ទូត​លោក​សេរី​ប្រចាំ​កម្ពុជា​ស្នើ​ដោះ​លែង​សកម្ម​ជន​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​វិញ​

លោក W.Patrick Murphy ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ចំ​ថ្ងៃខួប​លើក​ទី៧០ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការអនុវត្ត​ច្បាប់​ជាមួយ​កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ទូតប្រទេសលោកសេរីចំនួនពីរនៅកម្ពុជា បានស្នើឱ្យដោះលែងសកម្មជនមាតាធម្មជាតិឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់អាចស្ដាប់សំឡេងអ្នកការពារធនធានធម្មជាតិនៅកម្ពុជាបន្តទៀត។

ការស្នើនេះធ្វើឡើងភ្លាមៗតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកថ្ងៃពុធនេះ ដោយសម្រេចផ្តន្ទាទោស​មនុស្ស៥នាក់នៃក្រុមចលនាមាតាធម្មជាតិ ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែទៅ២០ខែ និងពិន័យជាប្រាក់មួយចំនួន ក្រោមបទចោទ«ញុះញង់ និងសមគំនិត» ជុំវិញសកម្មភាពការពារធនធានធម្មជាតិដោយសន្តិវិធីរបស់ពួកគេកន្លងមក។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានសរសេរលើបណ្ដាញសង្គមធ្វីតធ័ររបស់លោកនៅល្ងាចថ្ងៃពុធនេះ ដោយបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ​ចំពោះតុលាការកម្ពុជាដែលសម្រេចផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិទាំងនោះ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជាដោយសន្តិវិធីតែប៉ុណ្ណោះ។

ផ្ទុយទៅនឹងអ្វីដែលតុលាការក្រុងភ្នំពេញសម្រេចនៅថ្ងៃនេះ លោក Patrick Murphy អះអាងថា ពួកគេទាំងនោះគួរទទួលបានការកោតសរសើរ ចំពោះការងារការពារបរិស្ថានដែលកំពុងរងនូវការកាប់បំផ្លាញនិងការធ្វើអាជីវកម្មខុសច្បាប់។

លោកនិយាយថា៖ «ការនិយាយដើម្បីការពារបរិស្ថានរបស់ប្រទេសកម្ពុជា ដែលរងការគំរាមកំហែងដោយការកាប់និងការធ្វើអាជីវកម្មឈើខុសច្បាប់ គឺជារឿងគួរឱ្យកោតសរសើរ។ យើងជំរុញឱ្យមានការដោះលែងពួកគេ ដូច្នេះមនុស្សទាំងអស់អាចឮសាររបស់ពួកគេស្តីពីការការពារធនធានធម្មជាតិ»។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃពុធនេះថា សកម្មភាពរបស់សកម្មជនមាតាធម្មជាតិទាំងនោះ គឺគ្រាន់តែជាសិទ្ធិមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះ និងមិនមែនជាការញុះញង់នោះទេ។

លោកនិយាយថា៖ «ការនិយាយលើប្រធានបទរសើបទាំងនេះតាមរបៀបអហិង្សា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស មិនមែនការញុះញង់ទេ។

អត្ថបទខ្លីៗស្ដីពីសកម្មជន​ការពារបរិស្ថាន​ត្រូវបាន​ផ្ដន្ទាទោស​ដោយសារការគ្រោង​តវ៉ា​ដោយ​សន្ដិវិធីរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតត្រឹម​ពេលចាប់ខ្លួន​ សកម្មជនបរិស្ថាន​ កញ្ញា ឡុង គន្ធា ​មានអាយុ២២ឆ្នាំ ​និងកញ្ញា ​ភួន កែវរស្មី ​មានអាយុ១៩ឆ្នាំ។

អ្នកទាំងពីរ​ត្រូវបានតុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ១៨ខែ ​ពីបទ« ញុះញង់​បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្ដិសុខ​សង្គម»​ តាម​​មាត្រា៤៩៤​ និងមាត្រា៤៩៥​ នៃក្រមព្រហ្មទណ្ឌ ​និងពិន័យ​ជាប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ឬប្រមាណ១ពាន់ដុល្លារ​ ។ ​

ដោយឡែក សកម្មជនបរិស្ថានចលនាមាតាធម្មជាតិមួយរូបទៀត គឺ​លោក ថុន រដ្ឋា​ អាយុ២៩ឆ្នាំ ​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​២០ខែ​ និងពិន័យ​ជាប្រាក់​ចំនួន៤លាន​រៀល​ ក្រោមបទ​ចោទ​ដូចគ្នា។ ​

ប្រភពដដែលបន្តថា ​សកម្មជនបរិស្ថានទាំង៣រូប​ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះ​អាសន្នរង់ចាំសវនាការ ចាប់តាំងពីពេលដែលអាជ្ញាធរបានចាប់ខ្លួនពួកគេកាលពីដើមខែកញ្ញា ឆ្នាំ២០២០។ ការចាប់ខ្លួនអ្នកទាំង៣ បន្ទាប់ពីពួកគេគ្រោងរៀបចំការដើរក្បួន ដោយកញ្ញា ឡុង គន្ធា ម្នាក់ឯង ពីវត្តភ្នំ ឆ្ពោះទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញពីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការចាក់លុបយ៉ាងឆាប់រហ័សនៃបឹងតាមោក ដែលជាបឹងធំជាងគេមួយសេសសល់ក្នុងរាជធានីភ្នំពេញ។ លីកាដូ បន្តថា ផ្នែកជាច្រើននៃបឹងនេះត្រូវបានកាត់ចេញ និងផ្ដល់ទៅឱ្យស្ថាប័នរដ្ឋ និងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាច នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ក្រៅពីសកម្មជនទាំង៣រូប សវនាការនៅព្រឹកថ្ងៃពុធដដែលនេះ តុលាការក៏បានសម្រេចផ្តន្ទាទោសកំបាំងមុខទៅលើស្ថាបនិកចលនា​មាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដាវិតសុន (Alejandro Gonzalez-Davidson)  ឱ្យជាប់ពន្ធនាគារ២០ខែ និងកញ្ញា ជា គន្ធីន ឱ្យជាប់ពន្ធនាគារ១៨ខែ​​ ក្រោម​បទចោទដូចគ្នា​ និងពិន័យជាប្រាក់ម្នាក់៤លានរៀល។

លីកាដូ អះអាងថា ការជំនុំជម្រះក្ដី​សកម្មជន​ទាំងនេះមានការ​សួរដេញដោល​ជាច្រើន​ទាក់ទិន​នឹងគណនី​ហ្វេសប៊ុក​មាតាធម្មជាតិ​ ដែលជា​អ្នកផ្ដល់​ជំនួយ​ដល់អ្នកការពារ​បរិស្ថាន​ទាំងនេះ ​និងព័ត៌មាន​ទាំងឡាយ​​បាន​បង្ហោះ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដោយមិនមាន​បង្ហាញពី​ភស្តុតាង​បញ្ជាក់​ពីការញុះញង់​ទាល់តែសោះ។​

ក្រុម​សង្គមស៊ីវិល​​បានអំពាវនាវ​ឱ្យដោះលែង​សកម្មជន​ទាំងនេះ​ឱ្យបាន​ឆាប់ ​ខណៈ​​គ្រួសារ​របស់​ពួកគេ​​បារម្ភពីស្ថានភាព​ចង្អៀត​នៅក្នុងពន្ធនាគារ ដែលបណ្ដាលឱ្យប៉ះពាល់​សុខភាព​និង​សុវត្ថិភាព​របស់​អ្នកការពារ​បរិស្ថាន​វ័យក្មេង​ទាំងនេះផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ