កម្មករ​នៅ​ខេត្ត​ស្វាយរៀង​ថា​ ការ​​សម្រុក​ចេញ​ពី​កន្លែង​ធ្វើការ​ដោយ​បារម្ភ​ខ្លាច​សមត្ថ​កិច្ច​ឃុំ​ក្នុង​រោងចក្រ

រោងចក្រដំឡើងទោចក្រយាន អេ អេន ជេ (ខេមបូឌា)។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្វាយរៀង)

កម្មកររោងចក្រដំឡើងកង់ អេ​អេន​ជេ និង​កម្មកររោងចក្រមួយចំនួនទៀត​នៅក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ពួកគាត់នាំគ្នាសម្រុកចេញពីកន្លែងការងារព្រមៗគ្នា និងមិនព្រមចូលធ្វើការ​វិញ ដោយបារម្ភខ្លាចសមត្ថកិច្ចឃាត់ពួកគាត់ឱ្យ​ធ្វើចត្តាឡីស័ក​​នៅក្នុងរោងចក្រ។

កាលពីម្សិលមិញ កម្មករ-កម្មការិនីប្រហែល២ ០០០​នាក់ នៅរោងចក្រដំឡើងកង់​ អេ​អេន​ជេ (A and J) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាំគ្នាសម្រុកចេញពីរោងចក្រ ខណៈសមត្ថកិច្ច មន្ត្រីមន្ទីរសុខាភិបាលនិងអាជ្ញាធរបានចុះយកវត្ថុសំណាកទៅវិភាគ ក្រោយពីរកឃើញកម្មករនៅទីនោះមួយចំនួនមានវិជ្ជមានកូវីដ-១៩។

លោក សូ ផន អាយុ៣៧ឆ្នាំ រស់នៅភូមិរទេះ ឃុំពពែត ស្រុកស្វាយទាប ដែលអះអាងថា​ជាកម្មករបម្រើការងារក្នុងរោងចក្រ អេ​អេន​ជេ ប្រាប់ វីអូឌី នៅថ្ងៃនេះថា មូលហេតុដែលកម្មករជាង២ ០០០​នាក់នាំគ្នាសម្រុកចេញពេលនោះ  ដោយសារពួកគាត់បារម្ភខ្លាចសមត្ថកិច្ចឃុំខ្លួននៅក្នុងរោងចក្រដើម្បីធ្វើចត្តាឡីស័ក ដែលនឹងបង្កការលំបាកអំឡុង​ពេលឃុំខ្លួននោះ ហើយពួកគាត់​ក៏​មិនបានគិតពីការឆ្លងជំងឺកូវីដ-១៩ឡើយ។

លោកថា៖ «ឮគេថា ឡានពេទ្យចាំយកហើយ ដល់ម៉ោង៤ជាង! គេថាធ្វើការទៀត គេឃុំទុកហើយ! អ៊ីចឹងកម្មករទាំងអស់គ្នា គេភ័យ ​វាមិនដូចយើងនៅផ្ទះ អ៊ីចឹងគេនាំគ្នារត់ចេញវិញអស់។ យើងមើលទៅវាពិបាកនៅក្នុងនោះ[រោងចក្រ] រឿងហូបចុកមិនសូវពិបាកប៉ុន្មានទេ ប៉ុន្តែពិបាករឿងងូតទឹកងូតអី ព្រោះអីកម្មករនៅក្នុងនោះច្រើន»។

កម្មករផ្នែកបាញ់ថ្នាំកង់ដែលធ្វើការនៅរោងចក្រ អេអេនជេ ម្នាក់ទៀត លោក ចាន់ សូនី រស់នៅភូមិស្វាយអាណាត ឃុំញ័រ ស្រុកកំពង់រោទិ៍ និយាយថា គាត់ចេញពីរោងចក្រក្រោយពីឃើញកម្មករផ្សេងទៀតនាំគ្នាសម្រុកចេញជាបន្តបន្ទាប់។

លោកបន្តថា ការសម្រុកចេញរបស់កម្មករបន្ទាប់ពីមានកម្មករនៅក្នុងនោះឆ្លងកូវីដ-១៩ ហើយកម្មករផ្សេងៗទៀតបារម្ភខ្លាចគេមិនឱ្យចេញទៅផ្ទះដូចសព្វដង។

លោកថា៖ «ដល់ពេលគេចេញទៅអស់ យើងដើរចេញទៅដែរ ពួកខ្ញុំនៅក្រោយៗ ចេះតែដើរទៅតាមគេ។ ពួកមុខ គេចេញតាំងពីម៉ោង៣ ពួកខ្ញុំដល់ម៉ោងហើយហ្នឹង ចេញទៅ គេចេញប្រុយៗទៅអស់ ហើយមនុស្សរត់តាមផ្លូវកាត់ផ្លូវអីពេញហ្នឹង។ ខ្ញុំឃើញគេចេញ ខ្ញុំចេញដែរ យើងមានអារម្មណ៍ខ្លាចជំងឺហ្នឹង ប៉ុន្តែឃើញគេចេញ យើងចេញដែរ»។

កម្មការិនីបម្រើការងារក្នុងរោងចក្រនេះដែរ អ្នកស្រី អ៊ុន ដានី ​បានឱ្យដឹងបន្ថែម​ថា ក្រោយចេញពីរោងចក្រមកដល់ផ្ទះវិញ ​ អាជ្ញាធរមូលដ្ឋានបានមកប្រាប់ឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ និងបានផ្ដល់លេខទូរសព្ទទំនាក់ទំនងទៅគ្រូពេទ្យនិងអាជ្ញាធរ បើសិនមានអាការមិនស្រួលខ្លួនកើតឡើង។

ក្រោយ​ទទួលព័ត៌មាននៅរោងចក្រ អេអេនជេ ផ្ទុះកូវីដ-១៩នោះ កម្មករនៅរោងចក្រមួយចំនួនទៀតបាននាំគ្នាឈប់សម្រាកមិន​ទៅធ្វើការ ហើយអ្នកខ្លះទៀតទៅដល់រោងចក្រហើយ ប៉ុន្តែមិនចូលធ្វើការឡើយ។

អ្នកស្រី គុច ចិន្តា ដែលបម្រើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ូដា នៅតំបន់សេដ្ឋកិច្ចមេតហាធេន ក្រុងបាវិត និយាយថា ក្រោយពី​រោងចក្រ យូលី និងរោងចក្រ អេ​អេន​ជេ មានកម្មករឆ្លងកូវីដ-១៩នោះ កម្មកររោងចក្រនេះ​ប្រមាណ៦០០នាក់មិនបាន​ចូល​ធ្វើការឡើយនៅថ្ងៃនេះ។

អ្នកស្រីថា៖ «រោងចក្រខ្ញុំគ្មានទេ ​ប៉ុន្តែពួកគាត់ជិះឡានមក មិនឆ្លងកាត់រោងចក្រដែលឃុំហ្នឹង? ហើយ​កម្មករគាត់ឃើញ គាត់ភ័យខ្លាចអត់មានអីហូប ខ្លាចគេឃុំ១៤​ថ្ងៃ បារម្ភកូននៅផ្ទះអីហ្នឹង»។

អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា មានប្រសាសន៍ថា ក្នុងចំណោមកម្មករចំនួន១៥៤នាក់ដែលបានធ្វើតេស្តសំណាក ក្នុងនោះ​រកឃើញមានវិជ្ជមានវីរុស​​កូវីដ-១៩ ចំនួន​​៥៧នាក់ ខណៈកម្មករជាង២ ០០០នាក់​ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគាត់។

លោកថា៖ «ធម្មតាទេ ម៉ោងនេះ ទាំងអស់គ្នាត្រូវចូលរួមដាក់ចិត្តដាក់កាយ​ ចូលរួមការពារខ្លួនឯង គ្រួសារឯង។ ការធ្វើចត្តាឡីស័កនេះជាជម្រើសល្អបំផុតដែលមិនឱ្យជំងឺហ្នឹងឆ្លងទៅអ្នកដទៃបាន អត់មានអីក្រៅពីហ្នឹងទេ»។

លោក​​​បន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុង​ស្រាវជ្រាវរកអ្នកដែលបំផុសឱ្យកម្មករសម្រុកចេញពីរោងចក្រដោយមិនស្ដាប់អាជ្ញាធរ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចាត់ទុកសកម្មភាពរត់ចេញពីរោងចក្ររបស់​​កម្មករនៅខេត្តស្វាយ​រៀងនេះ​ថា ជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩។

ករណីនេះ លោកថា បើតាមច្បាប់ តម្រូវឱ្យផ្តន្ទាទោសពិន័យអន្តរការណ៍ពី១លានរៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះមិនអាចធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះរួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩នោះទេ។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ការសម្រុកចេញពីរោងចក្ររបស់ក្រុមកម្មករបណ្តាលមកពីកម្មករមានការបារម្ភខ្លាចក្រែង​សមត្ថកិច្ចឃាត់ខ្លួនពួកគាត់ទុកនៅក្នុងរោងចក្រដើម្បី​យកសំណាក ខណៈដែលពួកគាត់ឮតៗគ្នាថាកម្មកររោងចក្រ យូលី ជាង៧០០នាក់ ត្រូវបានដាក់ឱ្យស្នាក់នៅក្នុងអាគាររោងចក្រ អាហារហូបចុកមិនគ្រប់គ្រាន់ ពិបាកស្នាក់នៅ ជាដើម។

លោកថា៖ «កម្មករបារម្ភ ទីមួយ គឺការហូបចុករបស់ពួកគាត់ ការស្លៀកពាក់ និងអាហារអីផ្សេងៗ ខ្លាចពិបាក ក៏នាំគ្នារត់ចេញទៅ ដោយគ្មានស្តាប់ការណែនាំពីមន្ត្រីជំនាញឬអាជ្ញាធរមានសមត្ថកិច្ច គឺអត់ខ្វល់ទាំងអស់ ពួកគាត់រត់ចេញយកម្តង»។

លោកបន្តថា៖ «ដូច្នេះ គាត់ឮតៗគ្នាពាក់ព័ន្ធនឹងការផុសព័ត៌មានកម្មករដែលស្នាក់នៅក្នុងរោងចក្រនោះ ដែលគាត់ហូបចុកមិនគ្រប់គ្រាន់ អាហារមិនសមរម្យ ខ្វះទឹក ខ្វះអីផ្សេងៗហ្នឹង គាត់ឮថាពិបាកអញ្ចេះពិបាកអញ្ចុះ។ អ៊ីចឹងធ្វើឱ្យពួកគាត់ហ្នឹងបារម្ភខ្លាចក្រែងតែពួកគាត់ស្នាក់នៅក្នុងរោងចក្រទៅ វាពិបាកដូចគ្នាដែរ អ៊ីចឹងជាហេតុ​ធ្វើឱ្យពួកគាត់មិនអាចនៅស្ងៀម»។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំមួយទៅអភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្តនិងប្រទេសមានហានិភ័យខ្ពស់

ការណែនាំនេះ ដោយសារ​ក្រសួងមើលឃើញថា ការកើនឡើងករណីវិជ្ជមានជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាង ហើយជាពិសេសពលករចំណាកស្រុក​ដែលត្រឡប់ចូលមកកម្ពុជាឬស្រុកកំណើតវិញ ដោយរកឃើញវិជ្ជមានកូវីដ-១៩ច្រើន។

ករណីនេះ ក្រសួងសុខាភិបាលឱ្យកម្លាំងមាន​សមត្ថកិច្ច​​គ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំលើការអនុវត្តឱ្យបានខ្ជាប់​ខ្ជួននូវការធ្វើចត្តាឡីស័ក និងពង្រីកការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យនិងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជាង២ម៉ឺន៧ពាន់នាក់ (២៧ ៦៣៨​នាក់) ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួនជាង២ម៉ឺននាក់ (២០ ៣៩៨នាក់) និងអ្នកស្លាប់ដោយជំងឺនេះសរុបមានចំនួន១៩៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ