ក្រសួង​កំពុង​​ស្រាវជ្រាវ​រក​ធាតុ​អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ដែល​ស្លាប់​កាល​ពី​ជាង​មួយ​ខែ​មុន ​​

មន្ត្រីសមត្ថកិច្ចម្នាក់ដើរល្បាតនៅពីមុខច្រកចូលមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ដឹ ព្រេមៀ សេនធ័រ សែនសុខ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ត្រីក្រសួង​កំពុងស្រាវជ្រាវករណីអ្នកជំងឺកូវីដ-១៩ម្នាក់ដែលបានស្លាប់កាលពីចុងខែមេសា និងស្វែងរកធាតុដើម្បីប្រគល់ជូនគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ខណៈគ្រួសារអះអាងថាពួកគេបាត់ដំណឹងអំពីកូនស្រីរយៈពេលជាង១ខែមកហើយ។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានហ្វេសប៊ុកឈ្មោះ Navath Sot បានបង្ហោះរូបភាពនារីម្នាក់កំពុងសម្រាកព្យាបាល ដោយអះអាងថាជាកូនស្រី និងបានបាត់ដំណឹងជាងមួយខែមកហើយ ដោយពុំដឹងថាស្លាប់ឬរស់នោះទេ។

លោក ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជុំវិញករណីស្លាប់របស់នារីឈ្មោះ ភិន សុដាលីន ក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុង​ស្រាវជ្រាវ​និងស្វែងរកធាតុដើម្បីប្រគល់ជូនដល់សាច់ញាតិជនរងគ្រោះ​។

លោកមានប្រសាសន៍ថា៖ «ក្រុមការងារកំពុងស្រាវជ្រាវ‍‍‍»។

ជុំវិញករណីនេះ បើតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ដែល​ព្យាបាល​អ្នកជំងឺ​នៅ​មណ្ឌល​សម្រាក​ព្យាបាល​កូ​វី​ដ​-១៩ ដឹព្រេមៀសេន​ធ័​រ សែន​សុខ បានឱ្យដឹងកាលពីម្សិលមិញថា អ្នកជំងឺកូវីដ-១៩ ឈ្មោះ ភិន សុដាលីន បានស្លាប់នាថ្ងៃទី២៦ ខែមេសា ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរនៅពេលបញ្ជូនមកកាន់កន្លែងសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀសេនធ័រ ភ្លាមៗ​។

លោកបន្ថែមថា ដោយសារតែឪពុកម្ដាយរបស់អ្នកជំងឺត្រូវធ្វើចត្តាឡីស័ក ដូច្នេះលោកមិនដឹងព័ត៌មានពីអ្នកជំងឺនោះទេ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ ខាងខ្ញុំទទួលព្យាបាលទាក់ទងនឹងបច្ចេកទេស រួចទៅកាលណាអត់មានប្រភពមកផ្ដល់គ្រួសារមក ឱ្យខ្ញុំទៅរកកន្លែងណា! ខ្ញុំអត់ឃើញ អត់មានបណ្ដាញ ប៉ុន្តែយើងទៅរកកន្លែងណាបើយើងបាត់បណ្ដាញគាត់បាត់? គាត់ឈឺធ្ងន់! មកដល់​នេះបាត់ហើយហ្នឹង គាត់ខូច[ស្លាប់]ហើយហ្នឹង យើងធ្វើរបៀបមេច»។

ឪពុកបង្កើតរបស់កញ្ញា ភិន សុដាលីន គឺ​លោក ភិន ទិត្យ អាយុ៤៦​ឆ្នាំ បានអះអាងថា លោក​បានបាត់ដំណឹងកូនស្រីជាង១ខែ ជុំវិញការព្យាបាលនៅមណ្ឌល​សម្រាក​ព្យាបាល​កូ​វី​ដ​-១៩ ដឹព្រេមៀ សេន​ធ័​រ សែន​សុខ ខណៈលោកនិងប្រពន្ធ កំពុងធ្វើចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័ក​ព្រែក​ព្នៅ។

បុរសប្រកបមុខរបរជាកម្មករកៅស៊ូ មានស្រុកកំណើតនៅ​ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រូបនេះ ​រៀបរាប់ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ គាត់បានបញ្ជូនកូនស្រីដែលមានជំងឺទឹកនោមផ្អែមនិង​តម្រង់នោម មកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែក្រោយមក មានការរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងមន្ទីរពេទ្យនេះ ហើយគ្រូពេទ្យបានតេស្តរកជំងឺកូវីដ-១៩លើកូនស្រីគាត់ឈ្មោះ ភិន សុដាលីន។ ​

លោកបន្តថា បន្ទាប់ពីបានរកឃើញថាកូនស្រីខ្លួនវិជ្ជមានកូវីដ-១៩​ គ្រូពេទ្យក៏បញ្ជូនទៅព្យាបាល​កូវីដ-១៩ នៅ​មណ្ឌល ដឹព្រេ​មៀ សេន​ធ័​រ សែន​សុខ ខណៈគាត់និងប្រពន្ធ​ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។

យ៉ាងណាមិញ លោក ភិន ទិត្យ បានឱ្យដឹងទៀតថា គាត់មិនទទួលបានដំណឹងអ្វីសោះឡើយ​អំពីកូនស្រី​​អំឡុងពេលធ្វើចត្តាឡីស័ក ដោយសារតែកូនស្រីរបស់គាត់ពុំមានទូរសព្ទសម្រាប់ប្រើប្រាស់ និងគ្មានពេទ្យណាម្នាក់​ទាក់ទងមកប្រាប់គាត់ជុំវិញព័ត៌មាន​កូនស្រីខ្លួនឡើយ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគេយកទៅខាងព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័ក រហូតដល់ពេលហ្នុង​ វាបាត់ដំណឹងកូនរហូត មិនដឹងទាក់ទងតាមណា វាអត់មានលេខ។ ថ្ងៃទី១៣ ខែ​៥ រង់ចាំដល់ថ្ងៃចេញពីចត្តាឡីស័កវិញ សួរកន្លែងហ្នុង [មណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀ សេន​ធ័រ សែនសុខ] គេថាអត់មានឈ្មោះហ្នុង ដល់សួរកន្លែងនោះគេថាបញ្ជូនមកនេះហើយ។ ដល់ចុងក្រោយ មិនដឹងថា​ធ្វើម៉េច [ក៏] ដាច់ចិត្តផុស [បង្ហោះហ្វេសប៊ុក] ដើម្បីឱ្យបងប្អូន [បានឃើញ] ក្រែងគាត់ស្គាល់​ភិនភាគអ៊ីចឹង»។

ប្រភពដដែលអះអាងថា ភ្លាមៗ បន្ទាប់ពីចាកចេញពីមណ្ឌលចត្តាឡីស័ក គាត់និងប្រពន្ធបានស្វែងរកកូននៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀ​ សេនធ័រ សែនសុខ​ ប៉ុន្តែត្រូវបានគេប្រាប់ថា ពុំមានឈ្មោះកូនរបស់លោកព្យាបាលនៅទីនោះឡើយ ខណៈមន្ទីរពេទ្យព្រះកេតុមាលាប្រាប់ថា បានបញ្ជូនទៅកាន់ទីនោះរួចទៅហើយ។

លោក ភិន ទិត្យ បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២១ គាត់បានសម្រេចចិត្តផុសរូបកូនស្រី ដោយសង្ឃឹមថានឹងទទួលបានព័ត៌មានប្រសិនមានអ្នកជួបប្រទះ បន្ទាប់ពីផុសរូបមួយថ្ងៃ លោកថា មានគ្រូពេទ្យខលប្រាប់ថាកូនស្រីរបស់គាត់បានស្លាប់តាំងពីថ្ងៃទី​២៦ ខែមេសា​ ដោយពេទ្យនោះអះអាងថា គេនឹងស្វែងរកធាតុកូនស្រីគាត់ឱ្យ។

បញ្ហានេះ ឪពុកជនរងគ្រោះរូបនេះស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវនិងបង្ហាញការពិតជុំវិញករណីស្លាប់កូនស្រីពេលនេះ ដើម្បីឱ្យគ្រួសារលោកអស់ចិត្ត។

លោកមានប្រសាសន៍ថា៖ «ស្នើឱ្យក្រសួងស្រាវជ្រាវមើល តើរឿងហ្នឹងស្លាប់មែនអី? ហើយធាតុហ្នឹងឱ្យធាតុពិត ច្បាស់ជាធាតុហ្នឹងមែនក៏អី! ឱ្យច្បាស់អ៊ីចឹង ឱ្យមានភស្តុតាងត្រង់ឈ្មោះហ្នឹងវាស្លាប់ពីថ្ងៃទី២៦ មែនក៏អី?»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​​អាដហុក លោក សឹង សែនករុណា បានមានប្រសាសន៍​ថា ក្រុមគ្រូពេទ្យគួរតែមានការផ្ដល់ព័ត៌មានទៅកាន់ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ជុំវិញស្ថានភាពរបស់ពួកគេ មិនគួរណាទុករហូតដល់បាត់បង់ជីវិតហើយនៅមិនទាន់ផ្ដល់ព័ត៌មានបែបនេះទេ។ លោកស្នើឱ្យមានការពិនិត្យនិងរៀបចំទិន្នន័យទាំងនេះឡើងវិញ ដើម្បីកុំឱ្យបញ្ហាបែបនេះកើត​ឡើងសារជាថ្មីទៀត។

អ្នកនាំពាក្យសមាគមអាដហុករូបនេះ ក៏ជំរុញឱ្យក្រសួងសុខាភិបាល ត្រូវស្វែងរកនិងពិនិត្យលើអដ្ឋិធាតុរបស់អ្នកជំងឺដែលស្លាប់នោះឱ្យឃើញ ដើម្បីធានាថា ធាតុនោះគឺពិតជាធាតុកូនស្រីរបស់លោក ភិន ទិត្យ ប្រាកដមែន ត្បិតករណីនេះលោកថាជាការធ្វេសប្រហែស​របស់ក្រុមគ្រូពេទ្យដែលពាក់ព័ន្ធផងដែរ។

លោកមានប្រសាសន៍ថា៖ «វាគឺជាបញ្ហាស្មុគស្មាញមួយដែលបង្កឡើងដោយការធ្វេសប្រហែស ការទទួលខុសត្រូវទៅលើតួនាទីរបស់ក្រុមគ្រូពេទ្យដែលពាក់ព័ន្ធ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ