ក្រសួង​មហា​ផ្ទៃ​​ច្រាន​ចោល​ការ​រិះ​គន់​ជុំវិញ​វិធាន​ការ​លើ​ឧកញ៉ា​និង​មន្តី្រ​ដែល​​បៀត​បៀន​ផ្លូវ​ភេទ​ស្ត្រី​

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រសួ​ងម​ហាផ្ទៃ ច្រានចោលការដែ​ល​ក្រុមអង្គការសង្គមស៊ីវិលរិះគន់ថា ការអនុវត្តច្បាប់ចំពោះឧកញ៉ានិងមន្ត្រីមួយចំនួនគ្មានប្រ​សិទ្ធភាព ជំរុញឱ្យមានការកើនឡើងជាបន្តបន្ទាប់នូវអំពើហិង្សានិងការបៀតបៀនផ្លូវភេទលើស្ត្រីនិងក្មេងស្រី។

ការច្រានចោលរបស់ក្រសួងមហាផ្ទៃនេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសមាគមចំនួន៣៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលបានចេញលិខិតចំហរួមគ្នាមួយ ស្នើរដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃ លោក ស ខេង មានចំណាត់ការផ្លូវច្បាប់ទៅលើករណីអតីតស្នងការនគរបាល​ខេត្តកំ​ពង់​ធំ លោ​ក អ៊ុក កុសល, ឧកញ៉ា ហេង សៀ និងអតីតឧកញ៉ា ឌួង ឆា​យ ករណីប្រើ​​ហិង្សាក្នុងគ្រួសារនិងបៀតបៀនផ្លូវភេទលើស្ត្រី។

ក្រុ​មអ្នកឃ្លាំមើលទាំងនោះនិយាយថា ចំណាត់ការកន្លងទៅមិនបានផ្តល់យុត្តិធម៌​ដល់ស្ត្រីជាជនរងគ្រោះទេ ហើយជន​ដែលប្រព្រឹត្តក៏មិន​ត្រូវបានផ្តន្ទាទោសស្របតាមច្បាប់ដែរ ដែលបញ្ហា​នេះជំរុញឱ្យមានការកើន​ឡើងនូវអំ​ពើហិង្សានិងការបៀតបៀនផ្លូវភេទលើស្ត្រីនិងក្មេងស្រីជាបន្តបន្ទាប់។

ពួកគេបានរំឭកថា៖ «ចំណាត់ការដ៏ត្រឹមត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធនៅពេលនេះ មានសារៈសំខាន់ណាស់ក្នុងការផ្ញើសារទៅកាន់ស្ត្រីជាច្រើនទៀតដែលកំពុងរងគ្រោះ ឱ្យមានទំនុកចិត្តឡើងវិញលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាសារទៅដល់សង្គមទាំងមូលថា កម្ពុជាពិតជាមិនអត់ឱនជាដាច់ខាតចំពោះអំពើហិង្សាលើស្ត្រី។ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចដែលរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាទទួលស្គាល់លើលិខិតុបករណ៍និងវិធានការលុបបំបាត់ហិង្សាលើស្ត្រី ទាំងក្នុងច្បាប់ជាតិនិងអន្តរជាតិ»។

យ៉ាងណា លិខិតចំហដែលមាន«អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា»ចូលរួមផងដែរនោះ បានបញ្ជាក់ថា កាស្នើសុំកិច្ចអន្ត​រាគម​ន៍​ផ្លូវច្បាប់នេះ គឺដើម្បីលើកស្ទួយស្ថានភាព​សិទ្ធិមនុស្សរបស់ស្ត្រីឱ្យ​ប្រសើរឡើងវិញ និងឈា​​នទៅលុបបំបាត់រាល់ទម្រង់នៃកា​ររើសអើងនិងការប្រើអំពើហិង្សា​គ្រប់រូបភាពលើស្ត្រីនិងក្មេងស្រី។

ក៏​ប៉ុន្តែ ការជំរុញនេះត្រូវបានក្រសួងមហាផ្ទៃច្រានចោល ដោយចាត់ទុកការលើកឡើងនេះថា មិនឆ្លុះបញ្ចាំងការខំប្រឹងប្រែងអនុវត្តច្បាប់របស់ស្ថាប័នជាតិ​ទាំងមូលនោះទេ។

ក្រសួងគូសបញ្ជាក់ថា សមត្ថកិច្ចអនុវត្តច្បាប់ស្មើភាពគ្នានិង​​មិនបានរើសអើងចំពោះអ្នកមានឋានៈឬឧកញ៉ានោះទេ ខណៈកន្លងមកក៏​មានមន្ត្រីជាន់ខ្ពស់ឬឧកញ៉ាមួយចំនួនក៏ត្រូវបានចាត់វិធានការច្បាប់ ហើយ​ពេលនេះ ពួកគេទាំងនោះ​បានក្លាយជាទណ្ឌិតឬពិរុទ្ធជន​រួចទៅហើយដែរ។

បន្ថែមពីនេះ តាមការអនុវត្តតួនាទីភារកិច្ចវិញ ក្នុងឆ្នាំ២០២០កន្លងទៅ ទោះបីកម្ពុជា​ប្រឈមមុខ​នឹងស្ថានភាពជំងឺកូវីដ-១៩ ក៏​អាជ្ញាធរ​មា​នសមត្ថកិច្ចនិងកងកម្លាំងអនុវត្តច្បាប់ បាន​បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបាន៩០ភាគ​រយ ក្នុងនោះ​ ពាក់ព័ន្ធបទល្មើសសេពសន្ធវៈ មាន​ចំនួន​២៨០ករណី ពាក់ព័ន្ធនឹង​មនុស្ស២៩០នាក់។

ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា៖ «ការលើកយកតែ២ឬ៣ករណី នៃបទល្មើសឬអំពើមិនគប្បីដែលបានកើតឡើង មកធ្វើជាការវាយតម្លៃរួមលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចនិងកងម្លាំងអនុវត្តច្បាប់ គឺជាការវាយតម្លៃលើជ្រុងតូចមួយប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងក្នុងសង្គមនោះឡើយ»។

តែយ៉ាងណា លិខិតនោះមិនបានបញ្ជាក់ថា នឹងមានចំណាត់ការផ្លូវច្បាប់យ៉ាងណាបន្ថែមទៅលើអតីតស្នងការនគរបាលខេត្តកំពង់ធំ លោ​ក​ អ៊ុក កុសល និងឧកញ៉ានិងអតីតឧកញ៉ា​ទាំង​ពីរនាក់នោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យដឹងបន្ថែមនៅថ្ងៃអង្គារនេះថា ចំពោះចំណាត់ការ​លើ​ករណីឧកញ៉ានិងអតីតឧកញ៉ាទាំង​២នាក់នោះ​ កន្លងទៅ សមត្ថកិច្ចបានធ្វើកិច្ចការ​មួយចំនួនហើយ ខណៈ​ករណីអតីត​ស្នងការនគរបាល​ខេត្តកំពង់​ធំ លោក អ៊ុក កុសល វិញនោះ បាន​បិទបញ្ចប់សំណុំរឿងហើយ ដោយភាគីខាងដើមបណ្តឹងសុំបញ្ចប់រឿង។

លោកថា៖ «រឿង អ៊ុក កុសល ហ្នឹងគេបញ្ចប់ហើយតើ! សូម្បីអ្នកដែលថា [ស្ត្រីនគរបាលដែលប្តឹង] គេសុំប៉ុណ្ណឹងៗបានហើយ ចង់ឆ្ងល់! ហេតុអីបានឆ្នាំងគេអត់ក្តៅ ក្តៅតែគ្របឯង»។

ប្រធានអង្គការយេនឌ័រ និងអភិវឌ្ឍន៍​ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា​ ការច្រានចោលរបស់ក្រសួង បានជំរុញដល់ការព្រួយបារម្ភបន្ថែមទៀតទៅលើការកើនឡើងករណីបៀតបៀនផ្លូវភេទនិងអំពើហិង្សាលើស្ត្រីនិង​កុមារី បើបុគ្គល​ដែលជាប់ពាក់ព័ន្ធមិនត្រូវ​បាន​នាំខ្លួនមកផ្តន្ទាទោសតាម​ច្បាប់នោះ។

លោកថា៖ «អ៊ីចឹងវាធ្វើឱ្យ ដែលគេហៅថា វប្បធម៌និទណ្ឌភាពហ្នឹងនៅតែបន្ត ធ្វើឱ្យមានការលំបាក! ត្រង់ហ្នឹងហើយដែល​យើងពិ​បាក​រកយុត្តិធម៌ និងពិបាករកការលុប​បំបាត់ការបៀតបៀននិងការប្រើអំពើហិង្សាលើស្ត្រីនិងកុមារីហ្នឹង»។

គួររំឭកថា ជម្លោះរវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បាន​​ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី​ឃើញវី​ដេអូរបស់ពិធីការិនីរូបនេះយំត្អូញត្អែររៀបរាប់ពីការបៀត​បៀន​រាងកាយនាងពីសំណាក់​ឧកញ៉ា ហេង សៀ កាលពីថ្ងៃទី៤ ខែឧសភា។

ចំណែកករណីអតីត​ឧកញ៉ា លោក​ ឌួង ឆាយ ដែលរងការចោទថា បានប្រើហិង្សាទៅលើអតីតភរិយាខ្លួននោះ ក៏មានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមនិងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្ត្រីផងដែរ ហើយ​ករណីទាំងពីរនេះក៏មានប្រតិកម្មមួយចំនួនពីក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ស្របគ្នានេះក៏មានចំណាត់ការជាបន្តបន្តបន្ទាប់ពីអាជ្ញាធរ រួមទាំងក្រុមមេធាវីរបស់នាយករដ្ឋមន្ត្រីចេញមុខការពារក្តីទៀតផង។

ប៉ុន្តែករណីលោក ឌួង ឆាយ បានស្ងប់ស្ងាត់ទៅវិញ ក្រោយលោកនាយករដ្ឋមន្ត្រីស្នើថ្វាយ​ព្រះមហាក្សត្របញ្ចប់់​ងារ​ជា​«ឧកញ៉ា»របស់លោក ឌួយ ឆាយ។ បន្ទាប់មក លោក ឌួង ឆាយ បានទៅបួសជាព្រះសង្ឃរយៈពេលខ្លី។

រីឯអតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏ត្រូវបាន​រងការចោទកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ​ថា បានបៀតបៀនកេរ្តិ៍ខ្មាសមន្ត្រីនគរបាលជាស្ត្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ករណីនេះ ក្រសួងមហាផ្ទៃ បាន​សម្រេចដកតួនាទីនិងបន្ថយឋានន្តរសក្តិរបស់លោកពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកត្រឹមវរសេនីយ៍ឯក (សក្តិ៥) វិញ ក្រោយពី​រកឃើញថា មន្ត្រីរូបនេះពិតជាបានបៀតបៀនកេរ្តិ៍ខ្មាសនគរបាលជាស្ត្រីនោះ​មែន។

តែយ៉ាងណា បើតាមសេចក្តីសង្ខេបសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកលើអនុសញ្ញាស៊ីដ សម្រាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ត្រង់កថាខណ្ឌ១១(ង) និងកថាខណ្ឌ៣៧(ឃ) បានចែងឱ្យរដ្ឋ «ចាត់វិធានការជាក់លាក់ ដើម្បីពង្រឹងឯករាជ្យភាព និងភាពមិនលម្អៀងក្នុង​ប្រព័ន្ធយុត្តិធម៌ និងការមិនរើសអើងផ្នែក​យេនឌ័រ និងអំពើហិង្សាលើស្ត្រី ត្រូវស៊ើបអង្កេតពេញលេញ ដោយ​ជនល្មើសត្រូវបានកាត់ទោស និងទទួលទណ្ឌកម្ម ហើយជនរងគ្រោះទទួលបានដំណោះស្រាយគ្រប់គ្រាន់»

អត្ថបទទាក់ទង

លោក ឃន ឈុនតារា ជាកូនប្រសាររបស់លោក ហេង សៀ ក្នុងកម្មវិធីមួយក្នុងឆ្នាំ២០១៩។ (ហ្វេសប៊ុក៖ ChhunDara Khorn(ឃន ឈុនដារ៉ា))

តុលាការ​ដោះ​លែង​កូន​​​​ឧកញ៉ា​ ហេង​ សៀ​ ក្រោយ​ពួក​គេ​ថា​មិន​បាន​ផលិត​វីដេអូ​អាសអាភាស​

តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថា​មិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ