កម្មករ​ជិត​១៧០០​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ជាង​២០០​ឆ្លង​ជំងឺ​កូវីដ-១៩​

បុគ្គលិកសុខាភិបាលម្នាក់ឈរនៅក្រៅរោងចក្រ ឌីន ហាន ក្នុងថ្ងៃទៅយកធ្វើសំណាកធ្វើតេសត្តរកកូវីដ-១៩ ពីក្រុមកម្មកររោងចក្រ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ឱ្យដឹងថា កម្មករនិយោជិតជិត១ ៧០០​នាក់ ធ្វើការ​​នៅ​រោងចក្រជាង​២០០នៅតាមបណ្ដារាជធានី-ខេត្ត​មួយចំនួនបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងមានការផ្ទុះឡើងនូវការរីករាលដាលជំងឺនេះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ថ្លែងក្នុងសន្និសីទ​​សារព័ត៌មាននៅ​ព្រឹកថ្ងៃទី២៨ ខែមេសានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ​មានប្រសាសន៍ថា កម្មករនិយោជិតសរុប​​ចំនួន១ ៦៦៣នាក់ មាន​វិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះកម្មករនិយោជិត​ចំនួន១ ៥៩៨នាក់ធ្វើការនៅតាមរោងច្រកមួយចំនួន​ក្នុង​រាជធានីភ្នំពេញ ខណៈកម្មករ​ជាង១១ម៉ឺននាក់បានចាក់វ៉ាក់សាំងលើកទី១ និង​ជាង១ម៉ឺននាក់បានចាក់លើកទី២រួចហើយដែរ។

លោកបន្តថា គិតមកដល់ពេលនេះមានរោងចក្រចំនួន២០៦ដែលមានកម្មករនិយោជិតឆ្លង​ជំងឺកូវីដ-១៩ ក្នុងនោះ ១៣៤រោងចក្រនៅរាជធានីភ្នំពេញ និង ២៣​រោងចក្រនៅខេត្តកណ្ដាល។ ចំណែក ២៦រោងចក្រនៅខេត្តតាកែវ និង ១៦រោងចក្រនៅខេត្តព្រះសីហនុ ៤​រោងចក្រនៅ​ខេត្តស្វាយរៀង ១រោងចក្រ​នៅកំពង់ឆ្នាំង និង១​រោងចក្រទៀតនៅខេត្តកំពង់ចាម។

លោកបន្ថែមថា អំឡុងពេលនៃការបិទខ្ទប់នេះ ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ទាំង​អស់ ត្រូវ​ពិចារណា​ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់​កម្មករ​និយោជិត ក៏ដូចជា​បុគ្គលិក​របស់ខ្លួន។

លោកមានប្រសាសន៍ថា៖ «ពេលនេះជាពេលលំបាកទាំងអស់គ្នា ហើយជារួមគឺយើងមានស្មារតីមនុស្សធម៌ យើងមានស្មារតីសាមគ្គីភាព ក៏មានទំនួលខុសត្រូវសង្គម ក្នុងនាមជាក្រុមហ៊ុន រោងចក្រ សហគ្រាស។ ហើយកម្មករនិយោជិតនិងបុគ្គលិកទាំងអស់ក៏ជាផ្នែកមួយដែលបានជួយឱ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុន ឱ្យដំណើរការនិងរស់រានមានមកដល់បច្ចុប្បន្ននេះ។ នៅក្នុងអំឡុងពេលការបិទខ្ទប់ចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់៣០ ខែមេសា ឬស្ថិតក្នុងការពន្យារដំណាក់កាលណាមួយនោះ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ គឺត្រូវពិចារណា ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាបុគ្គលិករបស់ខ្លួន»។

ប្រធានសហភាពការងារកម្ពុជា លោន អាត់ ធន់ ជំរុញឱ្យរដ្ឋាភិបាលត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅកាន់កម្មករនិយោជិត។ លោកអះអាងថា ការឆ្លងជំងឺកូវីដ-១៩ ទៅលើកម្មករនេះបានគំរាមកំហែងទាំងអាយុជីវិត និងប៉ះពាល់ដល់ជីវភាពរបស់ពួកគេទៀតផង។

លោកមានប្រសាសន៍ថា៖ «នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ខ្ញុំគិតថា វាអាចនឹងប៉ះពាល់ខ្លាំងដល់ជីវភាពប្រចាំថ្ងៃ និងគំរាមកំហែងដល់ជីវិតរបស់កម្មករដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ