ក្រសួង​អប់រំ​ដាក់​ដំណើរ​ការ​​​ App​ MoEYS​ E-learning​ សម្រាប់​​សិស្ស​រៀន​​​​អំឡុង​ពេល​កូវីដ-១៩

កម្ម​វិធី​ស្វ័យ​សិក្សា​​ដែល​មានឈ្មោះ​ថា «MoEYS E-Learning» ក្រោយដាក់បញ្ចូលទៅក្នុង Play Store, App Store និង App Gallery សម្រាប់បម្រើឱ្យការសិក្សាបែបឌីជីថលដល់សិស្សថ្នាក់ទី១ដល់ទី១២។ (ហ្វេសប៊ុក៖ MoEYS Cambodia)

ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នូវ​​កម្ម​វិធី​ស្វ័យ​សិក្សា​​ដែល​មានឈ្មោះ​ថា «MoEYS E-Learning» នៅថ្ងៃសុក្រនេះ ដើម្បីពង្រីកបន្ថែមនូវសេវាអប់រំ និងការសិក្សារបស់សិស្ស ក៏ដូចជាពង្រឹងវិស័យអប់រំ អំឡុងពេលមានការរាតត្បាតនូវជំងឺកូវីដ-១៩។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បាន​លើកឡើងថា ការបង្កើតកម្មវិធីស័្វយសិក្សានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយបរិយា​បន្ន​ សមធម៌ និងគុណភាព ឆ្ពោះទៅកាន់យុគសម័យឌីជីថល រួមទាំងបង្កភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សា ក្នុង​ស្ថានភាពនៃការឆ្លង​រាតត្បាតជំងឺកូវីដ-១៩។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍឡើងតាមបែបឌីជីថលនិងបច្ចេកវិទ្យានេះ និងផ្ដល់ភាពងាយរហ័សនិងចំណេញពេលវេលា ដល់សិស្សានុសិស្សក្នុងការចូលទៅប្រើប្រាស់ និងអាចទាញយកប្រយោជន៍ដ៏ច្រើនសម្បូរបែបផងដែរ»។

កម្មវិធីនេះ​​នឹងផ្ដល់ជាជម្រើសមួយបន្ថែមទៀតក្នុងការអនុវត្តទស្សនទាន «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» នៅកម្ពុជាដែលសិស្សានុសិស្សនៅកម្រិតចំណេះដឹងទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំសម្រាប់​គ្រូបង្រៀន ក៏ដូចជាអាណាព្យាបាលសិស្សក្នុងការជួយបង្រៀន​កូននៅផ្ទះ។

នៅក្នុងសេចក្ដីងថ្លែងការណ៍បានសរសេរថា កម្មវិធីនឹងជំរុញឱ្យសិស្សានុសិស្សអាចសម្របខ្លួនទៅនឹងទស្សនទាននៃ«ការអប់រំតាមបែបឌីជីថល»។ នៅក្នុងនោះ ឱ្យពួកគេអាចស្វែងយល់បន្ថែមពីបំណិនជីវិត ការទទួលខុសត្រូវ ការគ្រប់គ្រងពេលវេលា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង ការពង្រឹងចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពដើម្បីអនាគតខ្លួន។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍នៅថ្ងៃសុក្រនេះថា កម្មវិធីស្វ័យសិក្សា MoEYS E-learning ជាកម្មវិធីសិក្សា​​តាមប្រព័ន្ធ​អនឡាញ តាមទូរសព្ទដៃឆ្លាតវៃ ដែលជាការ​​ឆ្លើយតបទៅនឹងចក្ខុវិស័យអប់រំឌីជីថល បរិបទឧស្សាហកម្ម៤.០ និងស្ថានភាពកូវីដ-១៩ រួមទាំងមានផលប្រយោជន៍ជាច្រើនសម្រាប់ការសិក្សារបស់សិស្សនា​ពេលបច្ចុប្បន្ននេះផងដែរ។

លោកបានថ្លែង​ថា៖ «កម្មវិធីស្វ័យសិក្សានេះមានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិច ដូចជាសៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាព​សិស្ស និងទំព័រព័ត៌មានអប់រំ។ អ្នកសិក្សាអាចទាញយកកម្មវិធីស្វ័យសិក្សានេះពី App Store, Google Play និង App​ Gallery រួចសូមអានសេចក្តីណែនាំបច្ចេកទេសដែលមានស្រាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ