ក្រសួងបរិស្ថាន ណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។
ក្នុងលិខិតមួយរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ពេលថ្មីៗនេះ ក្រសួងបានរកឃើញរដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់។
លិខិតដដែលបន្តថា ដើម្បីទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានាលើឯកសារទាំងនោះ អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការ ដោយបដិសេធនិងមោឃភាពចោលរាល់លិខិតឬឯកសារទាំងឡាយដែលមានការពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយណានៅលើដីធ្លីស្ថិតក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន ក៏ស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិតាមរយៈលិខិតរបស់ខ្លួនដូច្នេះថា៖ «ណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ឱ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ឬប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីស្ថិតក្នុងតំបន់ការពារធម្មជាតិ នៃដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ លើសពីនេះ ត្រូវចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះរដ្ឋបាលឃុំ-សង្កាត់ណាដែលមិនអនុវត្តតាម»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្ថែមលើលិខិតនេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា តំបន់ការពារធម្មជាតិនៅទូទាំង១១ខេត្ត មានចំនួនជាង៧០កន្លែង បាននិងកំពុងរងការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ហើយមានការចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លិខិតផ្ទេរសិទ្ធ ការកាន់កាប់ពីរដ្ឋបាលឃុំសង្កាត់ទាំងខុសច្បាប់។
អ្នកនាំពាក្យរូបនេះបន្តថា កន្លងមក ក្រសួងស្រាវជ្រាវនិងដកហូតយកដីជាច្រើនហិកតាមកទុកជាសម្បត្តិរដ្ឋវិញ ដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ធំ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងបណ្តាខេត្តផ្សេងទៀត។
លោក នេត្រ ភក្ត្រា បន្តទៀតថា ក្រុមជនល្មើសបានប្រើវិធីសាស្ត្រនិងល្បិចកលផ្សេងៗ ដើម្បីរុករានកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ ដោយបានបោកបញ្ឆោតឱ្យប្រជាពលរដ្ឋក្រីក្រនិងស្លូតត្រង់មួយចំនួនចូលទៅរុករានហើយលក់មកឱ្យខ្លួនក្នុងតម្លៃថោកៗ។
លោកបន្ថែមថា៖ «ខ្ញុំសុំបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លីឬក៏ទិញលក់ដីធ្លីក្នុងតំបន់ធម្មជាតិបានទេ។ ក្រសួងបរិស្ថានសុំឱ្យប្រជាពលរដ្ឋដែលមិនបានយល់ដឹងអំពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងឡាយ និងបញ្ឈប់ជាបន្ទាន់នូវការទិញដូរដីរដ្ឋនិងការបញ្ជាក់ការទិញដូរដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ហើយរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង ហើយប្រគល់ដីនោះឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។ បើពុំនោះទេ នឹងប្រឈមមុខនឹងផ្លូវច្បាប់»។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ខេត្តនេះពុំមានការចុះហត្ថខាឬចេញលិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារនិងតំបន់របៀងអភិរក្សជីវចម្រុះនោះទេ។ ប៉ុន្តែយ៉ាងណា លោកថា រដ្ឋបាលខេត្តនឹងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងឱ្យបានត្រឹមត្រូវ។
លោកបន្ថែមថា៖ «ខ្ញុំបានឃើញលិខិតហ្នឹងដែរ។ យើងនឹងខិតខំធ្វើតាមហ្នឹង ប្រសិនជាថ្នាក់មូលដ្ឋានណាគាត់បានចេញលិខិតបញ្ជាក់ការកាន់កាប់បែបនេះ។ ប៉ុន្តែកន្លងមក តាមខ្ញុំដឹង តំបន់អភិរក្សខេត្តកំពង់ធំ ដូចជាមិនដែលមានចេញបណ្ណកម្មសិទ្ធិណាមួយទេ»។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃឈើចំនួន២ទីតាំង ស្ថិតនៅតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិរមាំងស និងភូមិខ្ទេះ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានទំហំសរុប២៨១ហិកតា បន្ទាប់ពីទីតាំងដីនេះត្រូវបានជនខិលខូចជួលពលរដ្ឋទៅទន្ទ្រានកាន់កាប់និងដាំដំណាំ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា នៅក្នុងខេត្តកោះកុង មានករណីជនខិលខូចលួចចាក់ដីរំលោភចូលព្រែក ចូលសមុទ្រ និងការទន្ទ្រានយកដីព្រៃក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ បានកើតឡើងជាបន្តបន្ទាប់។
មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ករណីនេះកើតឡើងបានដោយសារតែមានការគប់គិតជាប្រព័ន្ធរវាងជនល្មើស ដែលជាអ្នកមានប្រាក់មានអំណាច និងអាជ្ញាធរពាក់ព័ន្ធ។
លោក ប៉ែន វុទ្ធា យល់ថា លិខិតរបស់ក្រសួងបរិស្ថានពេលនេះអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើក្រសួងមួយនេះមិនចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនល្មើសនិងអ្នកនៅពីក្រោយខ្នងនោះ។
លោកបន្ថែមថា៖ «ក្រសួងបានត្រឹមចេញលិខិតប្រាប់ទៅរដ្ឋបាលខេត្តឱ្យបញ្ឈប់ការចេញលិខិត ប៉ុន្តែអត់មានចំណាត់ការផ្លូវច្បាប់ណាមួយទៅលើអ្នកពាក់ព័ន្ធ ឬក៏មិនស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកមកដាក់ទោសឱ្យបានតឹងរ៉ឹងទេ។ អ៊ីចឹងវាអត់មានប្រសិទ្ធភាពអីទេ អ៊ីចឹងការទន្ទ្រានផ្សេងៗហ្នឹង វានៅតែបន្តកើតមានដដែល»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ទាមទារឱ្យក្រសួងបរិស្ថាន គួរតែចាត់វិធានការច្បាប់ឱ្យខានតែបាន ជាជាងចេញត្រឹមតែលិខិតបែបនេះ។
លោកក៏បានស្នើទៅក្រសួង គប្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ សកម្មជនបរិស្ថាន និងអង្គការសមាគមក្រៅរដ្ឋាភិបាល អាចចូលរួមល្បាតនិងការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារឱ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់បទល្មើសក្នុងតំបន់ទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា ក្រសួងបរិស្ថានគួរតែចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសអ្នកដែលចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់ផង ហើយអ្នកដែលបើកទូលាយឱ្យមានអ្នកចូលទៅកាន់កាប់ដីក្នុងតំបន់ការពារដោយខុសច្បាប់ផង និងជាពិសេសភាពធ្វេសប្រហែសរបស់អាជ្ញាធរសាធារណៈដែលនៅទីនោះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»៕