ក្រសួង​​ណែនាំ​​អភិបាល​រាជ​ធានី-​ខេត្ត​​យក​គំរូ​តាម​វិធាន​​បិទ​ខ្ទប់​នៅ​​ភ្នំពេញ​និង​ក្រុង​តាខ្មៅ

អាជ្ញាធរស្រុកបាទី ចុះពិនិត្យ និងបិទទីតាំងមួយចំនួន ស្ថិតនៅឃុំចំបក់ ដែលមានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ)

ក្រសួងសុខាភិបាល បានក្រើនរំឭកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស​យកគំរូតាមវិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមលិខិតក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដារាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព ក្រសួង​ក្រើនរំឭកជាថ្មីដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់និងវិធានការណែនាំរបស់​ក្រសួង​ ជុំវិញការធ្វើចត្តាឡីស័កនិងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លើសពីនេះ ក្រសួងក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់គួរយកគំរូតាមវិធានការបិទខ្ទប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ យកទៅអនុវត្តតាមស្ថានការណ៍ជាក់ស្ដែង​នៅមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែ​ឧសភា និងក្រោយពីការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

សេចក្តីណែនាំនេះក៏បានធ្វើឡើង​ក្រោយពីស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមធូរ​ស្រាល និងត្រូវបានបន្ថយពីតំបន់ក្រហម មកត្រឹមតំបន់លឿងទុំ និងលឿងវិញ។ ប៉ុន្តែការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ កំពុងរាតត្បាតនៅតាមបណ្តាខេត្តនានាទៅវិញ។

វីអូឌី មិនអាចសុំ​ការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ទេជុំវិញករណីនេះ។

អភិបាលរងខេត្តកំពង់ស្ពឺ លោកស្រី ឡុង បូណារេត មានប្រសាសន៍នៅថ្ងៃសុក្រនេះ​ថា អាជ្ញាធរ​ពីថ្នាក់ខេត្តរហូតដល់ភូមិ-ឃុំ តែងតែសហការគ្នាធ្វើយ៉ាងណាដើម្បីត្រួតពិនិត្យនិងតាមដានប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានជាប្រចាំ ជាមួយនឹងការចុះឃោសនាដោយផ្ទាល់អំពីវិធីបង្ការនិងការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកស្រីបន្តថា បើទោះបីជាទទួលបានព័ត៌មាននៅពេលយប់កណ្ដាលអធ្រាត្រក៏ដោយ ប្រសិនបើមានករណីមន្ទិលសង្ស័យណាមួយ គឺអាជ្ញាធរនឹងចុះទៅយកសំណាកប្រជាពលរដ្ឋ រួច​ដាក់ឱ្យធ្វើចត្តាឡីស័កភ្លាមៗដោយមិនរង់ចាំដល់ព្រឹកស្អែកនោះឡើយ។

លោក​​ស្រីបញ្ជាក់​ថា​៖ «គ្រាន់តែថ្នាក់ជាតិចេញព័ត៌មានមក យើងស្វែងរកពួកគាត់ យើងមិនឱ្យគាត់ដើររហូតទៀតទេ។ ស្រុកណាគឺមានឈ្មោះប៉ុន្មាននាក់ គឺស្រុកហ្នឹងត្រូវទទួលយក បើវិជ្ជមានគឺយើងយកគាត់ទៅព្យាបាល។ តែបើគាត់មានប៉ះពាល់សហគមន៍ក្នុងគ្រួសារគាត់ ក្រុមយើងទៅខ្ទប់មួយក្រុមៗ នឹងទៅយកគ្រួសារគាត់ដែលពាក់ព័ន្ធមកទាំងអស់ គឺថាព័ត៌មានចេញយប់គឺយើងទៅយប់ អត់ចាំព្រឹក ក្រុមការងារគេធ្វើអ៊ីចឹង»។

បើតាមអភិបាលរងខេត្ត​រូបនេះ ករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ស្ពឺ ស្ទើរតែកើតមានឡើងគ្រប់ស្រុកទៅហើយ ខណៈខេត្តនេះមានកម្មករ-កម្មការិនី ចំនួន១៣ម៉ឺននាក់ កំពុងធ្វើការតាមបណ្ដារោងចក្រនានា។

យោងតាមរបាយការណ៍ទទួលបានពីលោកស្រី ឡុង បូណារេត ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាំឱ្យខេត្តនេះមានករណីឆ្លងសរុប៣៣៤នាក់ ក្នុងនោះ​ស្លាប់៩នាក់ និងជាសះស្បើយចំនួន៤២នាក់។

អភិបាលរងខេត្តតាកែវ លោក លី សាវេត បានឱ្យដឹងថា ក្រៅពីការធ្វើចត្តាឡីស័ក អាជ្ញាធរខេត្ត​ក៏បានដាក់ចេញនូវវិធានការ​​​បិទខ្ទប់តំបន់ដែលមានករណី​វិជ្ជមានជំងឺកូវីដ-១៩តែម្ដង ដោយលោកអះអាងថា​ វិធានការនេះមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាលដាល។

លោកមានប្រសាសន៍ថា៖ «កន្លងមក មានភូមិនៅស្រុកបាទី យើងបានធ្វើចំពោះភូមិ៣ ហើយព្រឹត្តិការណ៍សំរោងយោង យើងបិទភូមិ៤ អ៊ីចឹងគឺវាធានាការបិទខ្ទប់ គឺជាវិធានការមួយដែលយើងប្រកាន់យកនៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរ។ ហើយជាទូទៅ ក្រោយពេលបិទខ្ទប់ហើយ គឺឃើញថាទទួលបានលទ្ធផលល្អ»។

បើតាមអភិបាលរងខេត្តរូបនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ករណីឆ្លងសរុបក្នុងខេត្តតាកែវ មានស្រុក-ក្រុងចំនួន១០ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ មានអ្នកឆ្លងចំនួន៥៦០នាក់ ជាសះស្បើយ១៣៣នាក់ និងស្លាប់៤នាក់។

គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៤ ១៥៧​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយមា​ន​ចំនួន១៦ ៥២៤នាក់ និងអ្នកស្លាប់សរុប១៦៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ