អ្នក​រត់​ស៊ីក្លូ​​និង​ម៉ូតូ​កង់​បី​ខ្លះ​​ថា​គ្មាន​ប្រាក់​ចំណូល ​និង​​រស់​ពឹង​អាហារ​​​សប្បុរស​ជន​​​អំឡុង​​​​ពេល​​​បិទ​​ខ្ទប់​​

ម៉ូតូ​កង់​បី​បំពាក់​ដោយ កម្មវិធី​កក់​សំបុត្រ​តាម​ទូរសព្ទ ចត​តម្រៀប​គ្នា​រង់ចាំ​អ្នកដំណើរ​ហៅ​ជិះ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ​)

អ្នកប្រកបរបរធាក់ស៊ីក្លូនិងរត់រ៉ឺម៉កកង់បីមួយចំនួនដែលពុំមានផ្ទះសម្បែង បាន​ត្អូញត្អែរពីផលលំបាកនិងការ​បាត់បង់ចំណូលទាំងស្រុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយពួកគាត់ខ្លះថា ការរស់នៅប្រចាំថ្ងៃពឹងលើជំនួយជាស្បៀងអាហារពីសំណាក់​សប្បុរសជនតែប៉ុណ្ណោះ។

អ្នកប្រកបរបរធាក់ស៊ីក្លូមួយរូបនៅរាជធានីភ្នំពេញ លោក ឈុន ថន ដែលតែងតែសម្រាន្តតាមចិញ្ចើមផ្លូវ​នៅម្តុំមន្ទីរពេទ្យព្រះអង្គឌួង និងត្រូវបានអាជ្ញាធរខណ្ឌដូនពេញលើកលែងឱ្យ​នោះ បានលើកឡើងថា ការបិទខ្ទប់​រាជ​ធានី​ភ្នំពេញមិនអនុញ្ញាត​ឱ្យមនុស្សចេញពីផ្ទះលើកលែងករណីចាំបាច់នោះ បាន​ធ្វើឱ្យអ្នក​ប្រកបរបររត់ស៊ីក្លូជាច្រើនបាត់បង់ចំណូល។ បច្ចុប្បន្ន លោក ថន រស់នៅដោយពឹងផ្អែកលើអំណោយមនុស្សធម៌ពីសប្បុរសជនតែប៉ុណ្ណោះ។

លោក​បាន​និយាយថា៖ «រាល់ថ្ងៃនេះ ពួកយើងញ៉ាំអាហារដែលគេបរិច្ចាគឱ្យ ព្រោះគ្មានអ្នកណាលក់នៅក្នុងផ្សារទៀតទេ។ ពេលខ្លះមានអ្នកជិះឡានឬក៏កង់បី មកជាមួយអាហារ។ យប់មិញ ខ្ញុំមិនមានអីហូបទេ ព្រោះមិនបានទទួលអំណោយ»។

ក្នុងអំឡុងពេលបិទខ្ទប់នេះ លោក ថន តែងអង្គុយនៅមុខផ្សារថ្មី ក្នុងខណ្ឌដូនពេញ ជាមួយនឹងស៊ីក្លូ​របស់​គាត់ រហូតដល់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌស្នើសុំឱ្យ​ចាក​ចេញ​ពីតំបន់នោះ​នៅម៉ោងប្រមាណ៥ល្ងាច។ លោកថា បើសិនជាដល់ពេលនោះ គាត់មិនទាន់ទទួលបាន​ជំនួយ​អាហារ​ទេ គាត់​នឹង​ត្រូវ​ដាច់​បាយ។

លោក​បន្ថែម​ថា៖ «យើងអង្គុយនៅទីនោះពេញមួយថ្ងៃ ហើយបើមានគេអាណិត គេឱ្យអាហារខ្លះៗយើងហូប»។

វិធានការថ្មីនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្តាល រដ្ឋាភិបាល​បានសម្រេច​​បន្ត​រហូត​ដល់ថ្ងៃទី​៥ ខែ​ឧសភា និង​បានចែករាជធានីភ្នំពេញជា៣តំបន់ រួមមាន តំបន់​ក្រហម ដែលបន្ត​​​ការរឹតត្បិតខ្លាំងនិង​រារាំងស្ទើរតែគ្រប់ការធ្វើដំណើរទាំងអស់ ដោយសារតំបន់នេះមានការឆ្លងរាលដាលធ្ងន់ធ្ងរនូវជំងឺកូវីដ-១៩។ ដោយឡែក តំបន់លឿនទុំ មានការរឹតត្បិតតិចជាងតំបន់ក្រហម ដោយសារ​ការឆ្លងរាលដាលជំងឺនេះមានកម្រិតមធ្យម និង តំបន់លឿង មានការអនុញ្ញាតឱ្យ​ធ្វើដំណើរ ប៉ុន្តែនៅបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់ដល់​ម៉ោង៥ភ្លឺ​។

អ្នករត់ស៊ីក្លូម្នាក់ទៀត លោក ងួន សុខ អាយុ៨២ឆ្នាំ បាន​​​និយាយថា អំឡុងពេលបិទខ្ទប់នេះ រូបគាត់ក៏មិនអាចរកចំណូលសម្រាប់ចាយវាយប្រចាំថ្ងៃបានដែរ។ លោក​បន្តថា ក្រៅពីការធ្លាក់ចុះចំណូល រូប​គាត់តែងត្រូវបានអាជ្ញាធរ​បណ្តេញ​ចេញ​ពីកន្លែង​ដែល​គាត់​សម្រាន្តនៅតាមចិញ្ចើមផ្លូវ​ ដោយ​ពេល​ខ្លះ​មានការ​​ប្រើ​រំពាត់​ឫស្សីគំ​រាម​រូប​គាត់​ផង​ដែរ។

លោកបានបញ្ជាក់ថា៖ «ពួកគេព្រមានយើងថា ពួកគេនឹងរឹបអូសស៊ីក្លូរបស់យើង។ ពួកគេអត់ដឹងទេថា​យើងក្រប៉ុណ្ណាទេ! កូវីដជាបញ្ហាមួយហើយ ហើយមួយទៀតនោះគឺអត់អីហូប។»

បុរសវ័យចំណាស់រូបនេះបន្ត​ថា ក្នុងអំឡុងពេលបិទខ្ទប់នេះ រូបគាត់មានក្តីបារម្ភខ្លាច​ត្រូវ​អាជ្ញាធរ​​ក្នុង​តំបន់​ឃាត់​ខ្លួននិង​រឹបអូសយកសម្ភាររបស់​គាត់ ខណៈលោកអះអាង​ថា កាលពីប៉ុន្មានថ្ងៃ​មុ​ន អ្នករត់​ស៊ីក្លូនិងរ៉ឺម៉កកង់បីដែលគាត់ស្គាល់ត្រូវ​បា​នសមត្ថកិច្ចនាំខ្លួនទៅ ហើយពុំទាន់ដោះលែងនៅឡើយទេ។

ចំណែកអ្នករត់ម៉ូតូកង់បីមួយរូប​​នៅរាជធានីភ្នំពេញ លោក តុង សាថៃ បាននិយាយថា លោក​​​បាន​អនុវត្តទៅតាមវិធានការច្បាប់ក្នុងអំឡុងពេលបិទខ្ទប់នេះ ខណៈដែល​លោក​​មានឯកសារអនុញ្ញាតឱ្យធ្វើដំណើរ​​ឆ្លងកាត់​ប៉ុស្តិ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរក្នុងតំបន់​លោករស់នៅ។

តែយ៉ាងណា លោកថា ទោះ​បីជាអាជ្ញាធរក្នុងតំបន់ខ្លះអនុញ្ញាតឱ្យ​​គាត់ធ្វើដំណើរ​ឆ្លងកាត់ ក៏ប៉ុន្តែ​​អាជ្ញាធរ​ក្នុង​តំបន់​មួយចំនួនទៀតមិនអនុញ្ញាតឱ្យគាត់ឆ្លង​កាត់ទេ ដែលធ្វើឱ្យ​​គាត់មិនអាច​ដឹកភ្ញៀវ ​ទំនិញ និង​អាហារបានឡើយ។

លោក​បាន​បន្ថែម​​ថា៖ «នៅពេលដែលខ្ញុំបង្ហាញកាតទៅអាជ្ញាធរ គាត់សុំឱ្យ​​ខ្ញុំត្រឡប់ទៅវិញ។ អ្នក​ផ្សេង​ទៀត​ស្នើសុំឱ្យខ្ញុំជិះ​ក្នុង​ទិស​ដៅផ្សេង។ យើងត្រូវធ្វើតាមអាជ្ញាធរ»។

លោក សាថៃ ក៏បានត្អូញត្អែរពីចំណូលធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលបិទខ្ទប់នេះ និងពិបាកក្នុងការស្វែងរកស្បៀងអាហារសម្រាប់ទទួលទាន ដោយសារទីតាំងលក់អាហារស្ទើរទាំងអស់បានបិទ។

លោកថា៖ «នៅពេល​សំបក​កង់​ម៉ូតូ​មិន​វិល​ វាមានន័យថា យើងរកលុយអត់បានដែរ។ ដូច្នេះយើងអត់ហ៊ាន​ទិញម្ហូប​ទេ​ ដោយសារតែយើងរកមិនបាន»។

លោក ប៊ុនពេជ្រ ជា​អ្នករត់​​ម៉ូតូកង់បីម្នាក់ទៀត បាននិយាយថា គាត់​ពុំ​​មាន​ឯកសារ​សម្រាប់​ឆ្លង​កាត់​កន្លែងត្រួត​​ពិនិត្យរបស់​អាជ្ញាធរនោះទេ។ ករណីនេះ គាត់​អាច​ទទួល​តែ​ភ្ញៀវ​​ដែលធ្វើដំណើរឆ្លងកាត់​តែក្នុងខណ្ឌដូនពេញ​ប៉ុណ្ណោះ ដែលធ្វើឱ្យ​ចំណូលប្រចាំថ្ងៃ​របស់គាត់ធ្លាក់ចុះខ្លាំង។

បុរសរូបនេះបន្តថា លោក​ពុំមានផ្ទះស្នាក់អាស័្រយក្នុងរាជធានីភ្នំពេញនោះទេ​ ពោលគឺគាត់​សម្រាកនៅលើម៉ូតូកង់បីនៅពេលយប់ ប៉ុន្តែនៅពេលមានការបិទខ្ទប់នេះ អាជ្ញាធរមិនអនុញ្ញាតឱ្យ​មានការសម្រាកនៅតាមដងផ្លូវទៀតឡើយ។

លោកបន្ថែមថា៖ «ឥលូវនេះ យើងត្រូវរកកន្លែងគេងដែលបិតបាំងនិងស្ងប់ស្ងាត់ ព្រោះ​ខ្លាចអាជ្ញាធរនិង​សន្តិសុខមក​បណ្តេញ​ចេញ​ឬចាប់»។

ជុំវិញករណីនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរ​បាន​ត្រៀម​រួច​ជាស្រេច ដើម្បីជួយពួកគេទាំងនោះហើយ។

លោកនិយាយថា៖ «ខ្ញុំមានយន្តការគ្រប់គ្រាន់ហើយ ចង់ច្បាស់ឱ្យគាត់ទាក់ទងទៅខណ្ឌសាម៉ី ខណ្ឌដែលគាត់រស់នៅ គេនឹងចាត់ចែងជូនគាត់ហើយ»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលត្រូវដោះស្រាយករណីនេះជាបន្ទាន់ ដើម្បីកុំមានការដាច់ស្បៀងអាហារកើតឡើងចំពោះពួកគាត់។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែមានដំណោះស្រាយឱ្យគាត់ជាបន្ទាន់ទៅ ដើម្បីកុំឱ្យគាត់ដាច់ស្បៀងដាច់អាហារ ព្រោះគាត់សង្ឃឹមទៅលើអ្វីដែលជាការជួយរបស់រាជរដ្ឋាភិបាលហ្នឹង​ហើយ សប្បុរសធម៌អីបានតិចតួចតែប៉ុណ្ណោះ»។

លោកបន្តថា អ្នកប្រកបរបរក្រៅប្រព័ន្ធ រត់រ៉ឺម៉កកង់បីនិងស៊ីក្លូមួយចំនួនប្រឈមកាន់តែខ្លាំង ដោយសារពួកគេគ្មានផ្ទះសម្បែងឬកន្លែងស្នាក់នៅសមរម្យផងដែរ។  ​

លោកបន្ថែមថា៖ «ពួកគាត់ពិបាករស់នៅ អ្នកខ្លះអត់មានផ្ទះសម្បែងអ៊ីចឹង ដេកលើរ៉ឺម៉ក ត្រូវបានគេដេញអ៊ីចឹងទៅ ឬក៏ដេកតាមចិញ្ចើមផ្ទះរបស់គេ។ អ្នកមួយចំនួនជួលផ្ទះគេ អ៊ីចឹងគាត់ផលលំបាកអស់ថ្លៃជួលផ្ទះ ហើយអាហារហូបចុកប្រចាំថ្ងៃ ហើយលុយបង់ធនាគារបង់អីទៅ អាហ្នឹងបញ្ហាលំបាកហើយ។ មកដល់ពេលនេះឃើញថា រដ្ឋបានជួយតិចតួចតែប៉ុណ្ណោះ ពួកគាត់ជាច្រើនទៀតនៅមិនទាន់មានការឧបត្ថម្ភពីអាជ្ញាធររដ្ឋនៅឡើយ ត្រូវរង់ចាំ។ ក្នុងស្ថានភាពបែបនេះ អ្នកខ្លះសឹងតែដាច់អាហារម្ដងៗហើយ ដាច់ស្បៀងអាហារហូបចុកប្រចាំថ្ងៃ អ៊ីចឹងសង្ឃឹមតែលើរដ្ឋប៉ុណ្ណោះឯង»។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ក្នុងការបន្តជួយ និងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលត្រូវបានរោងចក្រព្យួរការងារចាប់ពីខែមេសាដល់ខែមិថុនា។

លើសពីនេះ រដ្ឋបានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចអំឡុងពេលវិបត្តិជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ