អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃនេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ជិត៥ឆ្នាំមកនេះ ដែលនោះជាការព្រួយបារម្ភដល់ការគំរាមកំហែងទៅលើយន្តការជំរុញអភិបាលកិច្ចល្អ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ។
ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានថ្លែងក្នុងកិច្ចពិភាក្សាតាមអនឡាញ ក្នុងទិវាសារព័ត៌មានពិភពលោកនៅថ្ងៃនេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលបានបញ្ឈប់ការផ្សាយរបស់សារព័ត៌មានឯករាជ្យមួយចំនួនកាលពីខែសីហា ឆ្នាំ២០១៧មក។
លោក ប៉ា ងួនទៀង បានគូសបញ្ជាក់ថា ការបញ្ឈប់ការផ្សាយនៅពេលនោះ CCIM ក៏បានក្លាយជាអ្នករងគ្រោះមួយនិងដំបូងគេបង្អស់ក្នុងចំណោមស្ថាប័នសារព័ត៌មានឯករាជ្យដទៃទៀត ដោយគ្មានហេតុផលច្បាស់លាស់។
លោកថា៖ «ចំពោះខ្ញុំ ខ្ញុំមានទស្សនថា នៅក្នុងសង្គមណាក៏ដោយនៅពេលដែលមានការរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងៗ គឺសង្គមនោះវាកាន់តែបាត់បង់នូវការគ្រប់គ្រងបែបអភិបាលកិច្ចល្អ […] ហើយនៅពេលនោះដែរ សង្គមនេះបានប្រើប្រាស់នូវអំណាចផ្តាច់ការធ្វើជាមធ្យោបាយក្នុងការធ្វើសេចក្តីសម្រេចឬក៏ចាត់ការទៅលើបញ្ហាសង្គមផ្សេងៗ»។
លោកបានរំឭកថា របាយការណ៍របស់ CCIM ដែលបានសម្ភាសអ្នកសារព័ត៌មានឯករាជ្យក្នុងឆ្នាំ២០២០ បង្ហាញថា អ្នកសារព័ត៌មាន៩៥,៥ភាគរយ ឆ្លើយថា ពួកគេបារម្ភអំពីការធ្វើព័ត៌មានរឿងអាស្រូវនៃអំពើពុករលួយ។
ក្នុងនោះ ជិត៩០ភាគរយ (៨៩,៧២%) ឆ្លើយថា បារម្ភអំពីការធ្វើព័ត៌មានរឿងបទល្មើសព្រៃឈើ និង ៨៥,០៥ភាគរយ បារម្ភអំពីការធ្វើព័ត៌មានពាក់ព័ន្ធនឹងធនធានធម្មជាតិនិងបញ្ហានយោបាយ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី កត់សម្គាល់ដែរថា រយៈពេលមួយឆ្នាំចុងក្រោយនេះ មានអ្នកសារព័ត៌មានខ្លះមិនបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងអ្នកសារព័ត៌មានលើសពី៥០ភាគរយកំពុងរងការគំរាមកំហែង បើទោះបីពួកគេគោរពវិជ្ជាជីវៈអ្នកសារព័ត៌មានហើយក៏ដោយ។
លោកបានគូសបញ្ជាក់ថា តាមការតត់ត្រារយៈពេល១ឆ្នាំចុងក្រោយ មានអ្នកសារព័ត៌មានរងការគំរាមកំហែងតាមការប្រើប្រាស់ផ្លូវច្បាប់មាន៦ករណី ក្នុងឆ្នាំ២០២០ កើតលើអ្នកសារព័ត៌មាន៨រូប ការប្រើប្រាស់ហិង្សាមាន១១ករណីលើអ្នកសារព័ត៌មាន២២រូប ការចាប់ឃុំឃាំងពី៧ទៅ៨ម៉ោងនៅថ្នាក់មូលដ្ឋានមាន៣ករណីលើអ្នកសារព័ត៌មាន១១រូបដែលបានធ្វើសេចក្តីរាយការណ៍ហើយចូលទៅតំបន់ក្រុមហ៊ុនឯកជន និង ១៥ករណីលើអ្នកសារព័ត៌មាន៣១រូបត្រូវបានចាប់ដាក់ពន្ធនាគារ ក្នុងនោះមានករណីខ្លះពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួន។
លោកថា៖ «ចាប់ពីឆ្នាំ២០១៧មក សេរីភាពសារព័ត៌មានយើងបានធ្លាក់ចុះជាបន្តបន្ទាប់ បើសិនជាយើងមិនទទួលស្គាល់អំពីការធ្លាក់ចុះទេ គឺយើងមិនដឹងថាយើងនៅកន្លែងណាទេ តែយើងទទួលស្គាល់ហើយ បើយើងចាប់ផ្តើមធ្វើកិច្ចការនេះរួមគ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ ធ្វើឱ្យមានភាពល្អប្រសើរឡើងវិញ ឱ្យស្របទៅនឹងអ្វីដែលរដ្ឋាភិបាលធ្លាប់ប្តេជ្ញាចិត្តថា អ្នកសារព័ត៌មានថាគឺជាដៃគូល្អរបស់រាជរដ្ឋាភិបាល»។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានច្រានចោលការលើកឡើងនេះ ដោយថា ជានិច្ចជាកាល រដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន តែងតែយកចិត្តទុកដាក់លើកកម្ពស់វិស័យនេះ រួមទាំងបង្កើនកិច្ចសហការជាមួយអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនានា។ លោកបានចាត់ទុកការលើកឡើងនេះថា ជាទស្សនៈមនុស្សមួយក្រុមតូចដែលមិនឆ្លុះបញ្ចាំងពីវិស័យសារព័ត៌មាននៅកម្ពុជាទេ។
លោកថា៖ «កម្មវិធីថ្ងៃនេះក៏បានបង្ហាញឱ្យឃើញនូវបុគ្គលមួយចំនួនបានយកវេទិកានេះធ្វើជារបៀបវារៈមួយក្នុងការលើកឡើងពីការផ្តល់និងកេងចំណេញនូវផលប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់ខ្លួនឯង សម្រាប់ក្រុមខ្លួនឯង ក៏ដូចជាក្រុមគោលដៅរបស់ខ្លួន ហើយក៏បានលើកនូវការជ្រៀតជ្រែកទៅដល់កិច្ចការផ្ទៃក្នុងសាធារណៈ ជាពិសេសរបស់ក្រសួងព័ត៌មានផងដែរ»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការធានាបាននូវសេរីភាពសារព័ត៌មាននិងសេរីភាពមូលដ្ឋាន គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកស្រីផ្តល់ជាយោបល់ទៅភាគីពាក់ព័ន្ធដែលវាយតម្លៃពីសេរីភាពសារព័ត៌មាននេះថា ត្រូវឈរលើគោលការណ៍សិទ្ធិមនុស្ស និងឈរលើការពិត ជាជាងព្យាយាមការពារព្រោះតែនិន្នាការណាមួយ។
លោកស្រីថា៖ «ខ្ញុំជឿថា ប្រទេសកម្ពុជាយើងនឹងទទួលបានសេរីភាពព័ត៌មានមួយពិតប្រាកដ នៅពេលដែលមានភាពចម្រុះបែបហ្នឹង ត្រូវបានធានាមិនថាមាននិន្នាការខាងណាទេ គួរតែអនុញ្ញាតឱ្យមានលំហដោយសេរី។ ប៉ុន្តែបន្ថែមពីហ្នឹង ត្រូវធ្វើយ៉ាងម៉េចសម្រាប់ស្ថាប័នព័ត៌មានខ្លួនឯងហ្នឹង ត្រូវធ្វើយ៉ាងម៉េចពង្រឹងនូវវិជ្ជាជីវៈ ត្រូវផ្តល់ព័ត៌មានប្រកបដោយឯករាជ្យ»។
លោកស្រី ចក់ សុភាព ក៏បានអំពាវនាវដល់រដ្ឋាភិបាលអនុញ្ញាតឱ្យស្ថានីយផ្សាយតាមរលកធាតុអាកាសជាង៣០ដែលបានបិទការផ្សាយនាពេលកន្លងមក អាចដំណើរការឡើងវិញ ដើម្បីគាំពារឱ្យមានការផ្សាយសំឡេងចម្រុះ។
របាយការណ៍ឆ្នាំទី៥នៃការឃ្លាំមើលសេរីភាពមូលដ្ឋានដែលបានកត់ត្រា ៣៨៤ករណីពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន (មិនមែនចំពោះសារព័ត៌មានទេ) ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ ខែមេសានេះ បានថ្លែង កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គម ពិសេសការចូលរួមរាយការណ៍ពន្យល់ពលរដ្ឋអំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយថា ក្នុងកាលៈទេសៈដ៏លំបាកនិងប្រឈមដោយគ្រោះថ្នាក់នៃជំងឺរាតត្បាតសកលនេះ រដ្ឋាភិបាលតែម្នាក់ឯងពិតជាពិបាកក្នុងទប់ស្កាត់ឱ្យទទួលបានជោគជ័យ។
អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីម្នាក់ដែលកំពុងជាប់បណ្តឹងនៅតុលាការ លោក យៀង សុធារិន និយាយថា រយៈពេលជាង៣ឆ្នាំមកហើយ រូបគាត់និងសហការីម្នាក់ទៀតនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ក្នុងឱកាសទិវាសេរីភាពអ្នកសារព័ត៌មាននៅថ្ងៃនេះ លោកបានស្នើដល់រដ្ឋាភិបាលគួរពិនិត្យឡើងវិញទៅលើសេរីភាពសារព័ត៌មាននៅកម្ពុជា និងមិនគួរមានការចាប់ខ្លួនឬឃុំខ្លួនអ្នកសារព័ត៌មានដែលគ្មានកំហុសនោះទេ។
លោកថា៖ «ខ្ញុំសូមទទូច ក្រោយកូវីដ បើថាកូវីដធ្វើមិនបាន សូមតុលាការជួយពន្លឿននីតិវិធី មិនមែនតែករណីខ្ញុំទេ ករណីអ្នកផ្សេងៗទៀត សូមមេត្តាជួយពន្លឿនហើយជម្រះសំណុំរឿងពួកគាត់ឱ្យលឿន រហ័ស ដើម្បីបង្ហាញថាយើង [រដ្ឋាភិបាល] មានការប្តេជ្ញាចិត្តក្នុងការការពារអ្នកកាសែតដែលគ្មានកំហុស»។
ក្នុងរបាយការណ៍របស់ខ្លួនស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក៕
កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៦៖ «របាយការណ៍ដែលបានកត់ត្រា៥ឆ្នាំមកនេះ រកឃើញថា មាន៣៨៤ករណីបានកើតឡើងលើអ្នកសារព័ត៌មាន ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។» ខ្លឹមសារដែលត្រឹមត្រូវគឺ «របាយការណ៍ឆ្នាំទី៥នៃការឃ្លាំមើលសេរីភាពមូលដ្ឋានដែលបានកត់ត្រា ៣៨៤ករណីពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន (មិនមែនចំពោះសារព័ត៌មានទេ) ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។»។