សមាគម​ស្បែក​ជើង​កម្ពុជា​ ស្នើ​ឱ្យ​មាន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ខេត្ត​មាន​រោង​ចក្រ​ច្រើន​

កម្មការិនីម្នាក់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សមាគមស្បែកជើងកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល រួមនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កម្មករនៅតាមបណ្តាខេត្តនានា ខណៈជំងឺកូវីដ-១៩កំពុងរីករាលដាលនៅតាមរោងចក្រនៅតាមខេត្ត។

យោងតាមលិខិតរបស់សមាគមស្បែកជើងកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ខេត្តដែលប្រមូលផ្ដុំរោងចក្រច្រើន រួមមានជាអាទិ៍ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង និងខេត្តព្រះសីហនុជាដើម។

បើតាមលិខិតដដែល យុទ្ធនាការចាក់វ៉ាក់សាំងនៅតាមរោងចក្រនៅតាមបណ្តាខេត្ត គឺដើម្បីកាត់បន្ថយហានិភ័យការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈតួលេខនៃ​ការឆ្លងក្នុងចំណោមកម្មកររោងចក្រនៅតែបន្តកើតមានគួរឱ្យព្រួយបារម្ភ។

គិតត្រឹមទី៩ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ ជូនដល់កម្មករ​-កម្មការិនីនៅរាជធានីភ្នំពេញ បានចំនួន​១២៤ ៨០៣នាក់ ក្នុងនោះ ជនបរទេសចំនួន៤ ៦៣១នាក់។

កាលពីថ្ងៃទី២៤ ខែឧសភា ក្រសួងការងារ ទើបបានជូនដំណឹងជាថ្មីឱ្យថៅកែរោងចក្រអនុញ្ញាត​ឱ្យកម្មករ-កម្មការិនីទៅចាក់វ៉ាក់សាំង ដូសទី២ ចំនួន១ថ្ងៃ ដោយមិនមានការកាត់ប្រាក់ឈ្នួល។ ក្រសួងបានចាត់ទុកថា ការរារាំងកម្មករមិនឱ្យទៅចាក់វ៉ាក់សាំង ល្មើសនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៦៨នាក់ ធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងជាង២ម៉ឺន៦ពាន់នាក់ និងស្លាប់ចំនួន១៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ