ព្រះសង្ឃ​និង​ពលរដ្ឋ​ថា​ អាស្រម​មួយ​នៅ​កំពង់​ស្ពឺ​​រង​ការ​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​​

អាស្រមមួយកន្លែងដែលព្រះសង្ឃនិងពលរដ្ឋមូលដ្ឋានអះអាងថា កំពុងរងការចាក់ដីទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់បុគ្គលឯកជន ​ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (ផ្ដល់ឱ្យ)

ព្រះសង្ឃនិងពលរដ្ឋអះអាងថា អាស្រមមួយកន្លែងស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរងការចាក់ដីទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់បុគ្គលឯកជន ​ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

ព្រះគ្រូចៅអធិការនៅអាស្រមសុវណ្ណគិរីទីទុយ ព្រះតេជ​គុណ ភឹម បញ្ចៈរួស មានសង្ឃដីកាប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា អាស្រមសុវណ្ណគិរីទីទុយ ស្ថិតនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ត្រូវបានអ្នកមានលុយមាន​អំណាចរំលោភយក ប៉ុន្តែព្រះអង្គមិនបានស្គាល់ឈ្មោះនិងតួនាទីបុគ្គលរូបនោះឡើយ។ ព្រះអង្គបន្តថា បុគ្គលរូបនោះបានដាក់គ្រឿងចក្រ​​ឈូសឆាយនិងចាក់ដីចូលបរិវេណ ហើយ​បិទផ្លូវចេញចូលអាស្រមជាច្រើនថ្ងៃមកហើយ ដោយពុំមានអាជ្ញាធរណាចុះអន្តរាគមន៍ហាមឃាត់ឡើយ។

ព្រះគ្រូចៅអធិការរូបនេះ ឱ្យដឹងថា អាស្រមសុវណ្ណគិរីទីទុយ ត្រូវបានព្រះអង្គនិងប្រជាពលរដ្ឋនាំគ្នាកសាងឡើងតាំង​ពីឆ្នាំ២០១៧ ដោយមាន​លិខិតអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ និងក្រសួងធម្មការ​នៅពេលនោះផងដែរ ដើម្បីជាកន្លែងសម្រាប់ប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា​។

ព្រះតេជ​គុណមានសង្ឃដីកាបន្ថែមថា៖ «អាត្មាបង្កើតអាស្រមនៅលើទឹកដីនេះ គឺសម្រាប់ពុទ្ធបរិស័ទដើម្បីធ្វើសមាទានសីល និច្ចសីល ​ក្នុងគោលបំណងបង្កើតសាសនាឱ្យបានផុសផុលនៅក្នុងសង្គម។ អ៊ីចឹងចង់សួរទៅបុគ្គលដែលបានចាក់ដីរំលោភចូលអាស្រមនេះ ហេតុអីបានជាគេមិនមានបេះដូងឈាមជ័រសាសនា សាសនាព្រះពុទ្ធនៅក្នុងខ្លួន បានជាចាក់ដីលុបយកផ្លូវ លុបយកភ្នំដែលជាសម្បត្តិរដ្ឋ ហើយប្រែក្លាយទៅជាសម្បត្តិឯកជនទៅវិញ»

បើតាមព្រះតេជ​គុណ ភឹម បញ្ចៈរួស ដីភ្នំនិងអាស្រមដែលព្រះអង្គកំពុងថែរក្សាសម្រាប់ទុកឱ្យប្រជាពលរដ្ឋគោរពប្រតិបត្តិសាសនានោះ មានទំហំជាង១ហិកតា។

ពលរដ្ឋម្នាក់នៅភូមិស្រែមាន់ អ្នកស្រី សៀង ស្រីអូន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយអន្តរាគមន៍កុំឱ្យមានការទន្ទ្រានយកដីអាស្រមនេះបន្តទៀត និងបើកផ្លូវឱ្យអ្នកភូមិអាចចេញ-ចូល ដើម្បីគោរពប្រតិបត្តិសាសនា​នៅអាស្រមនេះ​បានជាធម្មតាវិញ​។

អ្នកស្រី សៀង ស្រីអូន បន្តថា ​អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញអាស្រមនេះ មិនចង់ឱ្យមានការខូចខាតឬបាត់បង់អាស្រមនេះទេ ដោយថា នៅរដូវបុណ្យទាន ​ប្រជាពលរដ្ឋជិតឆ្ងាយតែងតែនាំគ្នាទៅធ្វើបុណ្យផ្សេងៗ និងប្រារព្ធពិធីបែបសាសនានៅទីនោះ។

អ្នកស្រីបារម្ភខ្លាចអ្នកមានលុយមានអំណាចយកអាស្រមដែលជាដីភ្នំនេះ​ទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយធ្វើឱ្យអ្នកភូមិបាត់បង់កន្លែងសម្រាប់ធ្វើពិធីបុណ្យបែបសាសនា។

អ្នកស្រីបន្ថែមថា៖ «ដីប៉ុណ្ណឹងសោះ​ចង់ដណ្តើមពីលោក មិនព្រមវេរឱ្យលោកទៅ! លោកបង្កើតកន្លែងដើម្បីពុទ្ធសាសនាសោះ ខែបុណ្យទាន គឺលោកនិងប្រជាពលរដ្ឋបាននាំគ្នាប្រារព្ធធ្វើរហូត ដូចជា បុណ្យផ្កា បុណ្យកឋិន [មនុស្ស]ចាស់នៅក្នុងភូមិគាត់ជុំគ្នាតែរហូតហ្នឹង»

វីអូឌី មិនទាន់អាចស្វែងការការឆ្លើយតបពីបុគ្គលដែលរងការចោទប្រកាន់ថាបាន​ទន្ទ្រានយកដីអាស្រម​បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

អភិបាលស្រុកគងពិសី លោក​ ចែម​ ភឺន​រីមវុទ្ធី​ អះអាងថា ទីតាំងដែលព្រះសង្ឃកំពុងបង្កើតអាស្រមនោះ មិនមែនជាទីតាំងអាស្រមឬវត្តអារាមស្របច្បាប់ឡើយ។ លោកបន្តថា ទីតាំងនោះជាដីមានម្ចាស់ និងមានបណ្ណកម្មសិទ្ធិស្របច្បាប់ ហើយករណីជម្លោះនេះក៏បានចូលទៅដល់ដៃតុលាការផងដែរ។ ​យ៉ាងណា លោក ចែម ភឺនរីមវុទ្ធី មិនបញ្ចេញឈ្មោះម្ចាស់ដីដែលថាមានបណ្ណកម្មសិទ្ធិនោះទេ។

លោកបន្ថែមថា៖ «នៅទីតាំងនេះ គឺអត់មានឯកសារណាបញ្ជាក់ពីថ្នាក់ខេត្ត ថាទីតាំងអាស្រមរបស់គាត់ស្របច្បាប់ទេ។ មួយទៀត សាលាអនុគុណដែលទទួលបន្ទុកវិស័យសាសនា ក៏បានបញ្ជាក់បំភ្លឺថា មិនមែនជាអាស្រមស្របច្បាប់ ហើយក៏មិនមែនអាស្រមឬក៏វត្តនៅកន្លែងហ្នឹងដែរ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ជាទូទៅថា អាស្រមឬវត្តអារាម អាចបង្កើតបាននៅលើដីសមូហភាព ហើយថា ការបង្កើតអាស្រមឬវត្តអារាមគឺសម្រាប់បម្រើឱ្យផលប្រយោជន៍រួម ដែលប្រជាពលរដ្ឋគ្រប់រូបអាចទៅធ្វើពិធីបុណ្យផ្សេងៗនិងគោរពបូជាជាដើម។

លោកបន្ថែមថា៖ «ប្រសិនបើភាពចម្រូងចម្រាសគ្នាក្នុងការសាងសង់ ដោយភាគីម្ខាងគេអះអាងថា មានបណ្ណកម្មសិទ្ធ អ៊ីចឹងម្ចាស់បណ្ណ​កម្មសិទ្ធិគាត់អាចប្តឹងទៅតុលាការ ប៉ុន្តែបើអត់បណ្ណកម្មសិទ្ធទេ មានត្រឹមតែពាក្យស្នើសុំ គាត់ត្រូវប្តឹងទៅអាជ្ញាធរ​មូលដ្ឋាន ហើយអាជ្ញាធរពេលទទួលពាក្យបណ្តឹងហ្នឹង ត្រូវសម្របសម្រួលដោះស្រាយបញ្ចប់រឿង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ