ភ្ញៀវទេសចរក្នុងស្រុកងើបឡើងវិញជិត៩ពាន់នាក់ក្រោយបើកបម្រាមគោចរឆ្លងខេត្ត

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានខេត្តព្រៃវែង ចុះត្រួតពិនិត្យចរាចរណ៍ដោយអនុវត្តតាមគោលការណ៍រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រៃវែង)

ក្រសួងទេសចរណ៍ ឱ្យដឹងថា លំហូរភ្ញៀវទេសចរក្នុងស្រុកបានងើបឡើងវិញបន្តិច ក្រោយ​បើកបម្រាមគោចរឆ្លងខេត្ត និងបើក​ឱ្យ​ដំណើរការឡើងវិញនូវ​រមណីយដ្ឋានទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

ក្រសួងទេសចរណ៍បានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេស​ប៊ុក​របស់ខ្លួន​នៅថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២១ ដោយ​​ស្រង់​​សម្ដីរបស់​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ឱ្យ​ដឹង​ថា គិតត្រឹម​​សប្តាហ៍ទី១​ ​ចាប់​ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២១នេះ​​ កម្ពុជា​ទទួលបានភ្ញៀវទេសចរ​ក្នុងស្រុក​ជិត៩ពាន់នាក់ (៨ ៩៦០នាក់​) ដោយ​​ភ្ញៀវទេសចរទាំងនោះបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍​នានាក្នុងប្រទេស។

ប្រភពដដែលបន្តថា ការងើប​ឡើងវិញ​នូវចំនួនភ្ញៀវទេសចរក្នុងស្រុកនេះ ក្រោយពេល​​បម្រាមគោចរ​មិនឱ្យពលរដ្ឋ​ឆ្លង​ពីខេត្តមួយទៅកាន់ខេត្តមួយទៀត​ និងការបិទ​តំបន់​ទេស​ចរណ៍​ទូទាំង​ប្រទេស ត្រូវបានបញ្ចប់​​។​

បើតាមលោក ថោង ខុន ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​ជិត​៩ពាន់នាក់នេះ ​គឺមានភ្ញៀវ​​ទេស​ចរ​បរទេស​​ជាង២០០នាក់​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ចប់បម្រាមគោចរ​ឆ្លងពីខេត្តមួយទៅខេត្តមួយ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស​​ កាល​ពី​ថ្ងៃ​ទី២៥ ខែមេសា។ លោកបានលើកឡើង​នៅក្នុងសេចក្តីសម្រេចនោះ​​ថា ការ​បញ្ចប់បម្រាមនេះ ដើម្បី​សម្រួល​ដល់​វិស័យ​ទេស​ចរណ៍ សេវាកម្ម ការធ្វើអាជីវកម្ម និងការដឹកជញ្ជូន​ទំនិញ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ