រដ្ឋា​ភិបាល​ដាក់​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ជា​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ពាក់​ម៉ាស​និង​រក្សា​គម្លាត​

មន្ត្រីសុខាភិបាលម្នាក់យកសំណាកពីបុរសម្នាក់ដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលកំណត់ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យមួយទៀត​ជាភូមិសាស្ត្រ​ដែលតម្រូវឱ្យ​ពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ខណៈភូមិសាស្ត្រខេត្តនេះកំពុងមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងសាធារណជនទាំងអស់ថា នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​​២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសរបស់ក្រសួង​​ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-៩ ​នៅក្នុងសហគមន៍។

ក្រសួងបន្តថា បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយចាប់ផ្តើមអនុវត្តកាតព្វកិច្ចនេះចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ប្រការ៣ និងប្រការ៤ នៃប្រកាសរបស់ក្រសួងសុខាភិបាល​ កំណត់ថា បុគ្គលដែលវិជ្ជមាន​កូវីដ-១៩ បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក អ្នកបើកបរនិងអ្នករួមដំណើរលើមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូន​សម្រាប់បម្រើឱ្យសាធារណជនគ្រប់ប្រភេទ អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន និងបុគ្គលផ្សេងៗទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែង​ដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ។

ប្រកាសដដែលបន្តថា ចំពោះទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាសវិញ ត្រូវធ្វើនៅគ្រប់ទីកន្លែងសាធារណៈនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ​សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឬទីកន្លែងផ្សេងៗទៀតដែលបិទជិត។

ចំពោះកាតព្វកិច្ចត្រូវរក្សាគម្លាតសុវត្ថិភាពវិញ គឺបុគ្គលដែលស្ថិតនៅកន្លែងធ្វើការនៃសហគ្រាស ឬគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈដែលមានមនុស្សច្រើន ត្រូវអនុវត្តគម្លាតសុវត្ថិភាពឱ្យបានយ៉ាងតិច «១ម៉ែត្រកន្លះ» ពីបុគ្គលមួយទៅបុគ្គលមួយទៀត។ ប៉ុន្តែ​ក៏លើកលែងផងដែរសម្រាប់អ្នកដែលកំពុងរស់នៅជាមួយគ្នា សម្រាប់ការធ្វើដំណើរក្នុងមធ្យោ​បាយ​ឯកជន រវាងជនពិការ ចាស់ជរា ឬកុមារជាមួយអ្នកមើលថែទាំពួកគេ ចំពោះអ្នកផ្តល់និងទទួលសេវាកម្មណាមួយ ចំពោះការហ្វឹកហាត់ឬប្រកួតកីឡា និងរវាងកូនកំលោះនិងកូនក្រមុំ ជាដើម។

បើតាមប្រកាសរបស់ក្រសួងសុខាភិបាល​ បើសិនបុគ្គលណាមិនអនុវត្តទៅតាមកាតព្វកិច្ចដែលតម្រូវនេះទេ គឺជំហានដំបូង ពួកគេនឹងរងនូវការព្រមាននិងណែនាំពីមន្រ្តីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែបើសិននៅតែមិនអនុវត្តទៀត គឺនឹងប្រឈមការពិន័យជាទឹកប្រាក់ចន្លោះពី២០០ ០០០រៀល ទៅ១ ០០០ ០០០រៀលជាកំហិត។

ចាប់តាំង​ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏​បាន​ដាក់ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង សៀមរាប និងស្វាយរៀង ជាភូមិសាស្ត្រដែលតម្រូវឱ្យ​មានការពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាត​សុវត្ថិភាពផងដែរ ខណៈរាជធានី-ខេត្តទាំងនោះជាភូមិសាស្ត្រដែលមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ អ្នកឆ្លង​​ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន១៥ ៧៤៤​នាក់ និង​មាន​អ្នកស្លាប់ចំនួន១០៧នាក់​។ សម្រាប់​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៥ ៧៩១នាក់ និង ១០ ៣៩៤នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ