​ស្រ្តី​​ម្នាក់​ឆ្លង​កូវីដ​​ស្លាប់​បន្ទាប់​ពី​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន​មិន​ទទួល​​ពិនិត្យ​និង​ព្យាបាល​

លោក មាស រតនា ក្នុងថ្ងៃប្រារព្ធពិធីបុណ្យសពម្ដាយក្មេករបស់លោក គឺអ្នកស្រី ជាម ឆេង នៅគេហដ្ឋានគ្រួសារសព ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុករបស់លោក មាស រតនា)

ក្រុមគ្រួសារ​សពបានហៅមរណភាពសមាជិកគ្រួសាររបស់ខ្លួន​ថា ជាការធ្វេសប្រហែសមួយរបស់​ក្រុម​គ្រូ​ពេទ្យរដ្ឋមួយចំនួនដែលទុក​ឱ្យ​អ្នក​ជំងឺ​មានសភាពធ្ងន់ធ្ងររហូតឈានដល់ដំណាក់កាលពុំ​អាចជួយ​សង្រ្គោះបាន។

លោក មាស រតនា ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ថាម្តាយក្មេករបស់​លោក​បានទទួល​មរណភាព​​កាលពីល្ងាចម្សិលមិញ។ លោកបន្តថា នេះជាការស្លាប់ដែលវា​ពិបាកទទួលយកបាន ដោយ​សារ​​អ្នកជំងឺរលាក​​ផ្លូវ​​ដង្ហើម​​​ក្នុងកម្រិតស្រាលក្រោយឆ្លងផ្តាសាយពីកូន​​ចៅនៅក្នុងផ្ទះ។

បើតាមលោក រតនា ប្រសិន​បើ​អ្នក​ជំងឺ​ទទួលបានការពិនិត្យនិងព្យាបាលទាន់ពេលវេលា លោកជឿជាក់​ថាអាចជួយសង្រ្គោះបាន ដោយអ្នក​​ជំងឺ​ពីដំបូង​មាន​សុខភាព​ល្អធម្មតាពេលបញ្ជូនទៅ​ដល់​មន្ទីរពេទ្យ។

​លោកបន្តថា៖ «វាលឿនពេក ដូច្នេះហើយយើងវាពិបាកមែនទែន។ មនុស្សនៅនិយាយគ្នារាល់តែថ្ងៃ អត់​មាន​ឈឺ​ស្អី​ផងហ្នឹង។ ដូចខ្ញុំបានប្រាប់អ៊ីចឹងថា គាត់​ឆ្លងផ្តាសាយពីពួកខ្ញុំ។​ ហើយពួកខ្ញុំជា​អស់ហើយ​ហ្នឹង»។

​លោក មាស រតនា អះអាងថា ម្តាយក្មេករបស់លោកគឺអ្នកស្រី ជាម ឆេង ត្រូវបានក្រុម​គ្រួសារ​ដឹក​តាមរថយន្តផ្ទាល់ខ្លួនទៅកាន់មន្ទីរពេទ្យរដ្ឋមួយចំនួននៅ​ក្នុង​ទី​ក្រុងភ្នំពេញ កាលពីថ្ងៃទី៤​ ខែឧសភា ដើម្បីស្វែងរកសេវាពិនិត្យនិងព្យាបាល។ ​លោកបន្ថែមថា ពេលដឹក​ទៅដល់មន្ទីរ​ពេទ្យ​​រដ្ឋ រួមមាន មន្ទីរពេទ្យ​ព្រះកេតុមាលា មន្ទីរពេទ្យ​កាល់​​​ម៉ែត្រ ហើយចុង​ក្រោយ​នៅ​មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ប៉ុន្តែត្រូវ​បាន​មន្ទីរពេទ្យទាំងនោះបដិសេធ។

​ប្រ​ភពដដែលឱ្យដឹងថា សម្រាប់​មន្ទីរ​ពេទ្យព្រះកេតុមាលា មូល​​​ហេតុ​​ដែលមិន​ទទួល​យក​​​ការ​​ព្យា​បាលម្តាយក្មេករបស់ខ្លួន ដោយ​សារខាងមន្ទីរពេទ្យ​បាន​ដូរ​គោល​ការណ៍ គឺ​អ្នកជំងឺ​រលាក​ផ្លូវ​ដង្ហើមត្រូវប្តូរទៅ​​មន្ទីរ​ពេទ្យ​​​ផ្សេង​វិញ​ហើយ​​​។

ក្រៅពីនេះ លោក មាស រតនា មានប្រសាសន៍ថា ចំពោះ​​ពេទ្យផ្សេង​ដូច​ជា ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត្រ និងមន្ទីរពេទ្យ​រុស្សីជាដើម បាន​លើក​ហេតុ​​​​​ផល​ថា​ ពេទ្យពេញ​ដោយ​អ្នក​ជំងឺ ហើយ​មិនមាន​ឧប​ករ​ណ៍​​​តេស្ត​​រ​ហ័សធ្វើរោគ​វិនិច្ឆ័យថែម​ទៀត​។​ ដោ​យគ្មាន​​ជម្រើស លោកថា ក្រុមគ្រួសារ​ត្រូវ​​​​បង្ខំ​ចិត្ត​​ដឹក​អ្នក​ជំ​ងឺ​ត្រ​ឡប់​មក​ផ្ទះ ហើយព្យា​បាល​ដោយ​ខ្លួនឯងវិញ តាម​រយៈការ​ជួល​បំពង់​អុកស៊ីសែន​​ពី​ខាង​​​ក្រៅជា​ជំនួយ​ផ្លូវ​ដង្ហើម​។

វីអូឌី ពុំអាចសុំការឆ្លើយតបជុំវិញបញ្ហានេះពីខាងមន្ទីរពេទ្យកាល់ម៉ែត្រ និងពេទ្យព្រះកេតុមាលា បានទេ នៅថ្ងៃទី៥ ខែឧសភា។ ​

ដោយ​ឡែក លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានប្រាប់ថា ​នឹង​ពិនិត្យ​ករណី​នេះ ដើម្បី​​​ឈានទៅរកកិច្ចអន្តរាគមន៍ណាមួយក្នុងរឿងនេះ។

យ៉ាងនេះក្តី លោក អ៊ា សុខហេង ប្រធានផ្នែកសេវានៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឱ្យដឹងថា ដោយសារ​រូប​​​​លោកនៅក្រៅមន្ទីរពេទ្យនៅឡើយ ហេតុដូច្នេះ ព័ត៌មានស្តីពីការរើសអើងអ្នកជំងឺហាក់មិនទាន់ច្បាស់។

​ប៉ុន្តែ​​​លោកអះអាងថា ចំពោះមន្ទីរពេទ្យដែលលោកកំពុងប្រតិបត្តិការនេះ គឺពុំមាន​គោលការណ៍​ដូច្នេះឡើយ។​​ ម៉្យាងវិញទៀត អ្នកជំងឺដែលបានបញ្ជូនមកដល់មន្ទីរពេទ្យហើយ ត្រូវតែទទួលបានសេវាពិនិត្យនិង​ព្យាបាល​ជាចាំបាច់។

លោកបន្តថា៖ «ការងារហ្នឹងលោកទាក់ទងទៅខាងរដ្ឋបាល ព្រោះខាងខ្ញុំហ្នឹង​ក៏អត់​ទាន់​​បាន​​​ដឹងដែរ ព្រោះខ្ញុំសម្រាកនៅផ្ទះ។ បាទ! ​អត់បោះបង់អ្នក[ជំងឺ]ទេ»។

ក្រោយទទួលមរណភាពនៅ​ព្រឹកថ្ងៃទី៥ ខែឧសភា អ្នកស្រី ជាម ឆេង ដែលស្ថិតក្នុងវ័យ៦៧ ឆ្នាំ ត្រូវ​បាន​​​​ក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា អ្នកស្រីបានឆ្លងជំងឺកូវីដ-១៩។

បើតាមលោក មាស រតនា ក្រុម​​​គ្រួសារបស់លោកពុំបានចេញក្រៅឬប្រាស្រ័យទាក់ទងជាមួយអ្នក​ផ្សេង​ក្រៅពីសាច់ញាតិក្នុងផ្ទះទេ អំ​ឡុងពេលបិទខ្ទប់នេះ។ បើជួបអ្នកផ្សេង គឺមានតែទិញបន្លែ ត្រី និងសាច់ ​ដែលគេដឹកមកលក់​ដល់​ផ្ទះ​ប៉ុណ្ណោះ​​។ ​លើសពីនេះ សមាជិកគ្រួសាររបស់លោកសុទ្ធ​តែបានចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​​-១៩ គ្រប់២ដង ​(ដូសទី១ និងដូសទី២) រួច​ហើយ​ដែរ លើក​លែងតែម្តាយក្មេករបស់លោកម្នាក់ប៉ុណ្ណោះ។

នាយករងនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (Licadho) លោក អំ សំអាត ចាត់ទុក ការ​ព្រងើយកន្តើយដោយក្រុមគ្រូពេទ្យ ដោយមិនទទួលពិនិត្យនិងព្យាបាលអ្នកជំងឺនេះ គឺជាផ្នែកមួយនៃការ​រើស​​​អើង និងផ្ទុយពីគោលការណ៍សិទ្ធិមនុស្ស។

លោកបន្តថា ជាក្របខណ្ឌ​ដូច​មាន​កំណត់​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញនិងគោលការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស នៅគ្រប់មន្ទីរពេទ្យនិងវិស័យ​ដែល​ពាក់ព័ន្ធ​រឿង​សុខា​ភិបា​ល​នេះ ត្រូវចាត់ទុកអ្នកជំងឺជាអាទិភាពទី១ ក្នុងការទទួលបានសេវា​ព្យាបាល។​

លោក​​បន្ត​ថា៖ «អ៊ីចឹងខ្ញុំគិតថា បើសិនជារុញគាត់ចុះឡើងៗ ហើយមិនទទួល អាហ្នឹង​វាប៉ះពាល់ដល់​សិទ្ធិរបស់​គាត់ គេ​ហៅថា ​សិទ្ធិទទួលបានសេវាផ្នែក​សុខភាព។ បើសិនជា​មានការ​បារម្ភ ខ្ញុំឃើញក្រសួង​សុខាភិបាល​លោក​​បើកហើយសម្រាប់គ្លីនិកឯកជននិងមន្ទីរពេទ្យរដ្ឋ​ធំៗ គឺ​អនុញ្ញាត​ឱ្យប្រើប្រាស់​នូវប្រព័ន្ធការ​ធ្វើ​តេស្តកូ​វីដ​-១៩ ដែលលឿន»។

​គិត​​​​ត្រឹមព្រឹក​​​ថ្ងៃ​ទី៥ ខែឧសភានេះ​ មាន​អ្នក​​​ឆ្លង​​កូវីដ​ថ្មី​​​​ចំនួន៦៧២នាក់​​។ តួលេខនេះបាន​ធ្វើឱ្យអ្នកឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​​កើនឡើងជិត ១ម៉ឺន៧ពាន់នាក់ (១៦ ​៩៧១​) និងបណ្តាលឱ្យមាន​អ្នកស្លាប់​បាន​កើន​​ឡើង​ដល់១១០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ