សាច់​ញាតិ​សព​អ្នក​ជំងឺ​កូវីដ-១៩​ ស្នើ​សុំ​យក​អដ្ឋិធាតុ​ក្រោយ​ពេល​បូជា​រួច​

អភិបាលស្រុកនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងឈាបនដ្ឋានត្រៀមសម្រាប់បូជាសពអ្នកជំងឺកូវីដ ស្ថិតនៅអង្គការដៃគូផ្ដល់មេត្តា ភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ)

ក្រុម​សាច់ញាតិសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ស្នើទៅអាជ្ញាធរនិងគ្រូពេទ្យដែលយកសពអ្នកកើតកូវីដ-១៩ទៅ​​បូជារួចហើយ ឱ្យផ្ដល់អដ្ឋិធាតុដល់ក្រុមគ្រួសារពួកគេវិញ ដើម្បីឱ្យពួកគា​ត់​យកមកទុកធ្វើបុណ្យតាម​ប្រពៃណីសាសនា បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល។

អ្នកស្រី ទេព សុភាព ដែលអះអាងថា ម្ដាយរបស់គាត់ស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ប្រាប់ វីអូឌី នៅថ្ងៃនេះថា អាជ្ញាធរនិងក្រុមគ្រូពេទ្យដែលយកសពម្ដាយគាត់ទៅបូជាកាលពីថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២១នោះ នៅមិនទាន់ផ្ដល់អដ្ឋិធាតុដល់ក្រុមគ្រួសារគាត់នៅឡើយ។

អ្នកស្រីបន្តថា គ្រួសាររបស់គាត់បានទាក់ទងទៅក្រុមគ្រូពេទ្យដែលមកយកសពម្ដាយរបស់គាត់ទៅបូជា ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយ។

លោកស្រីថា៖ «ខ្ញុំចង់បានតែអដ្ឋិធាតុម៉ែខ្ញុំមកវិញទេ បើថារួច[ចប់]កូវីដ ខ្ញុំមានលុយ ខ្ញុំធ្វើបុណ្យសង្ឃទានតិចតួច​ជាមួយបងប្អូនខ្ញុំនៅផ្ទះហ្នឹង ​អត់មានធ្វើអីធំដុំទេ។ និយាយទៅ ការពិបាកចិត្តចេះតែមានហើយ ចេះតែបារម្ភរហូត ​ខ្លាចគេមិនយកអដ្ឋិធាតុមកឱ្យវិញអ៊ីចឹង អត់មានអីធ្វើបុណ្យឱ្យគាត់អ៊ីចឹង»។

អ្នកស្រី ធឿន សុធារត្ន័ ដែលបញ្ជាក់ថាមានឪពុកស្លាប់ដោយសារជំងឺកូវីដ-១៩ដែរនោះ បានលើកឡើងថា អ្នកស្រីចង់ឱ្យក្រុមគ្រូពេទ្យរក្សាអដ្ឋិធាតុសពដែលបានបូជារួច ដើម្បីទុកឱ្យក្រុមគ្រួសារទៅយក បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កឬការព្យាបាលជំងឺកូវីដ-១៩។

ក្រៅពីរក្សាអដ្ឋិធាតុ អ្នកស្រីស្នើ​ដល់​ក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធដែល​​​យកសពអ្នកជំងឺកូវីដ-១៩ទៅបូជា ធ្វើការប្រកាសព័ត៌មានដើម្បីឱ្យក្រុមគ្រួសារបានដឹង ងាយស្រួលទៅយកធាតុមករក្សាទុកផងដែរ។ ​

អ្នកស្រីថា៖ «ខ្ញុំគិតថាធ្វើអ៊ីចឹងល្អ ​ព្រោះឱ្យក្រុមគ្រួសារគាត់មានទំនុកចិត្តនិងកម្លាំងចិត្តបន្តិចដែរ»។

អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ម៉ុក ធាវី មានប្រសាសន៍ថា អដ្ឋិធាតុសពអ្នកកើតកូវីដ-១៩ទាំងអស់ ខាងក្រុមគ្រូពេទ្យដែលយកសពទៅបូជានោះបានរក្សាទុកឱ្យគ្រួសារសព ប៉ុន្តែការមិនបានជូនដំណឹងទៅគ្រួសារ ដោយសារគ្រូពេទ្យជាប់​រវល់។

លោកថា៖ «គាត់សម្រាកនៅមន្ទីរពេទ្យណា ឱ្យគាត់ទំនាក់ទំនងនៅមន្ទីរពេទ្យហ្នឹង ដឹងព័ត៌មានហើយ! ​បើគាត់ស្លាប់នៅណា គាត់ទំនាក់ទំនងនៅខាងមន្ទីរពេទ្យហ្នឹង។ គាត់ទៅផ្ទាល់តែម្ដង ដល់មន្ទីរពេទ្យហើយទំនាក់ទំនងអ្នកគ្រប់គ្រង​នៅហ្នឹង ឱ្យគាត់ជម្រាបជូនបាន»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បាន​លើកឡើងលើគណនីហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ម្សិលមិញ​ថា អ្នក​ឆ្លងជំងឺ​​កូវីដ-១៩ មិនមែនជាអ្នកមានកំហុសឬ​ជាមនុស្ស​ដែលត្រូវបានគេដាក់ទណ្ឌកម្មនោះឡើយ។ លោកបន្តថា ក្រៅពីការជួយព្យាបាលនិងឧបត្ថម្ភពួកគាត់​នៅពេលមាន​ជីវិត មន្ត្រីសុខាភិបាលឬអាជ្ញាធរពាក់ព័ន្ធក៏ត្រូវមានការរៀបចំទុកដាក់បូជាសពឱ្យបានសមរម្យ​ទៅតាមប្រពៃណីផងដែរ នៅក្នុងករណីដែលគាត់ស្លាប់​បាត់បង់ជីវិត។

លោក​សរសេរថា៖ «ពួកគាត់ស្លាប់មិនមានបងប្អូនអាចនៅក្បែរបានទេ! ដូច្នោះ អ្នកពាក់ព័ន្ធក្នុងការរៀបចំបូជាសព មេត្តាផ្តល់នូវតម្លៃជាប្រពៃណីជូនពួកគាត់ផង ចៀសវាងការគ្រាន់​តែយក​សពចេញ​ពីមន្ទីរពេទ្យ រួចដឹកទៅដុតចោលដូចគល់ឈើ! ដូចករណីខ្លះ»។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ មកដល់ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ មានចំនួន៨២​នាក់ និងអ្នកឆ្លងជំងឺជំងឺនេះមានចំនួនជាង១០ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ