ក្រសួង​​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ម៉្យាង​កើត​លើ​សត្វ​គោ​ក្របី​ ខណៈ​ជំងឺ​នោះ​កំពុង​ឆ្លង​​នៅ​ប្រទេស​ជិត​ខាង​

ក្រុមមន្រ្តីជំនាញ (ពេទ្យសត្វ) បានចុះអន្តរាគមន៍ចាក់វ៉ាក់សាំងនិងចាក់ថ្នាំព្យាបាលជំងឺអុតក្ដាមគោ-ក្របីនៅស្រុកទឹកឈូ ជុំគីរី និងដងទង់ ខេត្តកំពត ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់​បានចេញវិធានការបន្ទាន់​​មួយចំនួន ដើម្បី​ត្រួត​ពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាល «ជំងឺដុំពក​ស្បែក» លើសត្វគោក្របី (Lumpy Skin Disease-LSD) ខណៈជំងឺមួយនេះកំពុងរាលដាលលើសត្វគោក្របីនៅប្រទេសថៃនិងប្រទេសវៀតណាម។

ក្នុងសារាចរ​ណែនាំចុះថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០២១ ក្រសួង​កសិកម្ម បានបញ្ជាក់ថា សត្វគោក្របីដែល​កើតជំងឺ​ដុំពកស្បែកនេះ វាអាចមានអត្រា​ឈឺពី៥ទៅ៤៥ភាគរយ និងអត្រាស្លាប់តិចជាង១០ភាគរយ ដែលបង្កឱ្យខាតបង់ធ្ងន់​ធ្ងរដល់គ្រួសារកសិករនិង​សេដ្ឋកិច្ច​ជាតិ។

ក្រសួងបានឱ្យដឹងទៀតថា ជំងឺនេះមានរោគសញ្ញាដូចជា ដុំពកតូចៗឬធំ​ទៅតាមស្ថានភាព​នៃជំងឺ ដែល​គេរកឃើញលើស្បែក​តាម​ដងខ្លួន កញ្ចឹងក ច្រមុះ ក្រអូម​មាត់ ប្រដាប់​ភេទ និង​កន្សោម​ដោះរបស់សត្វគោក្របី ហើយ​​កម្ដៅខ្លួនវាឡើងរហូតដល់៤១អង្សា​សេ។

ក្រសួងបន្តថា ​មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះពាល់ផ្ទាល់និងប្រយោល តាមភ្នាក់ងារចម្លងរោគ ដូចជា រុយ មូស ដង្កែ និងសត្វបឺតជញ្ជក់ឈាមផ្សេងទៀត ឬតាមធ្យោបាយដឹក​ជញ្ជូនសត្វ ទឹក​មេជីវិត រួមទាំងភ្នាក់ងារចម្លងផ្សេងៗទៀត។

សារាចរណែនាំរបស់ក្រសួងកសិកម្ម​ បន្ថែមថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ​កុំឱ្យ​ជំងឺមួយ​នេះ​ឆ្លងចូលមកប្រទេសកម្ពុជានោះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសតាម​បណ្តាខេត្តជាប់ព្រំដែន​ប្រទេស​វៀតណាមនិង​ថៃ ត្រូវពង្រឹង​ការទប់ស្កាត់និងត្រួតពិនិត្យឱ្យបានម៉ត់ចត់។

ក្រសួងបានណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវសហការឱ្យបានល្អជាមួយប្រទេសទាំងពីរនេះ ក្នុង​ការផ្លាស់​ប្តូរព័ត៌មានទាក់ទងនឹងជំងឺដុំពកស្បែកសត្វ​គោក្របី​នេះ ហើយត្រូវពង្រឹងការត្រួតពិនិត្យរាល់ការចរា​ចរ​សត្វគោក្របី ទឹក​មេជីវិតបង្កាត់ និងផលិតផលសាច់គោក្របី ដែលនាំចូលឱ្យបានតឹងរ៉ឹង រួម​ទាំងវិធានការផ្សេងៗជាច្រើនទៀត។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ មានប្រសាសន៍ថា ក្រោយទទួលបានសារាចរ​ណែនាំនេះ នៅ​ថ្ងៃស្អែក លោកនឹងជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តវិធាន​ការរបស់ក្រសួងដែលបានដាក់ចេញនេះឱ្យមាន​ប្រសិទ្ធភាព។

យ៉ាងណា លោកថា នៅខេត្តស្វាយរៀង ក្នុង​​រយៈពេល​ចុងក្រោយនេះ ពុំសូវមានការនាំសត្វគោក្របីឆ្លងដែននោះ​ទេ។

ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ មានប្រសាសន៍​ថា ក្រៅពី​ពង្រឹង​ការត្រួតពិនិត្យនិងអនុវត្តវិធានការ​ផ្សេងទៀតនោះ មន្ទីរកសិកម្មខេត្តនឹង​ចុះណែនាំដល់​ប្រជាកសិករ​ឱ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធផងដែរក្នុងករណីសត្វចិញ្ចឹមរបស់ពួកគេ​មានបញ្ហាឬកើតជំងឺផ្សេងៗ។

លោកបន្ថែមថា៖ «យើងនឹងអនុវត្តទប់​ស្កាត់ការងារនេះ ប៉ុន្តែនៅខេត្តបន្ទាយមានជ័យនេះ ពាក់ព័ន្ធនឹងប្រទេសគេ ពុំមានការនាំឆ្លងកាត់មកយើងទេ។ អ៊ីចឹងយើងនៅនេះ យើងគ្រប់គ្រងបានកន្លែងកសិដ្ឋាន​ចិញ្ចឹមគោធំៗមួយចំនួន ហើយយើងនឹងផ្សព្វផ្សាយវិធានការនេះ​ឱ្យកសិករគាត់បានដឹងនិងប្រុងប្រយ័ត្ន។ បើមានបញ្ហាអី ឱ្យរាយការណ៍ ដើម្បីយើងចាត់វិធានការទាន់ពេលវេលា»

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ សាទរនឹងវិធានការរបស់ក្រសួងកសិកម្ម ដែលជំរុញឱ្យមន្ត្រី​ពង្រឹងការត្រួតពិនិត្យនិងទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលជំងឺផ្សេងៗចូលមកប្រទេសកម្ពុជានេះ។ លោកថា ប្រសិនសត្វចិញ្ចឹមរបស់កសិករឆ្លងឬកើតជំងឺអ្វីមួយរហូតស្លាប់នោះ វានឹងធ្វើឱ្យខាតបង់ផលប្រយោជន៍និងប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ពួកគេ។

លោកបន្ថែមថា៖ «បើតាមខ្ញុំដឹង ជំងឺពក​គោក្របីនេះ​ ខាងកម្ពុជាយើងហ្នឹងគឺបានកើតងាប់អស់មួយសារទៅហើយ ប៉ុន្តែសព្វថ្ងៃនេះ ដូចជាអត់អីវិញហើយ។ អ៊ីចឹង កត្តាហ្នឹង[ជំងឺពកស្បែក] វាក៏មានផលប៉ះពាល់ដូចគ្នា ព្រោះនេះជាជំងឺ។ សមាគម សព្វថ្ងៃ មានសំណូមពរមួយធំបំផុតទៅរដ្ឋាភិបាល គឺសុំការពារជំងឺឆ្លងដែននេះឱ្យខានតែបាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ