ជប៉ុន​ប្រគល់​មជ្ឈ​មណ្ឌល​ជម្លៀស​សុវត្ថិភាព​៦​កន្លែង​ដល់​តំបន់​ងាយ​រង​គ្រោះ​ក្នុង​ខេត្ត​ចំនួន​បី​

អគារទីទទួលសុវត្ថិភាព (មានចំនួន២ទីតាំង នៅខេត្តពោធិ៍សាត់) ដែលត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យនៅពេលជួបគ្រោះទឹកជំនន់។ (ហ្វេសប៊ុក៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)

ប្រទេសជប៉ុនបានប្រគល់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាពចំនួន៦ ដល់សហគមន៍ងាយរងគ្រោះនៅក្នុងខេត្តចំនួន៣នៅជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។ នេះជាជំនួយសប្បុរសធម៌ពីប្រជាជនជប៉ុន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមគម្រោងលើកកម្ពស់ភាពធន់និងរឹងមាំរបស់សហគមន៍នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយចុះថ្ងៃទី២០ និងទី២១ ខែឧសភា បានបញ្ជាក់ថា មជ្ឈមណ្ឌលនៅតាមបណ្ដាសហគមន៍មូលដ្ឋានដែលសង់ឡើងក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់នេះ មានមុខងារចំនួនពីរ សម្រាប់ជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាពក្នុងករណីមានព្យុះនិងទឹកជំនន់នារដូវវស្សា និងជាទីកន្លែងប្រើប្រាស់ទូទៅ ក្នុងគោលបំណងចម្រុះដែលបានសាងសង់ស្របតាមបទដ្ឋានអន្តរជាតិ អាចដាក់មនុស្សបានពី២ ០០០នាក់ ទៅ៣ ០០០នាក់។

លើសអំពីនេះ មជ្ឈមណ្ឌលនេះជាកន្លែងមានសាលធំទូលាយ មានផ្ទះបាយ កន្លែងបោកខោអាវ បន្ទប់ស្តុកទំនិញ បន្ទប់ទឹក កន្លែងលាងដៃ ទីជម្រកសម្រាប់សត្វ និងទីវាលធំទូលាយ។ ដោយនៅតាមមជ្ឈមណ្ឌលនីមួយៗ មានបំពាក់ប្រព័ន្ធផ្គត់ផ្គង់ទឹក (អណ្តូង អាងស្តុកទឹក និងធុងទឹក) ប្រព័ន្ធអគ្គិសនី (ម៉ាស៊ីនភ្លើង ប្រព័ន្ធថាមពលព្រះអាទិត្យ) និងប្រព័ន្ធការពាររន្ទះ។ ហើយអំឡុងការរាលដាលនៃជំងឺកូវីដ-១៩ មជ្ឈមណ្ឌលនេះបានប្រើប្រាស់ជាកន្លែងចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក ជាដើម។

លោក Karimata Atsushi រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា៖ «រដ្ឋាភិបាលនិងប្រជាជនជប៉ុនមានមោទកភាពក្នុងការចូលរួមចំណែកកសាងភាពធន់និងការរឹងមាំរបស់សហគមន៍មូលដ្ឋាន ដើម្បីទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ។ តាមរយៈជំនួយមនុស្សធម៌នេះ យើងខ្ញុំនៅជិតជាមួយនឹងប្រជាជនកម្ពុជា នៅពេលពួកគាត់ឆ្លងកាត់ស្ថានភាពលំបាក។ យើងខ្ញុំសង្ឃឹមថា គម្រោងនេះនឹងពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»។

ជាមួយគ្នានេះដែរ លោកស្រី Claire CONAN តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោក បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវជំនួយ និងលើកឡើងថា៖ «តាមរយៈជំនួយសប្បុរសនេះ កម្មវិធីស្បៀងអាហារពិភពលោក សហការនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសាងសង់និងបំពាក់ប្រព័ន្ធសម្រាប់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាពទាំង៦នេះ ដើម្បីការពារប្រជាជនក្នុងពេលមានទឹកជំនន់និងគ្រោះធម្មជាតិនានា និងជាទីកន្លែងបម្រើផលប្រយោជន៍ចម្រុះសម្រាប់សហគមន៍»។

លោកស្រីបានបញ្ជាក់បន្ថែមថា៖  «ពេលខ្លះ នៅពេលយើងជួបប្រទះគ្រោះលំបាក ការមានទីកន្លែងមួយសម្រាប់ឱ្យយើងអាចជ្រកអាស្រ័យដោយអារម្មណ៍សុវត្ថិភាព គឺជារឿងចាំបាច់ណាស់។ យើងខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់ការការពារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់»។

មេឃុំ និងតំណាងសហគមន៍ លោក ស្រី ណាល់ បានលើកឡើងថា៖ «យើងនឹងថែរក្សាមជ្ឈមណ្ឌលនិងបរិក្ខារទាំងនេះឱ្យបានល្អ ដើម្បីទុកសម្រាប់ឱ្យវាថែរក្សាការពារយើងវិញនៅក្នុងគ្រាលំបាក»។

គួររំឭកថា ក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១នេះ រដ្ឋាភិបាលជប៉ុនបានចូលរួមវិភាគទានសរុបចំនួន៤,៧លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់ភាពធន់និងរឹងមាំរបស់សហគមន៍នៅកម្ពុជា ក្នុងការប្រឈមជាមួយវិបត្តិនានា និងកសាងសមត្ថភាពស្ថាប័នសម្រាប់ការត្រៀមលក្ខណៈទប់ទល់ជាមួយគ្រោះអាសន្ន ដូចជាការសាងសង់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ការពង្រឹងផែនការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ និងការលើកកម្ពស់ការចាត់វិធានការទាន់ពេលវេលាតាមរយៈប្រព័​ន្ធប្រកាសអាសន្នជាមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ