ពលរដ្ឋ​បារម្ភ​​ទិញ​ប៉ះ​អាល់​​កុល​គ្មាន​គុណភាព​ ខណៈ​អាជ្ញាធរ​បង្រ្កាប​​ជាង​៤០​តោន​​ក្នុង​​​ព្រឹត្តិ​​ការណ៍​​​២០​កុម្ភៈ​

អគ្គនាយកដ្ឋាន ក.ប.ប ស្នើសុំគោលការណ៍ឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាំយករថយន្តមន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ទៅធ្វើពិសោធន៍អាល់កុលនៅទីតាំងលក់អាល់កុលអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយមានកិច្ចសហការពីអាជ្ញាធរខណ្ឌដង្កោ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)


ប្រជាពលរដ្ឋមួយចំនួន​បារម្ភ​ទិញប៉ះចំអាល់​កុលមិនសុទ្ធល្អឬគ្មានគុណភាព ដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់​ ខណៈអាល់កុលក្លែងក្លាយជាង៤០តោនត្រូវបានមន្ត្រីជំនាញរឹប​អូស​បាន ​អំឡុង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

កញ្ញា សារិ សុថាវី អាយុ២១ឆ្នាំ ជាអ្នកប្រកបរបរលក់ឡេតាមអនឡាញ នៅរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី១៩ ខែឧសភានេះ​ថា ចាប់​តាំងពីមានព្រឹត្តិការណ៍សហគមន៍​២០កុ​ម្ភៈមក គាត់​បានទិញអាល់​កុល១កាន (៣០លីត្រ) ក្នុង​​តម្លៃ៤៥​ដុល្លារ ពីអ្នកលក់គ្រឿងសម្អាងាបោះដុំម្នាក់ សម្រាប់ប្រើប្រាស់ជា​លក្ខណៈគ្រួសារ ប៉ុន្តែកញ្ញា​មិនបានដឹងអំពីប្រសិទ្ធភាពរបស់វានោះទេ។

កញ្ញា​មានក្តី​បារម្ភ​ចំពោះ​បញ្ហាអាល់​កុលក្លែងក្លាយនេះ ដោយថា នឹងធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់និងខាតបង់ថវិកាផងដែរ។

កញ្ញា សុថាវី និយាយថា​៖ «ពេលយើងប្រើប្រាស់អាល់​កុលក្លែងក្លាយ វាអាចប៉ះ​ពាល់ដល់សុខភាពស្បែករបស់យើង ទៅជារមាស់ ទៅជាសើ[ស្បែក] ទៅជារបកស្បែក មានបញ្ហាផ្សេងៗ ជាពិសេសនោះគឺខាតលុយ ខាតពេលវេលារបស់យើង។ ហើយ​មួយវិញទៀត គឺវាប្រឈមមុខនឹងការឆ្លងជំងឺ ពីព្រោះតែយើងប្រើអាល់​កុលដែលវាមិនសុទ្ធ វាអត់មានប្រសិទ្ធភាព អាចធ្វើឱ្យយើងឆ្លងជាមួយនឹងជំងឺកូវីដ-១៩»។

បើតាមស្ត្រីរូបនេះ គ្រួសាររបស់គាត់មានសមាជិក៤នាក់បានប្រើប្រាស់អាល់កុលអស់៧លីត្រ ក្នុង​រយៈពេលជិត៣ខែនេះ។

អ្នកស្រី តេង វួចធារ៉ា វ័យ២៨ឆ្នាំ ជាអ្នកលក់ខោអាវមនុស្សពេញវ័យ នៅផ្សារបឹងកេងកង បានឱ្យដឹងថា គាត់មានការប្រុងប្រយ័ត្នចំពោះការទិញអាល់​កុល​ដើម្បីបាញ់សម្លាប់មេរោគ ដោយបារម្ភខ្លាចទិញប៉ះចំអាល់​កុលមិនសុទ្ធ ហើយប៉ះពាល់ដល់សុខភាពរបស់គាត់និងក្រុមគ្រួសារ​។

អ្នកស្រី ធារ៉ា និយាយថា៖ «ខ្ញុំភាគច្រើនអត់សូវហ៊ានទិញតាមផ្សារ តម្លៃធូរអីទេ ខ្ញុំសុខចិត្តយកតាមឱសថស្ថាន កន្លែងពេទ្យ ព្រោះគិតថាកន្លែងពេទ្យ ទុកចិត្តបាន។ ប៉ុន្តែប្រសិនបើថាកន្លែងពេទ្យក៏នៅតែលក់របស់ក្លែងក្លាយទៀត អាហ្នឹងយើងអស់និយាយហើយ មិនដឹងថានិយាយថាម៉េចទៀតទេ! ព្រោះអីយើងរត់រកកន្លែងសុវត្ថិភាពហើយ នៅប៉ះរបស់ប៉ះពាល់សុខភាពទៀត អាហ្នឹងតាមយថាកម្ម»។

អ្នកស្រី សៀង ស្រីល័ក្ខ ជាអ្នកលក់រាយ​អាល់កុល នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ​​២ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា អ្នកស្រីទិញអាល់​កុលយកមកលក់រាយ​មែន ប៉ុន្តែ​ទិញបន្តពីតាមឱសថស្ថានណាដែលស្របច្បាប់ប៉ុណ្ណោះ។ តែយ៉ាងណា អ្នកស្រីក៏​មិនដឹង​ថា ​អាល់​កុលរបស់គាត់ដែលទិញមកលក់នោះ​សុទ្ធ​ឬក្លែង​ក្លាយនោះដែរ។

អ្នកស្រីនិយាយថា៖ «ជួនកាលទៅ គេទិញតាមកន្លែងគេបិតស្រាធម្មតា ក៏មិនដឹងទេ! ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំទិញតែតាមឱសថស្ថាន»។

ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ កាលពីថ្ងៃទី១៨ ខែឧសភា បានអះអាងថា គិតចាប់ពីថ្ងៃទី២០ ខែ​កុម្ភៈ ដល់ថ្ងៃទី​១៨ ខែឧសភា មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាននេះបានបង្ក្រាបអាល់​កុលក្លែងក្លាយឬមេតាណុល ចំនួនជាង​​៤០តោន (៤០ ៦២៥ លីត្រ) នៅតាមបណ្ដារាជធានី-ខេត្ត​មួយចំនួន ក្នុងប្រទេសកម្ពុជា។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ធ្វើពិសោធន៍អាល់កុលរកសារធាតុមេតាណុលក្នុងរថយន្តចល័តមន្ទីរពិសោធន៍ដើម្បីវិភាគនៅនឹងកន្លែង នៅទីតាំងលក់អាល់កុលអនឡាញមួយកន្លែង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

ប្រភពដដែលបន្ថែមថា នៅថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋាននេះក៏បានបង្រ្កាបនិង​រឹបអូសអាល់កុលពី​ទីតាំង​លក់អាល់កុលក្លែងក្លាយតាមអនឡាញ​មួយកន្លែង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ​ មានចំនួន១៨៣កាន (៥ ៤៩០លីត្រ)។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការ​ពារ​អ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានប្រាប់ វីអូឌី​ នៅថ្ងៃពុធម្សិលមិញ​ថា អាល់​កុលជាង៤០តោនដែល​រឹបអូសបាននោះ ធ្វើឡើងតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈនៅ​តាមបណ្ដាខេត្តមានចំនួនតិចពេក ទើបមិនបានរាប់បញ្ចូល។

ជុំវិញការរឹបអូសនេះ លោកថា អាជ្ញាធរបានកសាងសំណុំរឿងចំនួន៣ករណីបញ្ជូនទៅ​តុលាការ​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកបន្តថា អាជ្ញាធរមិនអាចប្រមូលអាល់កុលដែលបានដាក់លក់ទាំងអស់នៅទូទាំងប្រទេស​មកត្រួតពិនិត្យឡើយ ព្រោះមានវិសាលភាពធំទូលាយពេក​ ដោយជំនួសមកវិញនូវការពិនិត្យតាមទីប្រជុំជននៅរាជធានី-ខេត្តប៉ុណ្ណោះ។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ធ្វើពិសោធន៍អាល់កុលនៅទីតាំងលក់អាល់កុលអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

លោកបន្ថែមថា ដើម្បី​ដោះស្រាយ​ករណីនេះ អាជ្ញាធរនឹងទិញអាល់កុលតាមទីផ្សារ ឱសថស្ថាន និងការលក់តាម​អនឡាញ រួចយកមកពិនិត្យ ដើម្បីឱ្យដឹងថាជាអាល់កុលឬមេតាណុល ហើយប្រសិនបើអាល់កុល​នោះ​មិនសុទ្ធ អាជ្ញាធរជំនាញនឹងចាត់វិធានការដល់ទីតាំងតែម្ដង។

លោកនិយាយថា៖ «សំណូមពរអ្នកលក់ទាំងអស់ អ្នកពិនិត្យ ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ប្រហែលជាអាចមានការខ្វះខាតនៃការផ្គត់ផ្គង់នៅក្នុងស្រុក ប្រហែលជាអាចមានការនាំចូលជាយថាហេតុ។ អ៊ីចឹងហើយអ្នកនាំចូល គាត់អាចដឹងថាអាហ្នឹងជាអាល់កុលឬមេតាណុល ហើយតាមរយៈលក់អនឡាញ តាមឱសថស្ថានក៏ដោយ គឺត្រូវតែមានស្លាកសញ្ញា គឺជាចំណុចសំខាន់ដើម្បីឱ្យអ្នកលក់បន្តដឹង ព្រោះគាត់ត្រូវប្រឈមមុខចំពោះច្បាប់»។

បើតាមលោក ផាន អូន អាល់កុល​និងមេតាណុលមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលមិនអាចឱ្យអ្នកប្រើប្រាស់មើលដឹងនោះទេ គឺមានតែការប្រើប្រាស់ឧបករណ៍ដើម្បីពិនិត្យប៉ុណ្ណោះ។

យ៉ាងណាមិញ លោកថា ​ពលរដ្ឋអាចពិនិត្យមើលថាអាល់កុលនោះសុទ្ធឬក្លែងក្លាយ ដោយសម្គាល់ទៅលើស្លាកសញ្ញា ដើម្បី​ដឹងពីប្រភពនៃការផលិត។ ​

កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ក៏​បានជំរុញឱ្យអាជ្ញាធរ​ត្រូវពង្រឹងវិធានការទប់ស្កាត់ផលិតផលក្លែងក្លាយទាំងនេះ​បន្ថែមទៀត​ ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនោះ ដើម្បីធានាប្រសិទ្ធភាពថា នឹងមិនមានការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាបន្តទៀត។

កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានរឹបអូសនិងបំផ្លាញចោលនូវមេតាណុលដែលគេបន្លំប្រើជាអាល់កុលសរុបបានចំនួន៩៤​​តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ