ក្រុមហ៊ុន​ YouTube​ ផ្អាក​ផ្សាយ​ពាណិជ្ជ​កម្ម​វីដេអូ​នៅ​លើ​ប្រទេស​ជាង​៩០​ ដើម្បី​កែ​សម្រួល​លក្ខខណ្ឌ​ពាណិជ្ជ​កម្ម

វីដេអូអប់រំមួយស្ដីពី «កិច្ចការពារកុមារនិងយុវវ័យអំឡុងពេលវិបត្តិកូវីដ-១៩» ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមយូធូប។

ក្រុមហ៊ុន YouTube ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាល់វីដេអូនៅកម្ពុជា និងនៅប្រទេសជាង៩០ក្នុងពិភពលោក ខណៈក្រុមហ៊ុននេះកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរស្របតាមដៃគូពាណិជ្ជកម្មរបស់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែឧសភា ម្សិលមិញ​ថា ថ្មីៗនេះ ក្រុមហ៊ុន YouTube បានផ្អាកមិនឱ្យមានការ​ផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅកម្ពុជានិងប្រទេសជាង៩០ទៀត ដែលធ្វើឱ្យ​អ្នកទស្សនាសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែផ្ទុយទៅវិញ អ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលបានទៀតនោះទេ។

ទោះជាបែបនេះក្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ក្រសួងបានជួបពិភាក្សាជាមួយអ្នកតំណាងក្រុម​ហ៊ុន​អំពីការផ្អាករកចំណូលនោះដែរ ប៉ុន្តតំណាងក្រុមហ៊ុន YouTube អះអាងថា ខ្លួនកំពុងកែសម្រួល​គោលការណ៍​ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យ​មាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យ​អ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ​កម្មវិធីភាពជាដៃគូ (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូល​ពីការផ្សាយពាណិជ្ជកម្មបាន។

សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា៖ «ការផ្អាកមិនឱ្យ​រកចំណូលពីបណ្តាញយូធូបនេះ មិនមែនធ្វើឡើងតែសម្រាប់កម្ពុជាមួយទេ គឺផ្អាកជាង៩០ប្រទេសក្នុងពិភពលោក។ ក្នុងចំណោមជាង៩០ប្រទេសនេះ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូន​ជាបន្តបន្ទាប់ តាមរយៈការទទួលបានកម្មវិធីភាពជាដៃគូ»។

សេចក្តីប្រកាសដដែលបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យ​មានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍ កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន ខណៈក្រសួងក៏នឹងបន្តពិភាក្សាជាមួយអ្នកតំណាងក្រុម​ហ៊ុន​នេះក្នុងការដោះស្រាយកិច្ចការងារនេះឱ្យបានឆាប់រហ័សផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ