សហជីព​មួយ​អំពាវ​នាវ​​រក​ជំនួយ​ពី​សប្បុរស​ជន​ជួយ​ដល់​បុគ្គលិក​ក្រុមហ៊ុនណាហ្គាវើលដ៍ដែល​ខ្វះ​ខាត​

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក​កម្មករខ្មែរនៃ​​ក្រុមហ៊ុន ណាហ្គាវើលដ៍ អំពាវនាវដល់សប្បុរសជនជួយ​ឧបត្ថម្ភជាស្បៀងឬថវិកាដល់បុគ្គលិកមួយចំនួន​របស់​​ក្រុម​ហ៊ុនដែលកំពុងប្រឈមនឹងកង្វះខាតក្នុងជីវភាពរស់​នៅ ក្នុងអំឡុងមានវិបត្តិកូវីដ-១៩។​

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក​កម្មករខ្មែរនៃ​​ក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ឱ្យដឹងនៅថ្ងៃនេះ​ថា រយៈពេលជាង​មួយឆ្នាំហើយដែល​បុគ្គលិកក្រុម​ហ៊ុន​​នេះ​ជួបបញ្ហា​ប្រឈមក្នុងជីវភាពនិងខ្វះស្បៀង​​ ដោយ​សារ​តែក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក​ទៅតាមតម្រូវការ​​ជាក់​ស្ដែង ហើយ​រហូតមកដល់ពេល​នេះក៏មិនទាន់ឃើញមានការជួយណាមួយពីរដ្ឋាភិបាលនោះដែរ។

កញ្ញានិយាយថា៖ «រយៈពេលមួយឆ្នាំជាង ដោយសារវិបត្តិកូវីដ-១៩នេះ គឺថាបុគ្គលិកទូទៅក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង៨ ០០០នាក់ហ្នឹង គឺគាត់ធ្វើការអត់បាន១០០%ពេញដូចមុនកាលមុន​កូវីដទេ ដោយសារក្រុមហ៊ុនគាត់​ផ្ដល់ថ្ងៃធ្វើការឬម៉ោងធ្វើការហ្នឹងជាក់ស្ដែងទៅតាមអាជីពកម្មករត្រូវការ។ អ៊ីចឹងបុគ្គលិកទាំងអស់ហ្នឹង រយៈពេលមួយឆ្នាំ គាត់បាត់បង់ចំណូលពី៤០​ទៅ៦០% កន្លែងហ្នឹង​ហើយ​ធ្វើឱ្យប្រាក់បម្រុង​របស់គាត់គឺអត់មានច្រើនទេ ចំណែក​ការចំណាយរបស់គាត់នៅដដែល […]។»

កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សហជីពនេះបានចេញសេចក្តីប្រកាសស្វែង​​រកជំនួយពីសប្បុរសជននិងស្ថាប័ននានា ជួយឧបត្ថម្ភជាស្បៀងឬថវិកាដល់សមាជិកសហជីពរបស់ខ្លួនដែលកំពុង​ខ្វះខាតខ្លាំង​ អំឡុងមានវិបត្តិកូវីដ-១៩ និងស្របពេលមានការបិទខ្ទប់ក្រុងនេះ។

សេចក្តីប្រកាសនោះបន្តថា៖ «ជាពិសេសក្នុងរយៈពេលនៃការបិទខ្ទប់ទីក្រុងនាពេលនេះ ហើយតំបន់មួយចំនួនត្រូវបានបិទជាតំបន់ក្រហម ធ្វើឱ្យសមាជិកសហជីពមួយចំនួនធំប្រឈមនឹងវិបត្តិខ្វះស្បៀងជាខ្លាំង និងមិនមានប្រាក់បម្រុងសម្រាប់ទិញស្បៀងតាមតម្រូវការទៀតផង»។

បើតាមកញ្ញា ស៊ីថរ ក្រោយការអំពាវនាវស្វែងរកជំនួយនេះ សហជីពទទួលបានការជួយជាថវិកានិងអង្ករ​​ពីសប្បុរជនមួយចំនួន​ដែរ ក្នុងនោះក៏មានការរៃអង្គាសខ្លះ​ពីបុគ្គលិករបស់ក្រុម​ហ៊ុន ណាហ្គា ផ្សេងទៀតដែល​មានលទ្ធភាពក្នុងការជួួយដល់បុគ្គលិកដែលកំពុងខ្វះខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ