មន្ត្រី​រដ្ឋា​ភិបាល​​ថា​ ក្រុម​ប្រឆាំង​​មិន​បាន​ជួយ​អ្វី​សោះ​​អំឡុង​ការ​ឆ្លង​​រាល​ដាល​ជំងឺ​កូវីដ-១៩

អភិបាលរង​រាជធានីភ្នំពេញ លោក កើត ឆែ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ព្រីនស្រ្គីន)

​​មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើង​​ថា ​ក្រុមអ្នក​ប្រឆាំងរដ្ឋាភិបាលមិន​បានជួយ​លុ​​​យសូម្បីតែ​មួយ​រៀល​ រួមទាំង​កម្លាំង​ ក្នុង​​​អំឡុ​ងពេល​រដ្ឋាភិ​បាលខំ​ប្រឹង​ប្រែងទប់​ស្កាត់​រ​លក​ចម្លងជំ​ងឺកូវីដ​-១៩ ឆ្លងចូលសហគមន៍នាពេលនេះ ដោយលោក​ថា អ្នកទាំងនោះបានត្រឹម​តែនិយាយរិះគន់​ចំណាត់ការរបស់រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅសាលារាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍​នេះ ស្តីពី «ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងបែងចែកជាតំបន់ក្រហម លឿងទុំ និងតំបន់លឿង រយៈពេល៧ថ្ងៃបន្ថែមទៀត» ហើយក៏ឆ្លើយតបទៅនឹងចម្ងល់ដែល​ថា ហេតុអ្វីរដ្ឋាភិបាលបិទបញ្ចប់វិធានបិទខ្ទប់ចំពេលអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង។

អភិបាលរង​រាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងក្នុងសន្និសីទនោះ​ថា ការដែលរដ្ឋាភិបាលសម្រេច​​បិទខ្ទប់រាជធានីភ្នំពេញកន្លងមកនេះ គឺធ្វើឡើងដើម្បីការពារអាយុជីវិត​ប្រជាពលរដ្ឋ និង​កាត់ផ្តាច់រលកចម្លងពីតំបន់មួយទៅតំបន់មួយ និងពីខេត្តមួយ​ទៅខេត្តមួយទៀត​។

លោកបន្តថា លទ្ធផល​នៃការបិទខ្ទប់នេះហើយដែលធ្វើឱ្យ​​​រដ្ឋាភិបាលអាច​កំណត់បានទីតាំងនៃប្រភព​ចម្លង ដែលអាច​​ឈានទៅបិទបញ្ចប់វិធានការបិទខ្ទប់នេះ ហើយសម្រេចបើក​ឱ្យមានការធ្វើដំណើរជាប្រក្រតីឡើងវិញ លើកលែងតំបន់មួយចំនួនប៉ុណ្ណោះ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការចូលរួមរបស់អតីត​​គណបក្សប្រឆាំង និងអ្នករិះគន់មួយចំនួនលើវិធានការបិទខ្ទប់នេះ លោកគូសបញ្ជាក់ថា ក្រុមអ្នកប្រឆាំងនិងអ្នករិះគន់ទាំងនោះបានត្រឹមនិយាយប៉ុណ្ណោះ។

លោកថា៖ «ពាក្យថាក្រុមប្រឆាំងដែលលោក វណ្ណ សារាយ លើកឡើងនេះ [អ្នកយកព័ត៌មាន Fresh News] គឺធ្វើអីក៏គាត់ប្រឆាំងដែរ នៅពេលដែលគាត់អត់បានចេញលុយមួយរៀលនិងពលកម្មបន្តិចសោះ តែគាត់បានតែនិយាយទេ»។

លោកបន្តទៀតថា៖ «ខ្ញុំឧទាហរណ៍ ដែលគាត់ស្រែកកោកៗ រុញគាត់ទៅចែកអំណោយមើល បើហ៊ានទៅចែក ព្រោះតំបន់ហានិភ័យ [តំបន់ក្រហម] អត់ហ៊ានទេ! ឮថាក្រហម ស្រែកចាចអ៊ីចឹង! សូមឱ្យគិតដូចខ្ញុំជម្រាបជូនខាងដើម គឺជារឿងដែលរដ្ឋាភិបាលអនុវត្តបានយ៉ាងត្រឹមត្រូវបំផុត និងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាបឋមជោគជ័យ»។

រដ្ឋបាល​រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា តំបន់ក្រហមជាតំបន់ដែលឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ តំបន់លឿងទុំជាតំបន់ឆ្លងកម្រិត​​មធ្យម និងតំបន់លឿងជាតំបន់ឆ្លងតិចតួច។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅការលើកឡើងនេះថា ជាការ​​យល់ច្រឡំមួយរបស់មន្ត្រី ដោយថា អ្នកដែលទទួលខុសត្រូវដោះស្រាយបញ្ហាសង្គម គឺរដ្ឋាភិបាលដែលមានការផ្តល់ទំនុកចិត្តពីសភា ហើយសភា ត្រូវកោះហៅរដ្ឋាភិបាលមកសាកសួរ បើរដ្ឋាភិបាលមិនអាចឆ្លើយតបទៅនឹងបញ្ហារបស់ពលរដ្ឋបាន។ លោកបន្តថា ពេលនេះ អតីត​​គណបក្សប្រឆាំង គ្មានដំណែងណាមួយក្នុងសភាដែលត្រូវទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោតទេ។

លោកបានថ្លែង​ថា៖ «យើងអត់មានតួនាទី​សំខាន់មែនទែន យើងត្រូវយល់អាហ្នឹង! លោកចោទទៅលើគណបក្សប្រឆាំង​មិនបានធ្វើអី អាហ្នឹងខុសហើយ! ទាល់តែផ្តល់កៅអីឱ្យគណបក្សប្រឆាំងវិញមក គេធ្វើហើយ»។

អ្នករត់ម៉ូតូកង់បីនៅរាជធានី​ភ្នំពេញមួយរូប លោក ហេង សិរីវិសាល បាននិយាយថា លោកចង់ឃើញអ្នកនយោបាយ​រួមគ្នាដោះស្រាយបញ្ហា​ពលរដ្ឋដែលកំពុងប្រឈម​នឹងបញ្ហាជីវភាព ខណៈការរកចំណូលរបស់គាត់ធ្លាក់​ចុះ​ពី​​ជាង១០០ ០០០​រៀល​ក្នុង​​មួយថ្ងៃ មកត្រឹម១៥ ​០០​០​រៀ​ល​វិញនោះ។

លោកថា៖ «បញ្ហាដែលចម្បង គឺធនាគារនិងម្ហូបអាហារហ្នឹងហើយ! អ៊ីចឹងសូមឱ្យអ្នកនយោបាយ​រួបរួមគ្នា ដើម្បីប្រជាជនដើម្បីជាតិទាំងអស់គ្នា»។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលមិនគួរទម្លាក់កំហុសដាក់ភាគីណា​មួយនោះទេ ព្រោះខ្លួនមាន​សិទ្ធិប្រើប្រាស់ថវិកា​ជាតិនិងកម្លាំងសរុប ដើម្បីគាំពារសង្គម។

លោ​កថា៖ «ជាការឆ្លើយតបតាមបែបឆ្លាតវ័យទៅទៀត ធ្វើម៉េចកុំឱ្យប៉ះពាល់សេដ្ឋកិច្ចខ្លាំងពេក កុំឱ្យពលរដ្ឋមានការឆ្លងការរាលដា​ល​ជំ​ងឺហ្នឹងខ្លាំង​ពេក អាហ្នឹងវាអាស្រ័យទៅលើសមត្ថភាពនៃការដឹកនាំរបស់រដ្ឋាភិបាល»។

តែយ៉ាងណា លោក កើត ឆែ​ និយាយថា តាមរយៈនៃការដាក់ចេញវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការចូលរួម​សហការពីប្រជា​ពលរដ្ឋ ពិសេសអ្នករស់នៅតំបន់បិទខ្ទប់ កម្ពុជានឹងអាចកាត់ផ្តាច់រលកចម្លងជំងឺសកលនេះបាន​ នៅពេលដ៏ខ្លីខាងមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ