ក្រសួង​​ព្រមាន​ចាត់​វិធាន​ការ​​ច្បាប់​​លើ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​រឿង​​​អាកាស​ធាតុ​

ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Cambodia Weather Service» ត្រូវបានក្រសួងធនធានទឹក ច្រានចោលថាជាផេកក្លែងក្លាយផ្សាយព័ត៌មានមិនពិត។

ក្រសួងធនធានទឹក និងឧតុនិយម ព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតទាក់ទងនឹងស្ថានភាពអាកាសធាតុ នៅ​លើបណ្ដាញសង្គម ដែល​​បង្កឱ្យមានការភ័ន្តច្រឡំពីសាធារណជន។

ក្នុងសេចក្ដីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ​ថា​ កន្លងមក មានជនអនាមិកបានបង្កើតទំព័រហ្វេសប៊ុកមួយ​ឈ្មោះ «Cambodia Weather Service» ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់រដ្ឋ ហើយ​​បានបង្ហោះព័ត៌មានមួយចំនួនមិនត្រូវត្រឹមអំពីស្ថានភាពអាកាសធាតុជាក់ស្ដែងនៅកម្ពុជា ដែលបង្ក​ឱ្យមានការភ័ន្តច្រឡំនិងបង្កភាពចលាចលលើស្ថានភាពអាកាសធាតុជាក់ស្ដែងពីសំណាក់ប្រជាពលរដ្ឋ។

ក្រសួងបញ្ជាក់ថា រាល់ដំណឹងអំពីស្ថានភាពអាកាសធាតុទូទៅនិងទឹកជំនន់ទន្លេមេគង្គនៅកម្ពុជា ដែលបានបង្ហោះផ្សព្វផ្សាយដោយទំព័រឬគណនីហ្វេសប៊ុកណាមួយក្រៅពីទំព័រហ្វេស​ប៊ុក​​ផ្លូវការក្រសួង គឺមិនមែនជាការពិតនោះទេ។

ជាមួយគ្នានេះដែរ ក្រសួងក៏បាន​ព្រមានចាត់វិធានច្បាប់ចំពោះអ្នកបន្ដបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញស្ថានភាពអាកាសធាតុនេះ ក្នុង​​​ចេតនាទុច្ចរិតឬទាក់ទាញចំណាប់អារម្មណ៍បំភ័ន្ត​​ដល់សាធារណជន។

គួរបញ្ជាក់​ថា កាលពីថ្ងៃទី៥ និងទី៦ ខែឧសភា សប្តាហ៍មុននេះ រាជធានី-ខេត្តមួយចំនួននៅកម្ពុជា បាន​ជួបនូវបាតុភូតខ្យល់ពីរប៉ះគ្នា​ដែលគេកម្រឃើញនៅលើតំបន់​អាងទន្លេគង្គ បាន​កើតឡើង ដោយបាន​បង្កឱ្យមានខ្យល់​បក់បោកខ្លាំង លាយ​ឡំនឹង​ភ្លៀងធ្លាក់​លាយ​ជាមួយដុំទឹកកកតូចៗ បានបណ្តាល​ឱ្យ​ផ្ទះសម្បែងរាប់រយខ្នង និង​ផលដំណាំ រួមនឹង​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ