ពលរដ្ឋ​ជាង​១០០​គ្រួសារ​​នៅ​ខេត្ត​ឧត្តរ​មានជ័យ​ ស្នើ​​អាជ្ញាធរ​ដោះ​ស្រាយ​ដី​ធ្លី​និង​កុំ​ប្តឹង​ពួក​គាត់​

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅក្រុងសំរោង ខេត្តឧត្តរ​​មានជ័យ បានអំពាវនាវទៅ​អាជ្ញាធរពាក់ព័ន្ធជួយ​​ដោះ​ស្រាយវិវាទ​ដីធ្លីរបស់ពួកគាត់​ និងសុំទៅតុលាការកុំចាត់ការលើបណ្តឹងប្រឆាំងពលរដ្ឋ២នាក់ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីនេះ។

កាលពីថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក គង់ រតនា បានចេញដីកា​កោះហៅពលរដ្ឋ២នាក់ រួមមាន លោក ប្រម រី និងលោក ឡា ភួត ឱ្យចូលខ្លួន​ទៅបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែឧសភា​នេះ ពាក់ព័ន្ធការចោទប្រកាន់ថា បាន​កាប់រានព្រៃ ឈូសឆាយដីព្រៃ និង​ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋ ខណៈអាជ្ញាធរ​​បានហាមមិនឱ្យប្រជាពលរដ្ឋចូលទៅបង្ក​បង្កើនផលនៅតំបន់នោះទេ។

លោក ឡា ភួត ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ១០០គ្រួសារ និងកំពុងជាប់បណ្តឹងនៅតុលាការ បានប្រាប់ វីអូឌី នៅថ្ងៃច​ន្ទនេះថា កាលពីចុងសប្តាហ៍​មុន ប្រជាពលរដ្ឋប្រហែល១៤០គ្រួសារបាននាំគ្នាតវ៉ានិងអំពាវនាវទៅដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយ ដោយផ្តល់ដីនោះឱ្យពួកគាត់បានអាស្រ័យផលឡើងវិញ និងទាមទារកុំឱ្យប្ដឹងប្រជាពលរដ្ឋទៅតុលាការ។

លោក ឡា ភួត បន្តថា រូបលោកនិងពលរដ្ឋម្នាក់ទៀត មិនបានកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ដូចការចោទប្រកាន់ឡើយ។ លោកថា ដីស្រែនិងដីចម្ការនោះ គ្រួសារលោកបានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៨ រហូតមកទល់បច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យខាងក្រសួងពាក់ព័ន្ធចុះទៅមើលដីធ្លីនោះជាក់ស្តែង ថាប្រជាជនខ្ញុំរំលោភយកមែនឬក៏អត់? ហើយដីគាត់អាស្រ័យយូរឆ្នាំមែនឬក៏អត់? គាត់ទៅឈូសឆាយបំផ្លាញព្រៃឈើពិតប្រាកដមែនឬក៏អត់? ព្រោះដីនេះវាស្មើជីវិត ព្រោះមានដីនេះសម្រាប់ចិញ្ចឹមជីវិតរៀងខ្លួន យើងរស់នៅដោយសារបានដីធ្លី ចុះបើអស់ដីធ្លីបានអីទៀតខ្ញុំ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី គួរ ថាន់ និយាយថា បងប្រុស​​របស់គាត់ឈ្មោះ ប្រម រី ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយចេញតវ៉ាដីធ្លីនេះ។ អ្នកស្រីថា គ្រួសារអ្នកស្រីមានដីប្រហែល៥ហិកតា សម្រាប់ធ្វើស្រែនិងដាំដំឡូងមី ដើម្បីចិញ្ចឹមជីវិត ដោយពុំមានដីកន្លែងផ្សេងទៀតសម្រាប់បង្ក​បង្កើនផលឡើយ។

ករណីនេះ អ្នកស្រីបាន​ស្នើ​ដល់អាជ្ញាធរចុះវាស់វែងដីធ្លី​នោះ​ និង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ​​ ហើយបញ្ឈប់​ការគំរាមកំហែងចាប់ពលរដ្ឋដាក់ពន្ធនាគារទៀត។

អ្នកស្រីបន្ថែមថា៖ «ប្រសិនបើគេមិនដោះស្រាយឱ្យ គេយកអស់នោះ យើងមិនដឹងបានអីទេ​ ព្រោះយើងមានតែដីប៉ុណ្ណឹងហើយ។ ហើយយើងនឹងមានបញ្ហាជីវភាព ព្រោះយើងអស់ហើយ[ដី]ធ្វើស្រែ​ធ្វើចម្ការហើយហ្នឹង។ អ៊ីចឹងខ្ញុំសុំអំពាវនាវដល់ក្រសួងពាក់ព័ន្ធជួយដោះស្រាយដល់ពួកខ្ញុំផង»

ពាក់ព័ន្ធករណីនេះ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា លោកកំពុងឱ្យមន្ត្រីសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យនិងស្រាវជ្រាវ ដើម្បី​ឈានទៅរកការដោះស្រាយ។ លោកថា ប្រសិនជាពលរដ្ឋទាំងនោះ ជាពលរដ្ឋក្រីក្រឬខ្វះដីពិតប្រាកដមែន លោកនឹងរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគេ។

ចំពោះពលរដ្ឋ២នាក់ដែលកំពុងជាប់បណ្តឹងនៅតុលាការវិញ លោកថា នេះជាសមត្ថកិច្ចរបស់តុលាការ ដែល​អាជ្ញាធរខេត្តមិនអាចលូកដៃបានឡើយ។

លោកបន្ថែមថា៖ «គោលការណ៍​របស់ខេត្តឬក៏រដ្ឋាភិបាលយើង មានត្រៀមសម្រាប់​ចែកជូនពលរដ្ឋទាំងហ្នឹង ឱ្យតែពួកគាត់ពិតជាអត់ដីពិតមែន។ ប៉ុន្តែប្រសិនបើពួកគាត់ចូលទៅទន្ទ្រានយកនោះ រឿងផ្សេងមួយទៀត វាពាក់ព័ន្ធផ្លូវច្បាប់ វាពាក់ព័ន្ធការមានទោស»។

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានឱ្យដឹងថា ដីដែលប្រជាពលរដ្ឋចូលទៅអាស្រ័យផលនោះ ជាអតីតដីរបស់ក្រុមហ៊ុន អង្គរស៊ូហ្គឺ (Angkor Sugar)។ លោកថា ក្រុមហ៊ុនមួយនេះធ្លាប់ទទួលបានសិទ្ធិលើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅខេត្តឧត្តរមានជ័យ ដើម្បីដាំអំពៅ ប៉ុន្តែបានបញ្ចប់ទៅវិញនៅឆ្នាំ២០១៥។

លោក ស្រី ណារ៉េន បន្ថែមថា ក្រោយក្រុមហ៊ុនមួយនេះបញ្ចប់ទៅវិញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅ​មិន​ទា​ន់ទទួលបានសំណង បានចូលទៅអាស្រ័យផល​លើដីពួកគេវិញ ដែលបណ្តាល​ឱ្យមាន​ការចោទប្រកាន់ថា​ពលរដ្ឋចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋខុសច្បាប់។

មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញទៅអាជ្ញាធរខេត្តដោះស្រាយតាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋវិញ ជាជាងការចោទប្រកាន់ ហើយប្តឹងប្រជាពលរដ្ឋទៅតុលាការបែបនេះ។

លោកបន្ថែមថា៖ «មុនក្រុមហ៊ុន អង្គរ ស៊ូហ្គឺ ក្ស័យ​​ធុន គឺវាបានឈូសឆាយដីហ្នឹងវាលទៅហើយ។ អ៊ីចឹងប្រជាពលរដ្ឋហ្នឹងគ្រាន់តែគាត់ចូលទៅអាស្រ័យផលនៅលើដីចាស់ ដែលគាត់អះអាងថា ពីមុនហ្នឹងគាត់មិនទាន់ទទួលបានសំណងសមរម្យ សម្រាប់ការដោះដូរហ្នឹងតាំងពីឆ្នាំ២០០៨ និង២០០៩ម៉្លេះ។ អ៊ីចឹងកុំឱ្យមានការប្តឹងផ្តល់ពលរដ្ឋអី យើងគួរនិយាយពីការ​ផ្តល់ដីសម្បទានសង្គមកិច្ចទៅ ពីព្រោះចែកទៅ បានទៅលើប្រជាពលរដ្ឋរបស់ខ្លួនឯងដែរទេ​ ហើយសល់ប៉ុន្មានយើងស្តារដាំព្រៃឈើឡើងវិញទៅ»

បើតាមការអះអាងរបស់​​ក្រុម​​ប្រជា​ពលរដ្ឋ ពួកគាត់ទាំង១៤០គ្រួសារដែលកំពុងតវ៉ានោះ ភាគច្រើនជាពលរដ្ឋក្រីក្រ ដោយមួយគ្រួសារមានដីពី១ហិកតាទៅ៦ហិកតាប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ