ពលករ​ខ្មែរ​នៅ​ថៃ​ ស្នើ​​ទូត​ខ្មែរ​​ជួយ​ដល់​​ជីវភាព​ពួក​គាត់​ដែល​ខ្វះខាត​អំឡុង​ពេល​​កូវីដ-១៩

ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្បែរនឹងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (វណ្ណ វិចារ)

ពលករខ្មែរដែល​ឆ្លងជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើការនៅ​​ខេត្តសាមុតប្រាកាន ប្រទេសថៃ ស្នើ​​ដល់​ស្ថានទូតកម្ពុជាប្រចាំប្រទេសមួយនេះ ជួយអន្តរាគមន៍​ដោះស្រាយបញ្ហាជីវភាពក្នុងអំឡុងពេលមានការ​រាលដាលជំងឺកូវីដ-១៩។

លោក នួន សារ៉េន អះអាង​ជា​ពលករម្នាក់ដែលកំពុងរស់នៅនិងធ្វើការក្នុងរោងចក្រត្រីខមួយកន្លែង នាខេត្តសាមុតប្រាកាន​ បានប្រាប់ វីអូឌី តាមទូរសព្ទពីប្រទេសថៃ កាលពីថ្ងៃម្សិលមិញ​ថា ​នៅក្នុង​​តំបន់ដែល​លោករស់នៅ មានការឆ្លងរាលដាល​ខ្លាំងនូវជំងឺកូវីដ-១៩ ក្នុង​នោះ រូប​​លោកនិងប្រពន្ធ ក៏​បានឆ្លងជំងឺផ្លូវដង្ហើមមួយនេះដែរ។

លោក​បន្តថា អំឡុងពេលសម្រាក​ព្យាបាលជំងឺកូវីដ-១៩នេះ គ្រួសារ​របស់​លោក​ពុំមានប្រាក់ចំណូលនោះទេ ដែលករណីនេះ លោក​​ស្នើដល់​ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយអន្តរាគមន៍​​ដោះស្រាយ​ជីវភាពនិង​សម្រួលបន្ទុកផ្សេងទៀតដល់ពួកគាត់ផង។

លោក សារ៉េន និយាយថា៖ «សំណូមពរដល់​រដ្ឋាភិបាល​ខ្មែរ​យើង និងស្ថានទូតខ្មែរប្រចាំប្រទេសថៃ សូមជួយមានដំណោះស្រាយបញ្ហាសម្រាប់ពលករខ្មែរចំណាកស្រុកដែលកំពុងជាប់ជាមួយកូវីដផ្ទុះខ្លាំងក្នុងប្រទេសថៃ»។

បុរសមានដើមកំណើតមកពី​ស្រុកកំចាយមារ ខេត្តព្រៃវែង រូបនេះ បន្ដថា តំបន់ដែលលោករស់នៅនិងធ្វើការនេះមានពលករខ្មែរ​​ជាច្រើនដែលប្រឈមបញ្ហាជីវភាព ខណៈពួកគាត់​ក៏មិន​ទាន់​ទទួលបានដំណោះស្រាយណាមួយពីខាងរោងចក្រនៅឡើយ។

ពលករខ្មែរម្នាក់ទៀត លោក កូយ បូរ៉ា វ័យ៣៤ឆ្នាំ ដែលមិនមានការងារធ្វើ​​ក្រោយ​រោងចក្រ​ត្រីខនៅខេត្តសាមុត​ប្រាកាន​ បានផ្អាកដំណើរការនោះ បានឱ្យដឹងដែរ​ថា តាំងពី​រោងចក្របិទជាបណ្ដោះអាសន្នកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ-១៩មក លោកទិញតែអង្ករនិង​ស៊ុតមាន់-ទាសម្រាប់ហូបចុកតែប៉ុណ្ណោះ។

ពលករដែលមានស្រុកកំណើតនៅខេត្តកំពង់ធំរូបនេះ ​ឱ្យដឹងទៀតថា រូបលោកធ្វើការនៅរោងចក្រត្រីខនេះរយៈពេល៥ឆ្នាំមកហើយ ដែលធ្វើឱ្យ​​លោកនៅ​សល់លុយខ្លះ និងលុយធានារ៉ាប់រងក្នុងមួយថ្ងៃចំនួន១៦០បាត ឬស្មើ​ប្រមាណ២០ ០០០រៀល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងអំឡុងពេល​ផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែលោកមើលឃើញថា ពលករដែលទើបទៅធ្វើការងារ​នៅទីនោះ កំពុង​ប្រឈមបញ្ហាជីវភាពខ្លាំង។

លោក បូរ៉ា និយាយថា៖ «ដល់ពេលបិទអ៊ីចឹង អត់មានអីផង មានតែសន្សំលុយ អត់ហ៊ានទិញអីផង។ ទិញតែអង្ករ ទុកហូប ហើយនិងពងមាន់ ពងទា ហើយនិងត្រីខ។ អ្នកខ្លះគាត់មកថ្មី អត់មានលុយចាយអ៊ីចឹង។ ហើយអ្នកមកយូរអ៊ីចឹង គេមានលុយចាយ គេមានលុយនៅក្នុងខ្លួន។ ពិបាកសម្រាប់អ្នកទើបមក ហើយអ្នកអត់មានលុយ អ៊ីចឹងគាត់អត់មានអីហូបទេ ដូចប្អូនៗអ៊ីចឹងថាបងអើយ​ដាច់បាយហើយ»។

លោក កូយ បូរ៉ា និយាយទៀតថា មកទល់ពេលនេះ ខាងភាគីរោងចក្រនិងរដ្ឋាភិបាលថៃនៅមិនទាន់ជួយអ្វីដល់ពលករ អំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ​នៅឡើយទេ។ ដោយឡែក កិច្ចអន្តរាគមន៍ពីភាគីកម្ពុជាជួយដល់ពលករខ្មែរ លោកថា ក៏នៅមិនទាន់មាននោះដែរ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា លោកនឹងទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវនិងដោះស្រាយជុំវិញករណីនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងសាកសួរទៅស្ថានទូតខ្មែរ ដើម្បីបញ្ជាក់»។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន បានឱ្យដឹងថា ក្នុងរោងចក្រត្រីខកំប៉ុង នៅខេត្តសាមុតប្រាកាន មានពលករសរុប​ជាង៨០០នាក់ ក្នុងនោះ មានពលករខ្មែរ​ជាង៤០០នាក់កំពុងធ្វើការនៅទីនោះ។

លោកអះអាងថា កាលពីថ្ងៃ​ទី១៤ ខែឧសភានេះ លោកទទួលបានដំណឹងថា មានករណីពលករខ្មែរ​ម្នាក់ដែល​ធ្វើការនៅទីនោះបាន​ស្លាប់​​ដោយសារជំងឺកូវីដ-១៩។

ករណីនេះ លោកជំរុញឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយសម្របសម្រួលលើការព្យាបាលនិងការរស់នៅរបស់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អំឡុងពេលមានការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩នេះ។

លោកមានប្រសាសន៍ថា៖ «ទាក់ទងពលករខ្មែរដែលឆ្លង [ជំងឺកូវីដ-១៩] សូមឱ្យមន្រ្តីរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធដែលជាស្ថានទូត កុងស៊ុលប្រចាំប្រទេសថៃ គួរណាស់តែជួយដើម្បីឱ្យពលករខ្មែរយើងបានការព្យាបាលឱ្យបានត្រឹមត្រូវផង»។

សារព័ត៌មានរបស់ថៃ The Nation ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះ បានឱ្យដឹងថា កាលពីថ្ងៃ​ម្សិលមិញ ប្រទេសថៃបានរកឃើញចំនួនអ្នក​ឆ្លងជំងឺ​កូវីដ-១៩​ថ្មីខ្ពស់បំផុត​នៅអាស៊ាន​ ដែលមានចំនួន៩ ៦៣៥នាក់​ ​និងស្លាប់ចំនួន២៥នាក់ ដោយភាគច្រើន​ជាការឆ្លងក្នុង​ចង្កោមនៅក្នុងពន្ធនាគារ។

ប្រភពដដែលបន្តថា ករណីឆ្លងជំងឺ​កូវីដ-១៩សរុបនៅប្រទេសថៃ បានកើនឡើងរហូតដល់ជាង១១ម៉ឺននាក់ (​១១១ ០៨២នាក់​) ខណៈចំនួនអ្នកស្លាប់សរុបមាន​៦១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ