រដ្ឋាភិបាលព្រមានជាថ្មីថា នឹងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលរិះគន់និងបំផុសព័ត៌មានក្នុងន័យញុះញង់និងបង្កើតចលាចលសង្គម រួមទាំងរិះគន់រឿងពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ខ្វះស្បៀងអាហារ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា មានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់និងបង្កើតភាពចលាចល ក្នុងពេលកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកការផ្សព្វផ្សាយទាំងនោះ ថាជាទង្វើវាយប្រហារនិងរំលោភច្បាប់ និងបានព្រមានចាត់វិធានការផ្លូវច្បាប់ដោយពុំលើកលែង ប្រសិនបើរកឃើញនៅមានអ្នកបន្តផ្សព្វផ្សាយព័ត៌មានបែបនេះទៀត។
អង្គភាពដដែលនេះក៏បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខ អាចទាក់ទងទៅកាន់ប្រព័ន្ធទូរសព្ទមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលក្រុងតាខ្មៅ រួមនឹងអង្គភាពនេះផ្ទាល់ផងដែរ។
ស្របពេលគ្នានេះដែរ ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ស្បៀងអាហារជាបន្ទាន់ដល់កម្ពុជា ដោយលោកថា ដើម្បីចៀសវាងសោកនាដកម្មទុរភិក្សដូចកាលសម័យខ្មែរក្រហម។
សំណេរជាភាសាអង់គ្លេសកម្រាស់មួយទំព័ររបស់លោក សម រង្ស៊ី បានលើកឡើងថា ប្រទេសកម្ពុជាពិតជាត្រូវការជំនួយជាបន្ទាន់ពីអន្តរជាតិ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការខ្វះស្បៀងរបស់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ។ លោកបន្ថែមថា ប្រសិនបើពុំមានកិច្ចអន្តរាគមន៍ផ្នែកជំនួយណាមួយពីអន្តរជាតិទេ ភាពខ្វះខាតស្បៀងនឹងបន្តកើនឡើងកាន់តែខ្លាំងថែមទៀត ស្របពេលដែលរដ្ឋាភិបាលបាននិងកំពុងបិទខ្ទប់តំបន់ខ្លះ។
ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ដែលកំពុងហ៊ុមព័ទ្ធទៅដោយបណ្តឹងជាច្រើនករណី បានហៅវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា ថាធ្វើឡើងផ្ទុយពីបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានទេ ឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមេបក្សប្រឆាំងរូបនេះ នៅថ្ងៃចន្ទនេះ។
ពាក់ព័ន្ធនឹងបញ្ហាខ្វះស្បៀងនេះដែរ អ្នកស្រី ហុក ណាវី ជាពលរដ្ឋម្នាក់អះអាងថារស់នៅក្នុងតំបន់ក្រហម ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា គាត់បានផ្ញើសារនិងលេខទូរសព្ទទៅក្នុងតេឡេក្រាមរបស់គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានការបិទខ្ទប់ «គ.ប.ខ» ជិតមួយខែហើយ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមិនទាន់យកស្បៀងចែកជូនពួកគាត់ដែលរស់នៅផ្ទះជួលនៅតំបន់នេះទេ។
អ្នកស្រីស្នើទៅរដ្ឋាភិបាលជួយផ្តល់ស្បៀងជូនពួកគាត់ឱ្យបានលឿនផង ខណៈពួកគាត់កំពុងប្រឈមនឹងបញ្ហាដាច់ស្បៀង និងបញ្ហាប្រឈមនានាមួយចំនួនទៀត។
អ្នកស្រីស្នើដូច្នេះថា៖ «ជួយអ្វីក៏បានដែរ ចង់និយាយថា អាហារហូប សុំឱ្យគាត់ជួយថវិកាបន្តិចបន្តួចមក គ្រាន់ទប់ទល់ដល់ថ្ងៃគេបើកផ្លូវវិញ។ ព្រោះមិនប្រាកដថា ផ្លូវហ្នឹងប៉ុន្មានថ្ងៃបើកដែរ ព្រោះមិនទាន់ប្រាកដទេ ព្រោះវានៅតែក្រហមនៅហ្នឹង ហើយពួកខ្ញុំសុទ្ធតែជាអ្នកមកពីខេត្ត មកជួលបន្ទប់គេនៅភ្នំពេញ។ ពេលយើងមិនរកស៊ី យើងមិនមានចំណូលចូល ណាមួយត្រូវចំណាយថ្លែបន្ទប់ជួលផង ថ្លែទឹកភ្លើងផង ហើយនិងអាហារហូបប្រចាំថ្ងៃផង»។
អង្គការលើកលែងទោសអន្តរជាតិ Amnesty បានប៉ាន់ប្រមាណថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណ៣០ម៉ឺននាក់កំពុងរស់នៅក្នុងតំបន់ក្រហម ហើយថ្មីៗនេះ ដោយសារភាពខ្វះខាតស្បៀងអាហារ កម្មករនិងពលរដ្ឋមួយចំនួននៅក្នុងខណ្ឌមានជ័យ បាននាំគ្នាប្រមូលផ្តុំតវ៉ាស្នើឱ្យអាជ្ញាធរផ្តល់ស្បៀងដល់ពួកគាត់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនៃការបិទខ្ទប់នេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀងកាន់តែមានវិសាលភាពរីកធំទៅៗ។
លោកបន្ថែមថា៖ «គណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលក៏បានបង្ហាញថា តម្រូវការនេះវាកាន់តែធំទៅៗពីគ្រប់កន្លែងទាំងអស់។ អ៊ីចឹងហើយបានជាយើងឃើញមកដល់ពេលនេះ ការជួយរបស់រដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការហ្នឹង ទំនងដូចជាមានកម្រិត ដែលមិនអាចឆ្លើយតបទៅនឹងតម្រូវការទាំងស្រុងដែលពលរដ្ឋកំពុងតែត្រូវការ»៕