ក្រសួង​ការងារ​មិន​ឱ្យ​កាត់​ប្រាក់​ឈ្នួល​កម្មករ​ដែល​ឈប់​សម្រាក​ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង​

យុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំឭកទៅម្ចាស់រោងចក្រសហគ្រាសមិនឱ្យកាត់ប្រាក់ឈ្នួលកម្មករ ខណៈពួកគេសុំច្បាប់ឈប់សម្រាក ដើម្បីទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារ បានប្រាប់ដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករបានឈប់សម្រាកចំនួន១ថ្ងៃ ដោយទទួលបានប្រាក់ឈ្នួលដដែល ដើម្បីឱ្យពួកគេបានទៅចាក់វ៉ាក់សាំងដូសទី២ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យនិងអាជ្ញាធរ។

ក្រសួងការងារ បានឱ្យកម្មកររាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីរោងចក្រសហគ្រាស​ណាមួយមិនអនុ​វត្តទៅតាមសេចក្តីជូនដំណឹងមួយនេះ ដោយថា ការរារាំងមិនឱ្យបុគ្គលណាម្នាក់​ទៅចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ គឺជាទង្វើល្មើសនឹងច្បាប់។

សេចក្តីជូនដំណឹងដដែលនេះក៏ប្រាប់ឱ្យម្ចាស់រោងចក្រសហគ្រាសជួយជំរុញនិងអនុញ្ញាតឱ្យកម្មករបានទៅចាក់វ៉ាក់សាំង ដូសទី២ នៅតាមទីតាំងនិងកាលកំណាត់ផងដែរ។ ក្រសួងការងារថា បើម្ចាស់រោងចក្រសហគ្រាសណាមិនអនុវត្តតាម នឹងត្រូវទទួលពិន័យជាប្រាក់និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក គង់ អាទិត្យ បានគាំទ្រចំពោះសេចក្តីណែនាំរបស់ក្រសួងការងារនេះ។ លោកថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារការឆ្លងរាលដាល ការពារផលប្រយោជន៍កម្មករនិងថៅកែ រួមទាំងប្រទេសជាតិផងដែរ។

លោកបន្ថែមថា៖ «យើងក៏អំពាវនាវដល់ថៅកែរោងចក្រទាំងអស់ ឱ្យគាត់លើកទឹកចិត្តដល់កម្មករឱ្យគាត់ចាក់វ៉ាក់សាំងហ្នឹង និងកុំឱ្យកាត់លុយពេលកម្មករទៅចាក់វ៉ាក់សាំងហ្នឹងផងដែរ»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​អគ្គលេខាធិការ​សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ បានទេ នៅរសៀលនេះ។

គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៣ប្រភេទ រួមមាន វ៉ាក់សាំង ស៊ីណូហ្វាម ជាជំនួយរបស់ចិន សរុប១លាន៧សែនដូស, វ៉ាក់សាំង ​អាស្ត្រាហ្សេនីកា ជា​ជំនួយរបស់​ខូវ៉ាក់​ ចំនួន​៣២៤ ០០០ដូស និងវ៉ាក់សាំង ស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលកម្ពុជា​បញ្ជាទិញពីចិនមានចំនួន៤លានដូស។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ គិតត្រឹមទី៩ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាកម្មករ​ សរុបមានចំនួន​១២៨ ០៥៤នាក់​ ក្នុងនោះ ជនបរទេសចំនួន៤ ៦៥២​នាក់ ដោយចាក់បានចំនួន១២៤ ៨០៣នាក់ ក្នុងនោះ បរទេសចំនួន៤ ៦៣១នាក់។ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន៣ ២៥១នាក់។

ចំពោះការចាក់វ៉ាក់សាំងដូសទី២ ដោយគិតត្រឹមថ្ងៃទី៩ ខែឧសភាដដែលនេះ ចាក់បានចំនួន៦០ ៣៤៥នាក់ ក្នុងនោះ បរទេស២ ៥៧៩នាក់ ខណៈអនុគណៈកម្មការចំពោះកិច្ច បន្តចាក់ជូនកម្មករតាមបណ្តារោងចក្រនានាជាបន្តបន្ទាប់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ