើដំណើរការនេះប្រព្រឹត្តទៅដោយរក្សាបាននូវគម្លាតសុវត្ថិភាពសង្គម។

លោកបន្តថា៖ «អាជ្ញាធររដ្ឋដូចមិនដែលរើសអើងជាមួយបរទេសទេ មានតែរើសអើងជាមួយខ្មែរគ្នាឯង [មូលហេតុអី?] ដោយសារនិន្នាការនយោបាយ អ្នកប្រឆាំង អ្នកតវ៉ារឿងសង្គម​ច្រើនអីទៅ ត្រូវបានគេរើសអើង។ ខ្ញុំទទួលបានរបាយការណ៍ពីប៉ោយប៉ែតមួយ អ្នកខ្លះបានចាក់ អ្នកខ្លះគេរើសអើង អត់ឱ្យចាក់ទេ! អ្នកដែលអត់មានបញ្ជីលំនៅឋានច្បាស់ គេអត់ចាក់ឱ្យទេ អាហ្នឹងហើយជាការរើសអើង»។

លោក វន់ ពៅ បាន​អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនេះ ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងក្លាយជាយន្តការធានាសុខភាពសាធារណៈ អំឡុងពេលដែលជំងឺនេះកំពុងបន្តរីករាលដាលក្នុង​សហគមន៍នៅឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ដែរថា តាមការប៉ាន់ស្មាន តំបន់បិទខ្ទប់នៅរាជធានី​ភ្នំពេញ និងខេត្តមួយចំនួន អ្នក​ដែល​ត្រូវផ្តល់វ៉ាក់សាំងមានប្រមាណជា៣លាននាក់ ត្រូវប្រើវ៉ាក់សាំង៦លានដូស ខណៈវ៉ាក់សាំងដែលនៅក្នុងដៃមានជាង១លានដូស និងវ៉ាក់សាំង​​ជំនួយរបស់ចិនប្រភេទស៊ីណូហ្វាម មកដល់ថ្ងៃនេះ មាន​ចំនួន៤០ម៉ឺន​ដូសទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ