កម្មករ​ជាង​៣០០​នាក់​បិទ​ផ្លូវ​វេង​ស្រេង​ជាង​១​ម៉ោង​ ទាមទារ​ថៅកែ​បើក​ប្រាក់​ខែ​និង​ប្រាក់​រំឭក​អតីត​ភាព​ការងារ​

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

កម្មករជាង៣០០នាក់នាំគ្នាបិទកំណាត់​​ផ្លូវវេងស្រេង ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដើម្បីទាមទារឱ្យថៅកែរោងចក្រទូទាត់ប្រាក់ខែសម្រាប់ខែមេសា​ និងប្រាក់អតីតភាពការងារជួនពួកគាត់​ ខណៈពួកគាត់កំពុង​ជួបបញ្ហាប្រឈមនឹងជីវភាពក្នុង​​អំឡុង​ពេល​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កម្មការិនីម្នាក់ឈ្មោះ ឡៃ សម្ភស្ស ដែលអះអាងថា ធ្វើការនៅរោងចក្រសម្លៀកបំពាក់ ខេនធើរេន ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា កម្មករ​​ជាង៣០០នាក់នាំគ្នាធ្វើ​បាតុកម្មបិទកំណាត់​​ផ្លូវវេងស្រេង រយៈពេលជាង១ម៉ោង នៅរសៀលថ្ងៃនេះ ដើម្បីទាមទារឱ្យថៅកែរោងចក្របើកប្រាក់ខែ សម្រាប់ខែមេសាចំនួន១ខែ ជូនកម្មករ និងទាមទារបើកប្រាក់រំឭកអតីតភាពការងារ ជាដើម។

កម្មការិនីរូបនោះបញ្ជាក់ថា ពួកគាត់មិនចង់តវ៉ាបិទផ្លូវបែបនេះទេ ប៉ុន្តែដោយសារតែគ្មានជម្រើស ហើយថៅកែមិនព្រមទូទាត់ប្រាក់តាមការស្នើសុំរបស់កម្មករ។

កម្មការិនីរូបនោះនិយាយថា៖ «ខ្ញុំចង់ឱ្យដោះស្រាយឱ្យពួកខ្ញុំ ខ្ញុំពិបាកណាស់ ពួកកម្មករពិបាកខ្លាំងមែនទែន ផ្លូវទាល់ហើយ ដែលនាំគ្នាបិទផ្លូវវេងស្រេង ដំណាក់កាលចុងក្រោយពួកខ្ញុំហើយ ណាមួយខ្លាចកូវីដ ណាមួយហាលក្តៅម៉ោង១២កន្លះ ពូឯងគិតមើល! អត់មានជម្រើស បានពួកខ្ញុំទៅបិទផ្លូវហ្នឹង»។

កម្មការិនីម្នាក់ទៀតឈ្មោះ ជុំ សាធ បានឱ្យដឹងដែរ​ថា ពួកគេកំពុងជួបបញ្ហាប្រឈមក្នុងជីវភាព ដោយសារត្រូវការប្រាក់យកទៅទ្រទ្រង់ជីវភាពគ្រួសារ និងសងបំណុលធនាគារ។

កម្មការិនីរូបនេះនិយាយថា៖ «គេបើកឱ្យតែ៥០ដុល្លារទេ ហើយនៅសល់ប៉ុន្មាន ដល់ថ្ងៃទី២៧ [ខែឧសភា] បានបើកឱ្យទៀត ហើយពួកខ្ញុំគ្រាន់តែ៥០ដុល្លារ ឱ្យតែថ្លៃបន្ទប់គេ មិនចង់គ្រាន់ផង! ហើយនៅថ្លៃហូបចុក នៅថ្លៃធនាគារ នៅថ្លៃទឹកដោះគោកូន ថ្ងៃខ្លះទៅ ម៉ែឪឈឺ ហើយនៅចាយប្រចាំថ្ងៃទៀត»។

ទោះជាយ៉ាងណា ប្រធានរដ្ឋបាលរោងចក្រសម្លៀកបំពាក់ ខេនធើរេន លោក ឡែវ គីមប៊ូ មានប្រសាសន៍ថា ក្រុមហ៊ុនបានព្រមព្រៀងជាមួយកម្មករក្នុងអំឡុងពេលចរចានៅរសៀលនេះថា នឹង​បើកប្រាក់ខែសម្រាប់ខែមេសាដល់កម្មករ​។

ដោយឡែក ប្រាក់រំឭកអតីតភាពការងារនោះ លោកថា ក្រុមហ៊ុនសុំពន្យារដល់ពាក់កណ្តាលខែក្រោយ ទើបបើកជូនកម្មករបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «សូមជម្រាបប្អូនថា ពួកខ្ញុំ​បានចរចាតាមដំណាក់កាល ឥលូវនេះ គាត់ព្រមព្រៀងបើកតាមអ្វីដែលក្រុមហ៊ុនបើកឱ្យគាត់ហើយ នៅតែប្រាក់រំឭកអតីតភាពការងារទេ ក្រុមហ៊ុនថាបើកថ្ងៃ១៥ ខែ៦ ឱ្យគាត់! សុំទុកពេលឱ្យក្រុមហ៊ុនរៀបចំការងាររកប្រាក់ចំណូលខ្លះ ដើម្បីយកទៅបើកប្រាក់រំឭក[អតីតភាពការងារ] នៅថ្ងៃទី១៥ ខែ៦ ហើយឥលូវគាត់មកទារនៅថ្ងៃទី១២ទៀត»។

អភិបាល​ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ មានប្រសាសន៍​យ៉ាងខ្លីថា ក្រុមការងារបានដោះស្រាយចប់អស់ហើយ។

តំណាងសហជីពចលនាកម្មករ អ្នកស្រី សាន់ សុផា អះអាងថា ថៅកែរោងចក្រព្រមបើកប្រាក់តែ៥០ដុល្លារជូនកម្មករ​តែប៉ុណ្ណោះ មិនមែនបើក​ប្រាក់ខែសម្រាប់ខែ​​មេសាទាំងអស់នោះទេ។ អ្នកស្រីបញ្ជាក់ថា ការបើកប្រាក់ខែត្រឹម៥០ដុល្លារនេះ មិនអាចជួយឱ្យកម្មករយកទៅទ្រទ្រង់ជីវភាពគ្រួសារ និងសងបំណុលធនាគារបាននោះទេ។

តំណាងសហជីពរូបនោះបញ្ជាក់ថា ក្រោយពីបិទផ្លូវជាង១ម៉ោង មានតំណាងរោងចក្រ មន្ត្រីខណ្ឌ និងមន្ត្រីក្រសួងការងារចុះអន្តរាគមន៍ជួយដោះស្រាយដែរ ប៉ុន្តែការដោះស្រាយនោះ មន្ត្រីក្រសួងហាក់ទំនោរទៅភាគីរោងចក្រទៅវិញ។

អ្នកស្រីនិយាយថា៖ «តាមការមើលឃើញរបស់ខ្ញុំ ខាងតំណាងក្រសួងគាត់មកដោះស្រាយដូចឡេមឡុម អត់ឱ្យកម្មករជឿជាក់ អត់ឱ្យកម្មករមានទំនុកចិត្តលើគាត់ ហើយគាត់មកដោះស្រាយដូចកាន់ជើងថៅកែ។ គាត់អត់មានថាត្រូវថ្លឹងជញ្ជីងឱ្យស្មើទេមើលទៅ ដូចថាគ្មានទំនុកចិត្ត មានតំណាងក្រសួងចុះមក៤ទៅ៥នាក់ អាជ្ញាធរពាក់ព័ន្ធ»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែម​ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេនៅរសៀលថ្ងៃនេះ។

បើតាមក្រុមកម្មករអះអាងថា រោងចក្រសម្លៀកបំពាក់ ខេនធើរេន មានបុគ្គលិកកំពុងបម្រើការងារ​​សរុប​ជាង៥០០នាក់ ហើយ​អ្នកដែលធ្វើ​បាតុកម្មទាមទារប្រាក់ខែស​ម្រាប់ខែមេសា និងប្រាក់រំឭកអតីតភាពការងារនេះ​មាន​ជាង៣០០​នាក់ ខណៈជាង១០០នាក់ទៀតបាន​ទៅ​​ស្រុកកំណើតមួយរយៈ និង​​មិនទាន់ឡើងមករាជធានី​ភ្នំពេញវិញនោះ​ទេ ដោយសារបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered