អាជ្ញាធរ​​ខេត្ត​​កោះកុង​ ​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​ចាក់​ដី​រំលោភ​ចូល​ព្រែក​តាតៃ

អាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពអាចម៍ដីដែលចាក់នៅមាត់ព្រែកតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តកោះកុង បានដាក់ឱសានវាទនិងព្រមានចាត់វិធានការច្បាប់ចំពោះអ្នកដែលបានចាក់ដីរំលោភចូល​«ព្រែកតាតៃ»ដោយខុសច្បាប់ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង។

ការព្រមាននេះបានធ្វើឡើងក្រោយ​រដ្ឋបាលស្រុកកោះកុង បានចុះទៅពិនិត្យមើលជាក់ស្តែងនៅទីតាំងដែលមានការចាក់ដីចូល​ព្រែកតាតៃដែលជាដីរបស់រដ្ឋ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន​នៅលើបណ្តាញសង្គម។

អភិបាលរងស្រុកកោះកុង លោក នួន ភារម្យ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា អ្នកដែលចាក់ដីរំលោភចូលព្រែកនោះមាន៣ម្ចាស់ ក្នុងនោះក៏មាន​មន្ត្រីរាជការផងដែរ។ លោកថា ពួកគេបាននាំគ្នាចាក់ដីរំលោភចូលព្រែកមានទំហំប្រហែលជាង២០ម៉ែត្រ ហើយថា សកម្មភាពចាក់ដីនោះធ្វើឡើង​ដោយ​គ្មាន​​​ច្បាប់អនុញ្ញាតឡើយ។

អាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពអាចម៍ដីដែលចាក់នៅមាត់ព្រែកតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

លោក​បន្ថែមថា ក្រោយរកឃើញមានកំហុស រដ្ឋបាលស្រុកកោះកុងបាន​ហៅអ្នកទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងដាក់ឱសានវាទរយៈពេល៣០ថ្ងៃ ឱ្យពួកគេកាយអាចម៍ដីចេញវិញឱ្យអស់ ហើយត្រូវដាំដើមឈើមួយចំនួនឡើងវិញផងដែរ។

លោកបញ្ជាក់​ថា៖ «ចំពោះបញ្ហានេះ ប្រសិនជា​បងប្អូននៅតែមិនអនុវត្តទៅតាមការណែនាំរបស់ក្រុមការងារនេះ​ទេ គឺយើងនឹងដាក់វិធានការឱ្យ​ឃុំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ការងារនេះគឺយើងឱ្យស្តារឡើងវិញ នូវអ្វីដែលពួកគាត់បានឈូសឆាយរបស់ធម្មជាតិនេះ។ ការរំលោភ២០ម៉ែត្រ គឺយើងឱ្យពួកគាត់ស្តារឡើងវិញ ហើយមិនឱ្យសាងសង់សំណង់រឹងអ្វីលើហ្នឹងទេ»

ពាក់ព័ន្ធការចាក់ដីចូលព្រែកនេះ មេឃុំតាតៃ លោក ធិន សម្បត្តិ មាន​ប្រសាសន៍​ថា អ្នកល្មើសមិនបានជូនដំណឹងដល់អាជ្ញាធរឃុំនោះទេ ហើយលោកក៏មិនបានដឹងមុនដែរ។ លោកថា ក្រោយអាជ្ញាធរចុះណែនាំរួច អ្នក​ចាក់​ដីចូល​ព្រែក​ទាំងនោះបានសន្យាកាយ​ដីទាំងនោះ​ចេញវិញ។

លោកបន្ថែមថា៖ «ពួកគាត់មិនបានជូនដំណឹងឬធ្វើលិខិតស្នើសុំធ្វើទេ ឥលូវយើងឱ្យគាត់កាយចេញវិញ ហើយសន្យាកាយអាចម៍ដីហើយ ហើយនឹងតាមដានការអនុវត្តរបស់គាត់ទៀត»

វីអូឌី មិនអាចរកការឆ្លើយតបពីអ្នកដែលរងការចោទថាចាក់ដីរំលោភចូលព្រែកទាំងនោះបានទេនៅថ្ងៃពុធនេះ ខណៈ​អាជ្ញាធរស្រុកនិងអាជ្ញាធរឃុំមិនបានបញ្ចេញអត្តសញ្ញាណអ្នកដែលចាក់ដីរំលោភចូលដីរដ្ឋនៅព្រែកតាតៃនេះទេ។​

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន មានប្រសាសន៍ថា នៅក្នុងខេត្តកោះកុង មានករណីជនខិលខូចលួចចាក់ដីរំលោភចូលព្រែក ចូលសមុទ្រ និងទន្ទ្រានយកដីព្រៃរបស់រដ្ឋជាច្រើនកន្លែង ដូចជា នៅតំបន់ក្រុងខេមរភូមិន្ទ នៅស្រុកគិរីសាគរ និងស្រុក​បទុមសាគរ ជាដើម។ លោកកត់សម្គាល់​ថា អ្នកល្មើសភាគច្រើនជាអ្នកមានលុយមានអំណាច។

អាជ្ញាធរស្រុកនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពអាចម៍ដីដែលចាក់នៅមាត់ព្រែកតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

មន្ត្រី​សិទ្ធិមនុស្សរូបនេះបន្តថា ពាក់ព័ន្ធការចាក់ដីរំលោភចូលព្រែក ចូលសមុទ្រ និងទន្ទ្រានដីព្រៃរបស់រដ្ឋនេះ កន្លងមក អាជ្ញាធរខេត្តចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះតែពលរដ្ឋក្រីក្រទេ ខណៈអ្នកមានលុយមានអំណាច បានត្រឹមតែព្រមាននិងឱ្យកាយអាចម៍ដីចេញវិញតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ដើម្បីរក្សាព្រៃ ព្រែក និងឆ្នេរសមុទ្រ បានគង់វង្ស អាជ្ញាធរខេត្តត្រូវតែមានចំណាត់ការឱ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតចំពោះអ្នកបំផ្លាញ ដោយមិនគិតថាជាអ្នកមានលុយមានអំណាច ឬជាបក្សពួករបស់ខ្លួននោះទេ។ អ៊ីចឹងកាលណាយើងមានចំណាត់ការច្បាប់ទៅលើបុគ្គលណាមួយដែលជាអ្នកមានលុយមានអំណាច អ៊ីចឹងបុគ្គលក្រោយៗទៀតដែលមានបំណងចង់ធ្វើទង្វើបែបហ្នឹងដែរ នឹងមិនហ៊ានឬក៏រអា​ក្នុងការធ្វើណាស់ អ៊ីចឹងវាអាចការពារធនធានធម្មជាតិទាំងអស់នោះបាន»

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អង្គការ​សង្គមស៊ីវិលនិងពលរដ្ឋ​បានរិះគន់អាជ្ញាធរខេត្តកោះកុង ដែល​ថា មិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិង​ព្រៃកោងកាង ស្ថិតក្នុង​ចំណុច​ភូមិ​ទួល​គគីរ​ក្រោម ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ