អាជ្ញាធរ​​ថា​ពលរដ្ឋ​​នៅ​​ភូមិ​មួយ​ដែល​តវ៉ា​នោះ​​មិន​មែន​​​​​​ខ្វះ​ស្បៀង​​ តែ​តវ៉ា​​​​​ចង់​ចេញ​​​ពី​​​តំបន់​​​បិទ​​​​​ខ្ទប់​

ស្លាកសរសេរថា «ភូមិខ្ញុំដាច់បាយហើយ» ដែលយកដាក់លើរបាំងដែកដោយពលរដ្ឋមួយចំនួនក្នុងភូមិភ្នាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ អំឡុងពេលតវ៉ាដោយថាបញ្ហាប្រឈមនឹងកង្វះស្បៀងកំពុងកើតឡើងក្រោយបិទខ្ទប់ដាក់ជាតំបន់ក្រហម ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អភិបាលរងខណ្ឌមានជ័យ អះអាងថា ការតវ៉ារបស់ពលរដ្ឋមួយចំនួនក្នុងភូមិព្នៀត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ដែលជាតំបន់ក្រហមនោះ ​​គ្រាន់តែជាលេសដើម្បីចេញពីទី​តាំងបិទខ្ទប់ មិនមែនដោយសារ​បញ្ហា​ខ្វះស្បៀង​នោះ​ទេ​។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋ​ជាច្រើនគ្រួសាររស់​នៅក្នុងភូមិព្នៀត បាន​ប្រមូលផ្ដុំគ្នាតវ៉ាកាលពីល្ងាចថ្ងៃម្សិលមិញ ដើម្បីទាមទារឱ្យ​អាជ្ញាធរ​ផ្តល់ស្បៀងអាហារ​ ក្រោយពីអាជ្ញាធរបានយកប៉ារ៉ាស់បិទខ្ទប់មិនឱ្យពួកគេចេញពីតំបន់ដែលកំពុងរស់នៅ។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ប្រាប់ វីអូឌី នៅថ្ងៃ​នេះថា ការតវ៉ារបស់ពលរដ្ឋមួយចំនួនក្នុងភូមិព្នៀតនេះ ​មិនមែនដោយសារ​បញ្ហាខ្វះស្បៀង​នោះ​ទេ​ ព្រោះ​អាជ្ញាធរ​ទើប​​នឹង​ចែក​ស្បៀងដល់ពលរដ្ឋនៅក្នុងភូមិនេះជាង៤០​គ្រួសារ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោក​បន្ត​ថា មូលហេតុដែលអាជ្ញាធរចែកស្បៀងតែពលរដ្ឋជាង៤០​គ្រួសារ ដោយ​សារពលរដ្ឋ​ទាំង​នោះពិតជាខ្វះខាត​​ស្បៀងអាហារពិត​មែន។ ដោយ​ឡែក​ សម្រាប់គ្រួសារមួយចំនួន​ទៀតដែលអាជ្ញាធរ​​មិនបានផ្តល់ស្បៀងឱ្យ ដោយសារតែ​អាជ្ញាធរមើលឃើញថា ពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយស្បៀងដោយខ្លួន​ឯងបាន​។

លោកថា៖ «ទីតាំងនេះមិនមែនជាបញ្ហាចោទក្នុងការខ្វះស្បៀងទេ ​ពីព្រោះថា ទីកន្លែងរបស់គាត់ហ្នឹងគឺជីវភាពសមរម្យ។​ ហើយទី២ យើងពិនិត្យឃើញថា ​មានតែ៣០ទៅ៤០​គ្រួសារ​ទេដែល​ត្រូវយើង​ផ្ដល់ ហើយកន្លែងនេះយើងបានផ្ដល់ហើយ។ ដូចអ៊ុំម្នាក់ដែលគាត់រុញរទេះមកតវ៉ាដែរ យើង​មានទាំងរូបថត គាត់មើលហើយគាត់ក៏រុញរទះទៅវិញ យើងបានផ្ដល់អំណោយជូនគាត់តាំងពីថ្ងៃទី១៩ ខែមេសា​មក ប៉ុន្តែ​វាមិនមែនជាបញ្ហាចោទនៅក្នុងការខ្វះស្បៀងអាហារទេ។ ការខ្វះស្បៀងអាហារគ្រាន់តែជាលេសរបស់ពួកគាត់ទេ គឺគាត់ចង់ចេញទៅក្រៅតែម្ដង​ ហើយអាជ្ញាធររបស់អ្នកនៅតំបន់ក្រហម គឺមិនអនុញ្ញាតទេ »។

ក្រោយពីពលរដ្ឋតវ៉ានោះ អភិបាលរងខណ្ឌមានជ័យរូបនេះបញ្ជាក់​ថា អាជ្ញាធរបានយកស្បៀង​អាហារទៅចែកដល់ពលរដ្ឋនៅតំបន់នោះ​ចំនួន៣០០​គ្រួសារបន្ថែមទៀត។

ពលរដ្ឋនៅភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ២ ដែលបានចេញតវ៉ាដើម្បីសុំស្បៀងអាហារ អ្នកស្រី ម៉ឺន សាម៉ន លើកឡើងថា គ្រួសាររបស់ពួកគាត់ទទួលបានស្បៀងហើយនៅថ្ងៃនេះ ក្រោយការតវ៉ា​​។ អ្នកស្រីបន្តថា ពួកគាត់មិន​ចង់ប្រមូលផ្ដុំគ្នាតវ៉ាទេ ដោយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែប្រសិនជាមិនតវ៉ានោះ ពួកគាត់នឹងមិនទទួលបានស្បៀងអាហារឡើយ។

អ្នកស្រីថា៖ «ខ្ញុំអត់យល់គាត់ថាតំបន់ហ្នឹងធូរធារ ដូចថាមានផ្ទះឯកឧត្ដម ម៉ម នាង​ គាត់មាន ហើយគាត់មានផ្ទះជួលប៉ុន្មានល្វែង​នៅខាងមុខហ្នឹង សុទ្ធតែផ្ទះជួល​ឯកឧត្ដម ម៉ម នាង គាត់មានភូមិគ្រឹះធំ​ ប៉ុន្តែអ្នកនៅតាមជួររបងគាត់សុទ្ធតែអ្នកអត់​ ហើយយកមកបូកជាមួយអ្នកមានដែរ ខ្ញុំមិនយល់​។ អ៊ីចឹងបានថា ខ្ញុំចង់ឱ្យចុះមកមើលជាក់ស្ដែងក្រឬមានជីវភាពធូរធារ មើលទៅដឹងហើយ ព្រោះផ្ទះខ្លះគេមានលទ្ធភាព គេមិនយកទេ»។

ពលរដ្ឋម្នាក់ទៀត កញ្ញា យឹម បុប្ផា ដែលនៅភូមិព្នៀតដែរនោះ​បានលើកឡើងថា ពួកគាត់មិន​ទាន់​ទទួល​បាន​អំណោយរបស់រដ្ឋាភិបាលនៅឡើយចាប់តាំងពីមានការ​បិទខ្ទប់មក​។ កញ្ញាបន្តថា អំណោយរដ្ឋាភិបាលដែលអាជ្ញាធរយកទៅចែកឱ្យពលរដ្ឋនៅព្រឹកមិញនេះ គឺចែកតែពលរដ្ឋដែលបានតវ៉ាកាលពីម្សិលមិញតែប៉ុណ្ណោះ។

កញ្ញាថា៖ «គំនិតខ្ញុំ តំបន់ក្រហមដាក់ជាតំបន់ខ្លាំងជាងគេ អ៊ីចឹងគាត់គួរតែគិតគូរពីតំបន់ហ្នឹងឱ្យខ្លាំងជាងគេ ព្រោះពេលដែលគាត់បិទ គាត់មិនបានប្រាប់មុន១​ថ្ងៃឬ​២ថ្ងៃ​ ដើម្បីឱ្យយើងត្រៀមស្បៀងដែរ។​ អ៊ីចឹងគាត់ត្រូវផ្ដល់ឱ្យតំបន់ក្រហម ហើយគាត់អត់មាន​ត្រូវ​ប្រកាន់ថាអ្នកមានឡានជិះ អ្នកមានផ្ទះនៅទេ សំខាន់ស្បៀងគឺវាប្រហែលគ្នា។ តែគាត់បិទ គេក៏មិនអាចចេញទៅណាបានដែរ»។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ឱ្យដឹងថា ក្នុងតំបន់ក្រហម​នៃខណ្ឌមានជ័យមានពលរដ្ឋប្រហែល​៤០ ០០០​គ្រួសារ ​ក្នុងនោះ ពលរដ្ឋដែលទទួលបានស្បៀងដែលអាជ្ញាធរ​ចែកឱ្យ​​មាន​ចំនួន២០ ០០០​គ្រួសារ គិតត្រឹមថ្ងៃនេះ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល រយៈ​ពេល១សប្តាហ៍បន្ថែម​ទៀត ក្នុងនោះក៏​មាន​​ការ​​​បែង​ចែក​តំបន់មួយ​ចំនួន​​ជា ​«តំបន់​ក្រហម» «តំបន់​លឿង​ទុំ» និង «តំបន់​លឿង» ដើម្បីប្រយុទ្ធនិង​​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ