ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​អំឡុង​វិបត្តិ​កូវីដ-១៩​

ដីភូមិពលរដ្ឋមួយកន្លែងក្នុងស្រុកមួយខៃខេត្តរតនគិរី បានដាក់របាំងឈើនិងមានសរសេរពាក្យបម្រាមមិនឱ្យចូល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ចូលក្នុងភូមិពួកគេ នាដើមខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

ជនជាតិដើមភាគតិចមួយចំនួនអះអាងថា កំពុងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព​ ជាពិសេសខ្វះខាត​ស្បៀងនិងបញ្ហាបំណុលធនាគារក្នុង​អំឡុងពេលមាន​វិបត្តិនៃជំងឺកូវីដ-១៩។

ក្នុង​កិច្ចពិភាក្សាស្តីពី «វឌ្ឍនភាព និងផែនការសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងបរិបទកូវីដ-១៩» តាមប្រព័ន្ធអនឡាញ នាថ្ងៃនេះ នាយិកាប្រតិបត្តិសមាគមខ្មែរលើ និងជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី​ លោកស្រី ដាំ ចន្ធី បានថ្លែងថា កន្លងមក រដ្ឋាភិបាលបានយកចិត្តទុកដាក់ និងឱ្យតម្លៃជនជាតិដើមភាគតិច និងផ្តល់ការចុះបញ្ជីដីធ្លីនៅតាមតំបន់មួយចំនួន រួមទាំងឱ្យតម្លៃខាងប្រពៃណីវប្បធម៌របស់ពួកគេបានល្អប្រសើរជាងមុនទៀតផង។

ទោះជាបែបនេះក្តី នាយិការូបនោះអះអាងថា នៅពេលកម្ពុជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ក៏បាន​ធ្វើឱ្យប្រជាសហគមន៍និងជនជាតិដើមភាគតិចមួយចំនួនជួបបញ្ហាប្រឈមនឹងកង្វះស្បៀង និងគ្មានលុយសងបំណុលធនាគារ ជាដើម។

លោកស្រីមានប្រសាសន៍ថា៖ «នៅសម័យកូវីដនេះ គឺពួកយើងមានការខ្វះខាតផងដែរ ពាក់ព័ន្ធនឹងការរស់នៅ ស្បៀងអាហារ។ វាពិបាកក្នុងការទំនាក់ទំនង ក្នុងការរកចំណូលដើម្បីចិញ្ចឹមជីវិតក៏មានការលំបាក ដោយសារយើងមិនអាចទំនាក់ទំនងបានទូលំទូលាយដូចកាលពីកន្លងមក។ ហើយម៉្យាងទៀត ភាគច្រើនជនជាតិដើមភាគតិចរបស់យើងមានបំណុលជាមួយធនាគារដែលគាត់យកប្លង់យកទៅដាក់»។

តែយ៉ាងណា លោកស្រីពុំអាចបញ្ជាក់បានពីតួលេខច្បាស់លាស់នៃចំនួន​គ្រួសារ​ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩នេះ ថាមានប៉ុន្មានគ្រួសារនោះទេ។

ជនជាតិពូនង លោក ប្លង់ លេល រស់នៅភូមិឡាមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និយាយថា បច្ចុប្បន្នគាត់បានខ្ចីបុល​ធនាគារចំនួន៣ ០០០ដុល្លារ ដើម្បី​សាងសង់ផ្ទះ និងត្រូវបង់រម្លស់ក្នុងមួយខែ៩០០ ៤០០រៀល។

លោកបន្ត​ថា នៅអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាង១ឆ្នាំនេះ ធ្វើឱ្យគាត់ជួបបញ្ហាប្រឈមច្រើនក្នុងការរកប្រាក់សងរម្លស់ទៅធនាគារ និងបញ្ហាខ្វះស្បៀងជាដើម។ ករណីនេះ លោកអំពាវនាវទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមទាំងនេះដល់ពួកគាត់ផង។

លោកអំពាវនាវដូច្នេះថា៖ «រឿងខ្វះខាត វាចេះតែខ្វះហើយ! នៅក្នុងភូមិឃុំ គេដឹងស្រាប់ហើយថា ជីវភាព [ពលរដ្ឋជនជាតិដើម] ភូមិឃុំយើង គេដឹងហើយ! យើងមើលតាមហ្វេសប៊ុក មើលតាមអ៊ីនធឺណិត គេផ្សព្វផ្សាយ ឃើញគេបង្ហោះរដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋដែលក្រីក្រដែលខ្វះខាត។ នៅឃុំ​ស្រុកយើង អត់ឃើញ! ឡើងស្ងាត់ច្រៀប ខ្ញុំចង់ឱ្យរដ្ឋាភិបាលគិតគូរ​ ដូចថា ទូទៅ ដូចអ្នកខ្លះដែរ [ពលរដ្ឋ​នៅភ្នំពេញបានអំណោយ] ផ្តល់ស្បៀងអាហារដែលប្រជាពលរដ្ឋត្រូវការក្នុងពេលមានជំងឺកូវីដ»។

នាយកខុទ្ទកាល័យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយប្រាប់ថាជាប់ប្រជុំ។

តំណាងសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក រម៉ាស់ ឆ្វាត់ និយាយថា ចាប់ពីដើមខែឧសភាមក មានអ្នកឆ្លងកូវីដ-១៩ នៅក្នុងខេត្តនេះចំនួន៨នាក់ហើយ​។ លោកបន្តថា ក្រោយពីមានការឆ្លងរាលដាលនៃជំងឺនេះ ធ្វើឱ្យជនជាតិដើមភាគតិចមួយចំនួនជួបបញ្ហាប្រឈមនឹងកង្វះស្បៀង ដោយសារពិបាកចេញទៅរកប្រាក់ទ្រទ្រង់ជីវភាព។

លោកនិយាយថា៖ «កូវីដ! យើងប្រឈមនឹងរកស៊ីហូបចុក ទៅណាក៏មិនកើត ខ្លាចឆ្លងរាលដាលដល់គេ។ ផ្ទុះខ្លាំងទៅៗ អត់បានចំណូល ហើយចំណាយតាំងពីអាហារយើងហូបចុក។ ទៅធ្វើកម្មករគេ ស៊ីឈ្នួលគេ មិនបានដែរ! អត់ទៅណាបាន យើងអត់មានចំណូលមក»។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា សមាគមឬសហគមន៍ជនជាតិដើមភាគតិច គួរតែប្រមូលព័ត៌មាននិងតួលេខឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញបញ្ហាប្រឈម​​របស់​ជនជាតិដើមភាគតិច ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ​ រួចលើកជាសំណើទៅ​រដ្ឋាភិបាល មន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងសង្គមស៊ីវិល ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់​ពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកផ្តល់ជាអនុសាសន៍ដូច្នេះថា៖ «បងប្អូនជនជាតិដើមភាគតិចទាំងអស់ អ្នកដែលខ្វះស្បៀងអាហារនៅអំឡុងពេលកូវីដ យើងអាចស្នើទី១ លើកទឹកចិត្តធ្វើរបាយការណ៍ច្បាស់លាស់ទៅអាជ្ញាធរភូមិ ឃុំ ស្រុក ហើយនិងអភិបាលខេត្ត ឱ្យគាត់បានដឹង។ ហើយទី២ ដាក់មកអង្គការសង្គមស៊ីវិលដែលគាត់ដឹង ឧទាហរណ៍ដូចជា អង្គការ NGO Forum យើងមិនអះអាងថាឆ្លើយតបទិដ្ឋភាពទាំងអស់ទេ ប៉ុន្តែអាចមានសមាជិកយើងមួយចំនួនដែលជាអង្គការ គាត់ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ផ្តល់ជាជំនួយមនុស្សធម៌ យើងអាចយករបាយការណ៍ជាក់ស្តែងដែលជួបប្រទះ យកទៅដាក់ជូនពួកគាត់ចូលរួមទៅតាមលទ្ធភាព និងសមត្ថភាពដែលយើងមាន»។

លោកបន្ថែមថា៖ «ករណីបំណុលធនាគារ យើងអាចឱ្យបងប្អូនជនជាតិដើមភាគតិច អាចជជែកជាមួយធនាគារខ្លួនឯង ឬមួយក៏មានការស្នើសុំអន្តរាគមន៍ពីថ្នាក់មូលដ្ឋាន ហើយសុំឱ្យមានរបាយការណ៍ច្បាស់លាស់ទៅកាន់អាជ្ញាធរ ទៅកាន់អ្នកពាក់ព័ន្ធ នៅក្នុងករណីនៃការស្នើសុំរៀងៗខ្លួន»។

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន២៤ក្រុម ឬ២៤អំបូរ នៅខេត្តចំនួន១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ។

នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង ធ្លាប់បញ្ជាក់ថា មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថា បច្ចុប្បន្ន អាចមានចំនួនជនជាតិដើមភាគតិចប្រមាណ៤០ម៉ឺននាក់ ឬស្មើប្រមាណ២ភាគរយនៃប្រជាជនកម្ពុជាសរុប៕  ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ