ក្រសួង​នឹង​ឈប់​ផ្តល់​​អាជ្ញាបណ្ណ​ដល់​​​​​ម្ចាស់​អង្គភាព​​សារ​ព័ត៌មាន​ដែល​​​មិន​​​ចុះ​បញ្ជី​​ពាណិជ្ជ​កម្ម​ត្រឹម​ចុង​​ឆ្នាំ​នេះ​​

ក្រុមជួសជុលបណ្ដាញលូផ្លូវ កំពុងជួសជុលកែលម្អលូនៅពីមុខក្រសួងព័ត៌មាន កាលពីដើមខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

ក្រសួងព័ត៌មាន ព្រមានបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម​ដល់ស្ថាប័ន​​សារព័ត៌មាននិងសោតទស្សន៍ដែល​មិនទៅចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាកពាណិជ្ជនាម នៅដើមឆ្នាំ២០២២ បើនៅតែមិនព្រមទៅចុះបញ្ជីតាមច្បាប់។

ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចុះនៅថ្ងៃទី១៩ ខែឧសភានេះ បានលើកឡើង​ថា ម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងនាយកក្រុមហ៊ុនផ្តល់​សេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួនធំ បាន​យកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន និងប្រកាសរបស់អន្តរក្រសួងស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការម៉ាកនិងពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីធានាបាននូវការប្រើប្រាស់ម៉ាកពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួនបានត្រឹមត្រូវតាមច្បាប់។

ប៉ុន្តែក្រសួងបញ្ជាក់ថា នៅមាន​​ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាលើវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួនតូច នៅមិនទាន់អនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាននៃកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាកពាណិជ្ជនាមស្ថាប័នអង្គភាពនិងក្រុមហ៊ុនរបស់ខ្លួន បំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀត ដែលធ្វើឱ្យមានការភ័ន្ត​ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។

ករណីនេះ ក្រសួងព័ត៌មាន ប្រាប់ទៅម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់​ដែលកំពុងធ្វើអាជីវកម្ម ហើយមិនទាន់បានចុះបញ្ជីម៉ាកពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ ត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាកពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។

ក្រសួងព័ត៌មាន បញ្ជាក់ថា បើម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងនោះមិនទៅចុះបញ្ជី ហើយនៅតែដំណើរការអាជីវកម្មរបស់ខ្លួនដោយបំពានច្បាប់ ក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍បន្ថែមថា ក្រសួងបានជូនដំណឹងជាលើកទី២ ដោយបន្ថែម៦ខែទៀត សម្រាប់ទុកឱកាសឱ្យម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ទៅចុះបញ្ជីម៉ាកពាណិជ្ជនាមស្របតាមច្បាប់ ដើម្បីជួួយពង្រឹងលើការប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យកាន់តែល្អថែមទៀតផង។

លោកមានប្រសាសន៍ថា៖ «ក្រសួងចង់លើកទឹកចិត្តនិងគាំទ្រដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ទើបក្រសួងបានបន្ថែមរយៈពេល៦ខែទៀត ដើម្បីទុកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់ឱ្យពួកគាត់ទៅចុះបញ្ជីឱ្យបានគ្រប់ៗគ្នា»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា «ខេមបូចា» លោក ណុប វី មានប្រសាសន៍ថា ស្ថាប័នរបស់លោកកំពុងរៀបចំឯកសារ ដើម្បីសុំចុះបញ្ជីការពារម៉ាកពាណិជ្ជនាមស្ថាប័នផងដែរ។ លោកលើកទឹកចិត្តដល់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ត្រូវទៅចុះបញ្ជីនៅក្រសួង ដើម្បីងាយស្រួលការពារម៉ាកនិងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនស្របតាមច្បាប់ ដោយមិនឱ្យមានការលួចថតចម្លងកម្មសិទ្ធិបញ្ញា ជាដើម។

លោក ណុប វី ស្នើទៅក្រសួងព័ត៌មាន ត្រូវជួយសម្រួលឱ្យម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ បានទៅចុះបញ្ជីដោយរហ័ស និងមិនយកកម្រៃ ឬបន្ធូរបន្ថយដល់ម្ចាស់ស្ថានីយណាដែលធ្វើការងារជួយដល់សង្គម ជាដើម។

លោកស្នើដូច្នេះថា៖ «ស្ថាប័នមួយចំនួនមិនមែនស្វែងរកប្រាក់កម្រៃទេ ហើយគាត់ក៏ចង់ចូលរួមក្នុងការចុះបញ្ជីដើម្បីការពារផលប្រយោជន៍សាធារណៈ កិច្ចការពារដល់អ្នកសារព័ត៌មានជាដើម ក្រសួងគួរតែសម្រួលដល់ការចុះបញ្ជី ធ្វើម៉េចកុំឱ្យមានការបង់កម្រៃសម្រាប់ពួកគាត់ ដោយសារពួកគាត់ធ្វើការងារដើម្បីចូលរួមក្នុងការបម្រើសង្គមដែរ»។

លោកមានប្រសាសន៍បន្ថែមទៀតថា៖ «ហើយចំណុចមួយទៀត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលពួកគាត់មានការបង្កើតប្រព័ន្ធផ្សព្វផ្សាយ ហើយគាត់មិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ខ្ញុំគិតថា ខាងសមត្ថកិច្ចក្រសួងគាត់គួរតែពិចារណាក្នុងការបន្ធូរបន្ថយសម្រាប់កម្រៃសេវាផ្សេងៗដែលគាត់ត្រូវបង់ ដើម្បីទទួលបានការចុះបញ្ជីការពារម៉ាកពាណិជ្ជនាមរបស់ពួកគាត់ផងដែរ»។

បើតាមអ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានស្ថានីយទូរទស្សន៍ផ្សាយតាមប្រព័ន្ធអាណាឡូស និងឌីជីថល មានចំនួន២៧ស្ថានីយ ទូរទស្សន៍ខ្សែកាបមានចំនួន​២២០ស្ថានីយក្នុងក្របខណ្ឌទូទាំងប្រទេស វិទ្យុមាន២២០ស្ថានីយ និងអង្គភាពបោះពុម្ពផ្សាយ​ជាង៤០០អង្គភាព ហើយអង្គភាពដែលផ្សព្វផ្សាយតាមអនឡាញមាន​៦៦៩អង្គភាព ក្នុងនោះអង្គភាពមួយចំនួនធំបានចុះបញ្ជីនៅក្រសួងព័ត៌មានរួច​​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ