សង្គម​​ស៊ីវិល​ថា​​ការ​ដាក់​លក្ខ​ខណ្ឌ​ចាក់​វ៉ាក់សាំង​ដើម្បី​បាន​ប្រឡង​ចូល​ជា​មន្ត្រី​រាជការ​ នឹង​ប៉ះពាល់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ​

គ្រូពេទ្យម្នាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនអ្នកមកទទួលការចាក់វ៉ាក់សាំង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

ក្រុមអង្គការសមាគមបានទាមទារទៅរដ្ឋាភិបាលឱ្យលុបចោលវិញ​នូវការដាក់លក្ខខណ្ឌ​ចាក់វ៉ាក់សាំងសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីចូលក្របខណ្ឌរដ្ឋ ដោយថា ការកំណត់បែបនេះនឹងធ្វើ​ឱ្យ​​ប៉ះពាល់ដល់ធនធានមនុស្សធ្ងន់​ធ្ងរ ខណៈ​រដ្ឋាភិបាលទើបនឹងបានផ្តល់វ៉ាក់សាំង​​ត្រឹមជាង១លាននាក់ ក្នុងចំណោមពលរដ្ឋជិត១៦លាននាក់នោះ។

កាលពីថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ២០២១ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងមួយថា យោងតាមអនុសាសន៍របស់រដ្ឋាភិបាល គណៈកម្មការប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាដើម សម្រាប់ឆ្នាំ២០២១នេះ បេក្ខជនត្រូវធានាថា បានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់។

ក្រសួងបញ្ជាក់ទៀតថា នៅថ្ងៃប្រឡង បេក្ខជនទាំងអស់ត្រូវយកមកភ្ជាប់ជាមួយកាតសម្គាល់ដែលសាម៉ីខ្លួនបានទទួលវ៉ាក់សាំង ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំង ​ត្រូវមានលិខិតបញ្ជាក់ផ្លូវការពីមន្ទីរសុខាភិបាល។ ក្រសួងបន្តថា ក្នុងករណីបេក្ខជនមិនមានបណ្ណឬលិខិតបញ្ជាក់ គណៈកម្មការនឹងមិនឱ្យបេក្ខជននោះប្រឡងឡើយ។

អង្គការសមាគម​ចំនួន២០ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២១​ ថាពួក​គេ​មានកង្វល់​យ៉ាង​ខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលតម្រូវឱ្យបេក្ខជនបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ ទើបអាច​ដាក់ពាក្យស្នើសុំសិទ្ធិប្រឡង​ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងស្ថាប័​នរដ្ឋចំនួន៦បាន។

អង្គការទាំងនោះថា ការកំណត់បែបនេះនឹង «អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ក្នុងដំណើការជ្រើសរើសធនធានមនុស្ស ឱ្យបានចូលរួមប្រកួតប្រជែងប្រកបដោយសេរីភាព តម្លាភាព សមភាព គណនេយ្យភាព យុត្តិធម៌ និងផ្ទុយពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែ​​ល​បានចែងពីភាពស្មើគ្នាចំពោះមុខច្បាប់ត្រង់មាត្រា​៣១ និងមាត្រា​៣៦ ត្រង់កថាខណ្ឌទីមួយដែលបានចែងអំពីសិទ្ធិរបស់ប្រ​ជាពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ការជ្រើសរើសមុខរបរស្របតាមសមត្ថភាពខ្លួន»។

ក្រុមអង្គការ-សមាគមដែលមានទាំងអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងវិទ្យាស្ថានប្រ​​ជាធិបតេយ្យកម្ពុ​ជា ផងនោះ បានស្នើសុំឱ្យរាជរដ្ឋាភិបាលលុបចោលនូវលក្ខខណ្ឌកំណត់​នេះ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន។

ក្រុមអង្គទាំងនោះបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាទើបទទួលបានវ៉ា​ក់​​សាំងប្រឆាំងកូវីដ-១៩ ចំនួនជាង៤លានដូស (៤ ០២៤ ០០០ដូស) ហើយបានចាក់ជូនប្រជាពលរដ្ឋជាង១លាន៨សែននាក់ (១ ៨៩៩ ៩៨៨នាក់) តាមគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងចំណោមប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងទាំងអស់ មាន​ពលរដ្ឋ​ជាង១លាន១សែននាក់ប៉ុណ្ណោះ (១ ១១៧ ២៨០នាក់​) បានចាក់វ៉ាក់សាំងដូសទី២រួចរាល់។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ យល់​ថា ការដាក់លក្ខខណ្ឌរបស់ក្រសួង ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់បេក្ខជនឬយុវជនក្នុងការទទួលបានឱកាសប្រកួតប្រជែង​ចូលរួមជាមន្ត្រីរាជការ​សាធារណៈ ខណៈដែលរដ្ឋាភិបាលពុំទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅនៅឡើយ។

លោកបន្ថែមថា៖ «យើង​មើល​ឃើញ​ថា ប្រជាពលរដ្ឋជាច្រើនទៀតដែលគាត់មិនទាន់ទទួលបានការចាក់វ៉ាក់សាំងហើយ ជាហេតុធ្វើឱ្យលក្ខខណ្ឌនៃការតម្រូវឱ្យបេក្ខជនដែលចុះឈ្មោះប្រឡងត្រូវតែទទួលបានការវ៉ាក់សាំងនោះ វាគឺជាបញ្ហាឬក៏ឧបសគ្គ​​សម្រាប់យុវជន ក៏ដូចជាបេក្ខជន ដែលគាត់មានគោលបំណងចង់ចូលរួមប្រកួតប្រជែងនៅពេលខាងមុខនេះ។ អ៊ីចឹងយើងស្នើឱ្យខាងរដ្ឋាភិបាលលុបចោលនូវលក្ខខណ្ឌហ្នឹង ហើយរដ្ឋាភិបាលត្រូវផ្តល់ការគាំទ្រ និងផ្តល់ឱកាសប្រកបដោយតម្លាភាព ក៏ដូចជាយុត្តិធម៌សម្រាប់យុវជនឬបេក្ខជនទាំងហ្នឹង»

បេក្ខជនម្នាក់ដែលដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅស្ថាប័នរដ្ឋមួយ​ លោក ពីង នួន ប្រាប់ វីអូឌី ថាលោកបានដាក់ពាក្យសុំប្រឡងរួចហើយ និងបានចំណាយប្រាក់៣០ ០០០​រៀលសម្រាប់ធ្វើឯកសារ​ផ្សេងៗដើម្បីបានចូលប្រឡង។ តែយ៉ាងណា លោកថា រូបលោកនៅមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ​ បើទោះជា​រូបលោកបានដាក់ពាក្យ​ទៅ​ឃុំ-សង្កាត់​រួចយូរហើយ ដើម្បីស្នើសុំចាក់វ៉ាក់សាំងនេះ។

លោកបន្ថែមថា៖ «មិនមែនយើងមិនចង់ចាក់វ៉ាក់សាំងទេ ប៉ុន្តែគោលការណ៍ឥលូវគេសម្រុកចាក់នៅភ្នំពេញ ចុះបើនិស្សិតបេក្ខជនដែលគាត់នៅតាមខេត្តមិនទាន់បានចាក់ ​គាត់ធ្វើម៉េច​បាន​ប្រឡង​ក្នុងករណីគាត់បានដាក់ពាក្យរួចហើយ។ ក្នុងករណីនេះ ខ្ញុំគ្រាន់តែស្នើក្រសួងសាម៉ីបង្វិល​​លុយឱ្យគាត់វិញទៅ ឬក៏ទុកឈ្មោះឱ្យគាត់អាច​ប្រឡងនៅឆ្នាំក្រោយទៀតក៏បាន»

យុវតីម្នាក់ឈ្មោះ Julie Wang លើកឡើងក្នុងបណ្តាញសង្គម​ហ្វេស​ប៊ុកថា គាត់​​ជាបេក្ខភាពត្រៀមប្រឡងចូលបម្រើការងារ​មន្ត្រីរាជការសាធារណៈ រយៈពេល២ឆ្នាំមកហើយ ហើយកញ្ញាក៏​​ពុំទាន់បានការចាក់វ៉ាក់​សាំងការពារ​វីរុសកូវីដ-១៩ នៅឡើយទេ។ កញ្ញាបន្តថា គាត់បាន​​ចុះឈ្មោះនៅសាលាសង្កាត់ និងនៅតាមមណ្ឌលផង ដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលជាង១ខែហើយ នៅពុំទាន់មានការឆ្លើយតបនៅឡើយ។

កញ្ញាសសេរថា៖ «សូមជម្រាបជូនថ្នាក់ដឹកនាំក្រសួង មេត្តាពិនិត្យលទ្ធភាពរបស់ក្រសួងសុខាភិបាល និង​គណៈកម្មការចាក់វ៉ាក់សាំង ថាតើប្រជាជនប៉ុន្មានភាគរយហើយបានទទួលការចាក់វ៉ាក់សាំង មុននឹងសម្រេចចេញនូវកាលបរិច្ឆេទប្រឡង»។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រំ សុខា សុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយលោករុញឱ្យទៅសួររដ្ឋលេខាធិការប្រចាំការ លោក យក់ ប៊ុនណា ដែលធ្វើកិច្ចការនេះ។ ប៉ុន្តែ វីអូឌី មិនអាចទាក់ទងបានឡើយទេ នៅថ្ងៃទី១៣ ខែឧសភានេះ។

យ៉ាងណា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីពាក់ព័ន្ធមួយចំនួន កុំឱ្យយកលក្ខខណ្ឌចាក់វ៉ាក់សាំងធ្វើការទប់ស្កាត់មិនឱ្យកម្មករចូលធ្វើការ អំឡុងពេលដែលរដ្ឋាភិបាលបើកឱ្យដំណើរការ​ឡើងវិញក្រោយការបិទខ្ទប់ជាង៣សប្តាហ៍មកនោះ។

លោកថា៖ «លក្ខខណ្ឌបែបនេះមិនទាន់អាចអនុវត្តបាននោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណើរការចាក់វ៉ាក់សាំង ហើយចាក់បានកម្រិតតិចតួចនៅឡើយ។ ដូច្នេះ អនុវត្តនូវលក្ខខណ្ឌវ៉ាក់សាំងកាតព្វកិច្ចមិនបាននោះឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ