អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ប្រមូល​សំណាក​អ្នក​ពាក់​ព័ន្ធ ក្រោយ​​​​កម្មករ​ជាង​២០​នាក់​​ឆ្លង​ជំងឺ​កូវីដ-១៩​

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង ចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធនឹងកូវីដ-១៩ នៅទីតាំងមណ្ឌលចត្តាឡីស័កមួយក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

មន្ត្រីពាក់ព័ន្ធនៅខេត្តកំពង់ឆ្នាំង កំពុងប្រមូលសំណាកកម្មករមួយចំនួនដែល​ធ្វើការ​​នៅរោងចក្រមួយ​ក្នុង​​ស្រុកកំពង់ត្រឡាច ដើម្បីយកទៅពិនិត្យរកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក​​ ក្រោយពីបានរកឃើញកម្មករជាង២០នាក់ឆ្លងជំងឺកូវីដ-១៩។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង​ លោក ពៅ ស៊ីថា ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី១៧ ខែឧសភា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករ៥៥នាក់ទៅពិនិត្យរកជំងឺកូវីដ-១៩ ក្រោយពួកគេ​បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយទៅសម្រាក​ព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗគ្នា។ លោកបន្ត​ថា ក្នុង​ចំណោមកម្មករទាំង​៥៥នាក់ដែលបានយកសំណាកទៅពិនិត្យនោះ គឺរកឃើញកម្មករចំនួន​២១នាក់មានវិជ្ជមានជំងឺកូវីដ-១៩។

លោក​បន្តទៀតថា កម្មករដែលឆ្លងជំងឺកូវីដ-១៩ ទាំង​២១នាក់នោះ ធ្វើការ​​នៅ​រោងចក្រ ហីរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR Cambodia Co.,Ltd) នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ហើយបច្ចុប្បន្ន ​ក្រុមគ្រូពេទ្យនិងអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នក​ពាក់ព័ន្ធ ដើម្បីយកសំណាក​ទៅពិនិត្យនិងតម្រូវឱ្យធ្វើចត្តាឡីស័ក។

លោក ពៅ ស៊ីថា បន្តថា បើទោះ​បីជារោងចក្រមួយនេះបានផ្ទុះជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែអាជ្ញាធរមិនទាន់ផ្អាក​ដំណើរការអាជីវកម្មរោងចក្រទាំងស្រុងនៅឡើយទេ គឺផ្អាក​តែតាមផ្នែកដែលពាក់ព័ន្ធប៉ុណ្ណោះ។

លោកបន្ថែមថា៖ «គោលដៅរបស់យើង គឺអនុវត្តទៅតាមរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ធ្វើយ៉ាងណាកុំឱ្យវាបន្តរីករាលដាល ដោយខិតខំទប់ស្កាត់ ដោយដឹងហើយយើងត្រូវមានវិធានការព្យាបាលពួកគាត់ ឱ្យគាត់ធ្វើចត្តាឡីស័ក និងយកសំណាកពួកគាត់ដែលពាក់ព័ន្ធទៅពិនិត្យបន្ថែម»

បើតាមប្រធានមន្ទីរការងាររូបនេះ រោងចក្រ ហីរ៉ាយហ្សិន ជារោងចក្រផលិតកាបូបនិងសម្លៀកបំពាក់ ដែលមានកម្មករកំពុងធ្វើការសរុប​ប្រហែល៩ ០០០នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន មានប្រសាសន៍ថា ក្រុមគ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់លើករណីនេះ ហើយ​​ប្រសិនបើពិនិត្យឃើញមានការឆ្លងច្រើន នឹងតម្រូវឱ្យរោងចក្រផ្អាក​ដំណើរការអាជីវកម្មបណ្តោះអាសន្ន។

លោក ប្រាក់ វ៉ុន បន្តថា កម្មករដែលវិជ្ជមានជំងឺកូវីដ-១៩ ទាំង២១នាក់ កំពុងសម្រាក​ព្យាបាលនៅមណ្ឌលព្យាបាលស្រុកកំពង់​ត្រឡាច ខណៈអ្នកពាក់ព័ន្ធដែលជិះរថយន្ត​ទៅ​ធ្វើការជាមួយគ្នា ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។

លោកបន្ថែមថា៖ «ជាលក្ខខណ្ឌបច្ចេកទេស គឺខាងយើងកំពុងតែពិនិត្យយ៉ាងល្អិតល្អន់ ហើយយើងកំពុងតែពិនិត្យលើស្ថានភាពហ្នឹងសិន យើងមិនទាន់ផ្អាក​ដំណើរការរោងចក្រនៅឡើយទេ»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពី​តំណាងរោងចក្របានទេ ពាក់ព័ន្ធករណីនេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើរោងចក្រណាមួយសង្ស័យថា កម្មករកើតជំងឺកូវីដ-១៩ ឬឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរពាក់ព័ន្ធគួរតែផ្អាកដំណើរការអាជីវកម្មរោងចក្រនោះ​បណ្ដោះអាសន្ន ហើយខិតខំរកវិធីឬជំរុញឱ្យមានការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលខ្ជាប់ខ្ជួន។

លោកបន្ថែមថា៖ «ប្រសិនជាអាច នៅពេលដែលសង្ស័យកម្មករណាម្នាក់ឆ្លងជំងឺកូវីដ អាជ្ញាធរគួរតែឱ្យរោងចក្រនោះផ្អាកសិនក៏ល្អដែរ ដើម្បីកុំឱ្យមានការឆ្លងរាលដាល ឬមានមធ្យោបាយអ្វីផ្សេងទៀតដូចជា ការណែនាំឱ្យពួកគាត់អាចរក្សាគម្លាត អនុវត្តឱ្យបានជាប់នូវវិធានការក្រសួងសុខាភិបាល»

អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះកម្មករជាប់ធ្វើចត្តាឡីស័កនិងកម្មករដែលកំពុងសម្រាកព្យាបាលដោយសារជំងឺកូវីដ-១៩។ លោកក៏បានជំរុញដល់​និយោជក ត្រូវ​ផ្តល់ប្រាក់ឈ្នួលពេញទៅដល់កម្មករ ខណៈពួកគេជាប់ធ្វើ​ចត្តាឡីស័ក ដើម្បីការពារការឆ្លងរាលដាលជំងឺមួយនេះ។

លោកបន្ថែមថា៖ «អ៊ីចឹងការដែលឱ្យកម្មករគាត់ឈប់សម្រាក ដើម្បីធ្វើតេស្តរកកូវីដ ហើយដើម្បីទប់ស្កាត់កុំឱ្យមានហានិភ័យនៃការឆ្លងរីករាលដាល អាហ្នឹងវាជាកាតព្វកិច្ចរបស់និយោជក ហើយអាហ្នឹងវាក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែរ ហើយក៏មិនមានច្បាប់ណាចែងថា ការដែលឱ្យកម្មករឈប់សម្រាកហ្នឹងមិនត្រូវទទួលបានប្រាក់ឈ្នួល អាហ្នឹងវាអត់មានទេ»

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹង​ថា មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦រោងចក្រ​​) នៅតាមបណ្តា​រាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រសួងនៅពុំទាន់បង្ហាញតួលេខថ្មីស្តីពីការឆ្លងជំងឺសកលមួយនេះក្នុងចំណោមកម្មករទៀតនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ