សង្គម​ស៊ីវិល​ថា​ជីវភាព​ពល​រដ្ឋ​​នឹង​បន្ត​ធ្លាក់​ចុះ​ បើ​រដ្ឋា​ភិបាល​មិន​ទាមទារ​ត្រឡប់​មក​វិញ​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​ក្រុមអ​ង្គការ​សង្គមស៊ី​វិលនិង​អ្នកវិភាគ លើកឡើង​ថា ការដែលរដ្ឋាភិបាលបញ្ជាក់ជំហរជាថ្មី មិនទាមទារត្រឡ​ប់​​​មកវិញនូវការអនុ​គ្រោះ​​ពន្ធរបស់សហភាពអឺរ៉ុប នឹងធ្វើឱ្យជីវភាពពលរដ្ឋមួយចំនួនជួបការលំបាកបន្ថែមទៀត ខណៈកម្ពុជា កំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ស្រាប់។

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា ក្រោម​ហេតុថា រដ្ឋាភិ​បាលមិនព្រមស្តារប្រជាធិបតេយ្យនិងស្ថានការណ៍នយោបាយ​​ឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ អំឡុងចូលរួមសន្និសីទអន្តរជាតិមួយ ដែលរៀបចំដោយក្រុមហ៊ុនជប៉ុនមួយ តាមរយៈប្រព័ន្ធវីដេអូ បានថ្លែងបញ្ជាក់ឡើងវិញថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០​ភាគរយ របស់​សហភាព​អឺរ៉ុប បានប៉ះពាល់តិចតួចប៉ុណ្ណោះដល់កម្ពុជា ហើយថា ពេលនេះលែងមានឥទ្ធិពល​ហើយ បើធៀបនឹងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នោះ។

លោកបានផ្ញើសារត្រឡប់ទៅវិញថា បណ្តាប្រទេសទាំងអស់ក្នុងតំបន់និងសកលលោក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធនានា ចៀសវាងឱ្យបាននូវការប្រ​កា​ន់យកគោលនយោបាយគាំពារនិយម យកមកកៀបសង្កត់ប្រទេសដទៃ រួមទាំង​កម្ពុជា ដែលលោក​ចាត់ទុកថា ជា​រឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងថា៖ «ដូច្នេះ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តធ្វើ ខ្ញុំមិនជំទាស់ហើយក៏មិនទាមទារត្រឡប់មកវិញនូវអនុគ្រោះ [EBA] ២០ភាគរយនោះទេ កម្ពុជាបានត្រៀមខ្លួនរួចរាល់នូវការមិនវិលត្រឡប់មកវិញនូវភាពអនុ​គ្រោះ​របស់​សហភាពអឺរ៉ុប»។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងគូសបញ្ជាក់ក្នុងសន្និសីទនោះថា ការសម្រេចចិត្តបែបនេះនឹងជួបការលំបាកខ្លះ ប៉ុន្តែថា ជាជម្រើសចាំបាច់ក្នុងនាមជា​ប្រទេសឯករាជ្យនិងលទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «យើងមានការលំបាក ប៉ុន្តែយើងមិនអាចទទួលយកបាន នៅពេលដែលប្រទេសមួយមិនអាចអនុវត្តច្បាប់ប្រទេសខ្លួនឯងបាន តើយើងជារដ្ឋទេ? រដ្ឋឯករាជ្យនិងអធិបតេយ្យ​ គឺជារដ្ឋដែលអនុវត្តច្បាប់ដោយខ្លួនឯងបាន បើយើងមិនអាចអនុវត្តច្បាប់ដោយខ្លួនឯងបាន យើងគួររំលាយរដ្ឋហ្នឹងចោលហើយ ហើយដាក់ចំណុះប្រទេសដទៃទៅ»។

ប្រធានមជ្ឈមណ្ឌសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍​ថា ការដាក់លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ក្នុងការ​ជំរុញឱ្យកម្ពុជាវិលទៅរកគន្លងប្រជាធិបតេយ្យវិញនោះ មិនមានអ្វីខុសទេ ព្រោះវាស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ​របស់កម្ពុជា។

លោកគូសបញ្ជាក់ថា ទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិកជាប៉ូលសេដ្ឋកិច្ចក៏សំខាន់មួយក្នុងការនាំទំនិញចេញ ដែល​អាច​​ជួយទ្រទ្រង់វិស័យ​ការ​ងារនិងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាអាចជួយដល់ជីវភាពប្រជាពលរដ្ឋ ខណៈបច្ចុ​ប្បន្ន កម្ពុជានៅមិនទាន់រកទីផ្សារថ្មីដែលអាចជំនួសទីផ្សារធំៗទាំងពីរនេះបាននៅឡើយ។ ករណីនេះ លោកថា បើកម្ពុជាមិនទាមទារត្រឡ​ប់​​​មកវិញនូវការអនុ​គ្រោះ​​ពន្ធរបស់សហភាពអឺរ៉ុបនេះទេ នោះកម្ពុជាអាចនឹងពិបាកស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន​ ក្រោយការបញ្ចប់​វិបតិ្តកូវីដ-១៩។

លោកបារម្ភថា សាររបស់មេដឹកនាំកម្ពុជានេះ អាចនឹងធ្វើឱ្យកម្ពុជាបន្តខាតបង់បន្ថែមទៀត ជាពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាប។

លោកថា៖ «ស្របពេលហ្នឹង វាហាក់ដូចជាទុកឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចដុនដាបហ្នឹងចេះតែបន្ត​រហូតទៅ អាហ្នឹងជាចំណុច​ដែលយើងប្រមើលមើលទៅមុខ បើសិនជាអត់ប្រែប្រួលអ្វីសោះ [សិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ]»។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី បានលើកឡើងថា ជាមុំនយោបាយ ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ របស់សហគមន៍អឺរ៉ុបនេះ មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្តែសម្រាប់​មុំសេដ្ឋកិច្ចវិញ ពលរដ្ឋជាង៣លាននាក់ បានរងផលប៉ះពាល់រួចទៅហើយ។ លោកថា អាចនឹងបន្តប៉ះពាល់ទៀត បើការសម្រេចចិត្តនេះមិនប្រែប្រួល។

លោកថា៖ «អ៊ីចឹងមនុស្សដែលទទួលផល[ប៉ះពាល់]ដោយផ្ទាល់​ពីវិស័យកាត់ដេរនេះប្រមាណជា៥០ម៉ឺននាក់ និងដោយប្រយោលជិត៣លាននាក់។ ដូច្នេះ ទំហំនៃការប៉ះពាល់បែបនេះពិតជាធំណាស់ បើយើងគិតក្នុងមុំសេដ្ឋកិច្ច»។

អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក កាន់តែមានប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា អំឡុងពេលដែលកម្ពុជារើខ្លួនមិនទាន់​រួចពីការវាយឡុកដោយ​​ជំងឺកូវីដ-១៩នៅ​ពេលនេះ។

លោកថា៖ «កាលណាស្ថានភាពកម្ពុជាកាន់តែដុនដាប ទោះដោយប្រការណាក៏ដោយ ប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះដើរតួនាទីយ៉ា​ង​​សំខាន់ដើម្បីចិញ្ចឹមឆ្នាំងបាយខ្មែរ និងកម្មករខ្មែរ។ បើលោក ហ៊ុន សែន ថាលែងមានឥទ្ធិពល​ឬលែងសំខាន់ទៀតហើយ វាទាល់តែលោ​ក ហ៊ុន សែន អត់គិតពីភាពអត់ឃ្លាន អត់ការងាររបស់កម្មករខ្មែរទាល់តែសោះ»។

បណ្ឌិតសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ មិនអាចសុំការបញ្ជាក់បានទេ នៅថ្ងៃសុក្រនេះ។

ចំណែកសាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល យល់ថា ការលើកឡើងរបស់រដ្ឋាភិបាល ដែលថាការព្យួរ EBA ២០​ភាគរយរបស់សហគមន៍អឺរ៉ុបមិនមានឥទិ្ធពលនោះ ក៏ដោយសារតែការនាំចេញរបស់កម្ពុជាបានដួលរលំរួចទៅហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេសការបិទខ្ទប់តំបន់​មួយចំនួន​នាពេល​​ថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ