ការ​ធ្វើ​តេស្ត​រហ័ស​រក​វីរុស​កូវីដ-១៩​លើ​មន្ត្រី​អាវុធ​ហត្ថ​ទូទាំង​ប្រទេស​ផ្តើម​ចេញ​ពី​គ្រូ​ពេទ្យ​ពីរ​នាក់​

ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ពីមន្ត្រីអាវុធហត្ថម្នាក់ នៅរាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ GRK News)

កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងបញ្ជូន​មន្ត្រីរបស់ខ្លួន​ទៅបណ្តុះបណ្តាលពីរបៀបនៃ​ការធ្វើតេស្តរហ័ស​រកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ន ខ្លួនមាន​​គ្រូពេទ្យតែ២នាក់ប៉ុណ្ណោះដែលកំពុងដំណើរការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើមន្ត្រីអាវុធហត្ថនៅ​ទូទាំងប្រទេស។

គិតត្រឹមថ្ងៃអង្គារនេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានសម្លាប់មនុស្សអស់១៣១នាក់ និងឆ្លងទៅមនុស្សជាង១ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ។

នាយ​កដ្ឋានព័​ត៌មា​ននៃ​ក្រសួងការពារជាតិ បានចុះផ្សាយកាលពីម្សិលមិញថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ទៅលើកងកម្លាំងកងរាជអាវុធហត្ថក្នុងក្របខណ្ឌទូទាំងប្រទេស ទោះពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ដោយចាប់ផ្តើមពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ​ថា ជាគោលការណ៍របស់ថ្នាក់ដឹកនាំ ការធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងតគ្នារវាងកងកម្លាំងនិងកងកម្លាំង និងពង្រឹងប្រសិទ្ធភាពការងារផង ដោយថា អំឡុងពេលនៃការចុះអនុវត្តវិធានការបិទខ្ទប់ កងកម្លាំងមួយចំនួនបានចុះទៅដល់គោលដៅដែលជាតំបន់ហានិភ័យនៃការឆ្លង​ជំងឺ​នេះ។

លោកថា៖ «ដើម្បីកុំឱ្យមាន​មន្ទិល​សង្ស័យ ​[ថាកើតកូ​វីដ-១៩​] និងក៏ជាការការពារមុនកុំឱ្យជំងឺហ្នឹងឆ្លង គឺដោយសារយើងស្នើបានតេស្តរហ័សហ្នឹងហើយ គឺឯកឧត្តមនាយឧត្តមសេនីយ៍ [សៅ សុខា] សម្រេចឱ្យកងរាជអាវុធហត្ថទាំងមូលដែលពាក់ព័ន្ធ ទាំងអ្នកនៅក្រៅ ទាំងអ្នកប្រតិបត្តិការ ត្រូវពិនិត្យទាំងអស់ ចៀសវាង​នៅពេលយើង​មិនដឹង​ យើង​ចម្លង​គ្នាច្រើន និងធ្វើ​ចត្តាឡីស័កនាំឱ្យបាត់បង់កម្លាំង»។

លោកបន្តថា ការធ្វើតេស្តរហ័សតាមរយៈឧបករណ៍រ៉ាបពីតេស្ត (Rapid Antigen test Covid-19) នេះ មិនទាន់អាចកំណត់បានថានឹងប្រើរយៈពេលប៉ុន្មាននោះទេ ដោយថា បច្ចុប្បន្នមានគ្រូពេទ្យតែ២នាក់ប៉ុណ្ណោះធ្វើកិច្ចការ​នេះ។

លោកថា៖ «កម្លាំងដែលធ្វើហ្នឹ​ង [គ្រូពេទ្យ] គឺមា​នតែពីរ​រូប អ៊ីចឹងធ្វើបានតែម្តងពីរនាក់ៗ។ អ៊ីចឹងក្នុង១ថ្ងៃ អាចបានត្រឹម២០ ទៅ៣០នាក់ ឬក៏៤០ប៉ុណ្ណឹង»។

បើតាមមន្ត្រីរូបនេះ ឧបករណ៍តេស្តរហ័សនេះ គ្រូពេទ្យប្រើពេល​ត្រឹម១៥នាទី វានឹងប្រាប់លទ្ធផល តែថា ការធ្វើតេស្ត២ថ្ងៃមកនេះមិនទាន់រកឃើញថាមានមន្ត្រីជាន់ខ្ពស់ណាមានវិជ្ជមានកូវីដ-១៩ នៅឡើយទេ។

យ៉ាងនេះក្តី លោកថា ជា​ដំណោះស្រាយ ស្ថាប័ន​បានបញ្ជូនមន្ត្រីមួយចំនួនទៅរៀនបន្ថែមហើយ ដើម្បី​ជួយកិច្ចការនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ថ្លែងថា មិនទាន់ទទួលបានព័ត៌មានពីថ្នាក់ដឹកនាំជុំវិញការធ្វើតេស្តរហ័សនេះ សម្រាប់តាមដានទៅលើកងកម្លាំងនៅទូទាំងប្រទេសដូចកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅឡើយទេ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើមន្ត្រីនគរបាលជាតិនៅឡើយ។

ប៉ុន្តែលោក​បានប្រាប់សារព័ត៌មាន​មួយចំនួនកាលពីថ្ងៃម្សិលមិញថា​ កងកម្លាំងនគរបាលជាតិផ្នែកអន្តរាគមន៍ប្រមាណ៨០នាក់ ជាក្រុមប្រចាំការនៅតំបន់​ឆ្លងធ្ងន់ធ្ងរឬតំបន់ក្រហម បានឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈនេះ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា វិធានការធ្វើតេស្តរហ័សលើមន្ត្រី ដើម្បីស្វែងរកមេរោគកូវីដ-១៩​ ជាប្រចាំ រួមទាំងការផ្តល់វ៉ាក់សាំង នឹងជួយ​កាត់បន្ថយបន្ទុករបស់​ក្រសួងសុខាភិបាល បើវិធានការនោះដំ​ណើរការទៅដោយមានតម្លាភាពនិងគុណភាព ខណៈពួកគេកំពុងជាប់បេសកកម្ម​នៅតំបន់ហានិភ័យនៅឡើយនោះ។

លោកថា៖ «ឥលូវយើងដឹងថា បងប្អូនទាហានហ្នឹងត្រូវបានគេផ្តល់ការងារក្នុងការជ្រោមជ្រែងក្នុងការទប់ស្កាត់ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដល់អ៊ីចឹងគាត់មានលទ្ធភាពឆ្លងហ្នឹងខ្ពស់ ហើយហានិភ័យឆ្លងមកដល់ខ្លួនគាត់ដែលអនុវត្តការងារហ្នឹងក៏ខ្ពស់ដែរ។ អ៊ីចឹងគាត់ត្រូវការទាមទារធ្វើតេស្ត ហើយជាការល្អបំផុត គឺចាក់វ៉ាក់សាំងគ្រប់គ្នា ដើម្បីការពារខ្លួនគាត់នៅពេលដែលគាត់ចុះធ្វើការងារប្រចាំថ្ងៃហ្នឹង»។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមេសា បានអនុញ្ញាតឱ្យអ្នកផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ប្រើប្រាស់នូវឧបករណ៍ធ្វើតេស្តរហ័ស (Rapid Antigen test Covid-19) ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយថា ជាការឆ្លើយតបតាមសំណើរបស់សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា។

បន្ថែមពីនេះ តាមរយៈលិខិតណែនាំចុះថ្ងៃទី៨ ខែឧសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំថា៖ «ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ធានាឱ្យ​មាន​ប្រក្រតីភាព​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ​សាធារណៈ ក្រសួង​សុំ​ធ្វើ​ការណែនាំ​ក្រើនរំឭក​ទៅដល់​មន្ទីរពេទ្យ​ទាំងនោះ ត្រូវធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ-១៩ ដើម្បី​ធ្វើ​ការញែក​អ្នកជំងឺ ប្រសិន​បើ​ចាំបាច់»។

ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានណែនាំតាមរយៈសារជាសំឡេងនៅថ្ងៃនេះ ឱ្យ​​ក្រុមការងារដែលកំពុងចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ឱ្យទប់ស្កាត់បុគ្គលមួយចំនួនដែលដឹងថា ខ្លួនឆ្លង​ជំងឺកូវីដ-១៩​ហើយនៅតែទៅទទួលវ៉ាក់សាំងទៀត ដែលលោកថា នេះជាមហន្ដរាយដល់យុទ្ធនាការចាក់វ៉ាក់សាំង របស់ជាតិ ដែលត្រូវទប់ស្កាត់ជាបន្ទាន់។

លោកថា៖ «ព្រោះនេះជាមហន្តរាយដល់អ្នកប្រតិបត្តិការទាំងឡាយ ធ្វើឱ្យខូចការងារធំតែម្តង! សុំគ្រប់គ្នាទាំងអស់យកចិត្តទុកដាក់ ហើយត្រូវដំណើរការរឿងនេះឱ្យបានម៉ត់ចត់ជាទីបំផុត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ