ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កំពង់​ស្ពឺចោទ​ទាហាន​ថា​រំលោភ​យក​ដី​របស់​ពួក​គាត់​

អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋចុះពិនិត្យនិងតវ៉ាលើករណីដីមានដែលពលរដ្ឋអះអាងថាកំពុងមានវិវាទជាមួយទាហានមួយក្រុម ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចោទទាហានប្រចាំការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធានៅខេត្តនេះថា បានរំលោភយកដីធ្លីរបស់ពួកគេនិងបានគំរាមកំហែងមិនឱ្យពួកគាត់ចូលអាស្រ័យផលលើដីរបស់ខ្លួនថែមទៀត។

កាលពីម្សិលមិញនេះ ពលរដ្ឋប្រហែល២០នាក់បានប្រមូលផ្តុំគ្នានៅលើដីកំពុងមានជម្លោះ ដើម្បីរារាំងមិនឱ្យភាគីទាហានធ្វើសកម្មភាពដាំដំណាំលើដីតំបន់មានវិវាទនោះ ដែលស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ពលរដ្ឋម្នាក់ លោក សយ ប៊ុន ប្រាប់ វីអូឌី ថាដីប្រហែល១០០ហិកតារបស់អ្នកភូមិ៦០គ្រួសារ មានជម្លោះជាមួយក្រុមទាហានប្រចាំការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធានៅខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១២ ក្រោយអ្នក​ភូមិបានទិញដីនោះពីទាហានប្រចាំការរួចមក។

លោកបន្ត​ថា គ្រួសារលោកបានទិញដីទទឹង៥០ម៉ែត្រនិងបណ្តោយ៣០០ម៉ែត្រ ពីទាហាន នៅឆ្នាំ២០០៦ ដើម្បីធ្វើស្រែនិងដាំដំណាំហូបផ្លែ ហើយអាជ្ញាធរមូលដ្ឋានបានចេញលិខិតបញ្ជាក់ការកាន់កាប់នៅឆ្នាំ២០១១។ លោកបន្ថែម​ថា នៅឆ្នាំ២០១២​ ក្រុមទាហានបានដកហូតយកដីនោះ​វិញ ដោយចោទអ្នកភូមិថា បានចូលទៅកាន់កាប់លើដីរបស់ទាហានដោយខុសច្បាប់ ហើយបានបង្កើតជាជម្លោះរហូតមកដល់បច្ចុប្បន្ន។

លោកបន្ថែមថា៖ «យើងអត់អាចចូលទៅធ្វើឬដាំអីបានទេ ព្រោះទាហាន​យាមនិងដាក់កម្លាំងវានៅហ្នឹង។ បើយើង​ធ្វើ គឺវាមកឃាត់។ កន្លងមក យើងធ្លាប់ជួបប្រជុំចរចាគ្នា គឺសុំឱ្យផ្អាកសកម្មភាពទាំងអស់ហ្នឹង បើទាហានធ្វើ ត្រូវមានការយល់ព្រមពីប្រជាពលរដ្ឋ បើពលរដ្ឋធ្វើ ត្រូវបានការយល់ព្រមពីទាហាន ក៏ប៉ុន្តែកន្លងមក ទាហានវាលួចចូលទៅដាំ បើចូលទៅ អត់បានទេ»។

ពលរដ្ឋម្នាក់ទៀត លោក ចាន់ សាវ៉ាន់ អាយុ៧០ឆ្នាំ អះអាង​ថា លោកបានចំណាយលុយ២ ០០០ដុល្លារសម្រាប់ទិញដី២ហិកតាពីទាហានកាលពីអំឡុងឆ្នាំ២០០៥ ដើម្បីបង្កបង្កើនផលធ្វើស្រែចម្ការ ប៉ុន្តែត្រូវបានទាហាន ទាមទារយកវិញដោយ​​អយុត្តិធម៌ ក្រោយគាត់ចូលអាស្រ័យផលបានជិត១០ឆ្នាំ។

ពលរដ្ឋដដែលបន្តថា បច្ចុប្បន្ន​ដីនោះត្រូវបានក្រុមទាហានឈរជើងប្រចាំការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធានៅខេត្តកំពង់​ស្ពឺ ចូលដាំស្វាយនិងដាំកូនឈើផ្សេងៗ ហើយរារាំងមិនឱ្យប្រជាពលរដ្ឋចូលទៅអាស្រ័យផល​ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំសំណូមពរដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដោយចុះមកពិនិត្យមើលជាក់ស្តែង កុំឱ្យជឿតែសម្តីអ្នករាយការណ៍ទៅ។ ចុះមកពិនិត្យមើលជាក់ស្តែង ពិនិត្យមើលជាក់ស្តែងលើលិខិតស្នាមដែលអាជ្ញាធរភូមិឃុំគេបានចេញលិខិតបញ្ជាក់ជូនប្រជាពលរដ្ឋសិន»

ពលរដ្ឋម្នាក់ទៀត លោក យ័ន្ត តុងហេង ឱ្យដឹងថា គ្រួសាររបស់លោកបានប៉ះពាល់ដីចំនួន៤ហិកតា ដោយក្រុមទាហានមិនឱ្យចូលទៅបង្កបង្កើនផល និងបានគំរាមកំហែងចាប់ពលរដ្ឋដាក់គុក​ ប្រសិនបើហ៊ានចូលទៅធ្វើសកម្មភាពលើដី​មានជម្លោះនោះបន្តទៀត។

វីអូឌី មិនអាចស្វែងរកប្រភពទាក់ទងទៅភាគីទាហានប្រចាំការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធានៅខេត្តកំពង់ស្ពឺ ដែលរងការចោទប្រកាន់ពីពលរដ្ឋទាំងនោះបាននៅឡើយទេ គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយលោកថា មិនទាន់បានដឹង និងស្នើឱ្យផ្ញើឯកសារទៅលោកពិនិត្យមើលសិន។

ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏លើកឡើងប្រហាក់ប្រហែលគ្នានេះដែរ ដោយថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ ហើយមិនអាចឆ្លើយបាន។

យ៉ាងណា អាជ្ញាធរមូលដ្ឋានឃុំត្រែងត្រយឹងម្នាក់ ថ្លែងសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិ​ភាព​ បានប្រាប់ វីអូឌី ​ថាទាហានពិតជាបានរំលោភយកដីប្រជាពលរដ្ឋពិតមែន។ លោកថា ប្រជាពលរដ្ឋបានទៅរស់នៅនិងអាស្រ័យផលមុនទាហានទៅ​ដល់ ហើយកូនទាហានមួយចំនួនក៏បានលក់ដីឱ្យប្រជាពលរដ្ឋទៀតផង។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់ធ្វើប្លង់បញ្ជាក់កាន់កាប់ពីអាជ្ញាធរភូមិឃុំហើយៗហ្នឹង គាត់ចូលកាន់កាប់អាស្រ័យផលដោយដាំស្រូវមួយចំនួនហើយហ្នឹង។ និយាយទៅ កូនទាហានមួយចំនួនបានលួចលក់ដីហ្នឹងឱ្យពលរដ្ឋទៀត»។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោក គឺប្រជាពលរដ្ឋមានឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីពីអាជ្ញាធរមូលដ្ឋាន និងឯកសារបញ្ជាក់ការទិញដីពីបុគ្គលជាទាហានមួយចំនួន​​ពិតមែន។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ដីតំបន់នោះជាដីដែលរដ្ឋាភិបាលត្រៀមទុកសម្រាប់បែងចែកជាដីសង្គមកិច្ចជូន​ដល់យោធាដែលកាត់រំសាយ ឬចូលនិវត្តន៍ ប៉ុន្តែត្រូវបុគ្គលជាទាហានមួយចំនួ​នបាន​គប់គិតគ្នាលក់ដូរដើម្បី​ផលប្រយោជន៍បុគ្គលទៅវិញ។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលដោះស្រាយបញ្ហានេះ ដើម្បី​កុំឱ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍បន្តទៀត។

លោកបន្ថែមថា៖ «តាមខ្ញុំដឹង ដីហ្នឹងគឺរដ្ឋាភិបាលទុកចែកឱ្យយោធាដែលចូលនិវត្តន៍ ដោយតាមគម្រោងគេ ១គ្រួសារ[ត្រូវទទួលបាន]៥ហិកតា ហើយមានជំនួយថវិកាពីអាមេរិកខ្លះសម្រាប់ធ្វើផ្ទះឱ្យអ្នកដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ចហ្នឹង ប៉ុន្តែជាលទ្ធផលជាក់ស្តែង យើងមើលទៅវាអត់ទៅតាមអ្វីដែលគ្រោងហ្នឹងទេ។ វាទៅជារឿងបុគ្គលដែលមានបុណ្យសក្តិមានអំណាចធំនៅក្នុងអង្គភាពហ្នឹង គេយកដីហ្នឹងចែកគ្នាទៅវិញ ហើយអ្នកខ្លះក៏ហ៊ានលក់អ៊ីចឹងទៅ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ