ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ​ ផ្ទុះ​ការ​តវ៉ា​ក្រោយ​មាន​បុគ្គល​ឯកជន​ធ្វើ​សកម្ម​ភាព​ដាក់​ផ្ទះ​ចល័ត​​លើ​ដី​ទំនាស់​

ពលរដ្ឋជាង១០០នាក់បានប្រមូលផ្តុំ​គ្នា​តវ៉ា ដោយអះអាងថាមាន​បុគ្គលឯកជនធ្វើសកម្មភាពដាក់ផ្ទះចល័ត​​នៅ​លើដីរបស់អ្នកភូមិចំនួន៦គ្រួសារ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋនៅ​ខេត្តព្រះសីហនុ អះអាងថា ពួកគាត់​ជាង១០០នាក់បានប្រមូលផ្តុំ​គ្នា​តវ៉ានៅថ្ងៃសុក្រនេះ ក្រោយមាន​បុគ្គលឯកជនធ្វើសកម្មភាពដាក់ផ្ទះចល័ត​​នៅ​លើដីរបស់អ្នកភូមិចំនួន៦គ្រួសារ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

លោក ឃឹម លីដា អះអាងថា​ជាតំណាងពលរដ្ឋ បានឱ្យដឹងថា ដីប្រហែល២០ហិកតារបស់ពលរដ្ឋ៦គ្រួសារត្រូវ​បាន​បុគ្គល​​ឈ្មោះ លី សុងីម មក​អះអាងកាលពីដើមឆ្នាំនេះថាជាដីរបស់ខ្លួន និងជាដីរបស់ឧកញ៉ា ហ៊ុន ជា។ លោកថា នៅព្រឹកមិញនេះ លោក លី សុងីម បានប្រើកម្មករឱ្យដឹកផ្ទះចល័តមកដាក់លើដីកំពុងមានជម្លោះនោះ ប៉ុន្តែត្រូវបានអ្នកភូមិតវ៉ា ដោយអះអាងថា ដីនោះជាដីរបស់ពលរដ្ឋ៦គ្រួសារដែលបានទិញនិងរស់នៅយូរឆ្នាំមកហើយ។

លោកបន្ថែមថា៖ «គាត់ [លោក លី សុងីម] បានធ្វើសកម្មភាពលួចដឹកផ្ទះ [ចល័ត] មកទាំងយប់ យកមកដាក់លើដីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋគាត់មិនពេញចិត្ត គាត់ប្រមូលផ្តុំគ្នាតវ៉ា និងជួយធ្វើជាសាក្សីឱ្យពលរដ្ឋ៦គ្រួសារ ដោយសារពួកគាត់មិនពេញចិត្តនឹងទង្វើរំលោភបំពានបែបហ្នឹង»

ប្រធានសហគមន៍សេអ៊ីប្រាំ នៅខេត្តព្រះសីហនុ លោក ស៊ុន សុផាត មានប្រសាសន៍ថា អាជ្ញាធរ​មូលដ្ឋានបាន​ចុះវាស់វែង​​ដីរបស់ប្រជាពលរដ្ឋ៦គ្រួសារនោះ និងមានឯកសារបញ្ជាក់ការកាន់កាប់ក្បាលដីត្រឹមត្រូវ។

លោក​បន្ត​ថា បុគ្គល​ឈ្មោះ លី​ សុងីម បានយកឈ្មោះលោក​ ហ៊ុន ជា មកកាងពីក្រោយ ដោយថា ដីនោះជាដីរបស់លោក ហ៊ុន ជា។

លោកបន្ថែមថា៖ « [លោក​] លី សុងីម គេយកឈ្មោះ[លោក​] ហ៊ុន ជា មកកាង។ គាត់ថាដីហ្នឹងជារបស់[លោក] ហ៊ុន ជា តែយើងមើលក្នុងឯកសារនោះ ហ៊ុន ជា គ្រាន់តែជាម្ចាស់បំណុលរបស់ លី សុងីម ទេ។ ខាង[លោក​​] ហ៊ុន ជា អត់មានអីមកធ្វើការងារហ្នឹងទេ។ ហើយ លី សុងីម ហ្នឹងទិញដីមិនដឹងទិញពីប្រភពណា ហើយម្ចាស់នៅណាទេ! បើមានម្ចាស់ឱ្យគាត់ចេញមុខមក! ហើយបើពួកគាត់ដែលតវ៉ាជាមួយប្រជាពលរដ្ឋនេះ គឺគាត់ទិញដីមានម្ចាស់ត្រឹមត្រូវ ប្រជាពលរដ្ឋយើងនៅក្នុងភូមិនេះគាត់អ្នកលក់ឱ្យ»

វីអូឌី នៅមិនទាន់អាចរកការឆ្លើយតបពីលោក លី សុងីម ដែលរងការចោទប្រកាន់ថាយកដីពលរដ្ឋ​នៅឡើយទេ នៅថ្ងៃសុក្រនេះ។

ចំណែកលោក​ឧកញ៉ា ហ៊ុន ជា អះអាងថា ដីដែលពលរដ្ឋកំពុងតវ៉ានោះជាដីរបស់ក្រុមហ៊ុន​លោក មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយលោកថា ភាគីខាងពលរដ្ឋមានត្រឹមតែលិខិតបញ្ជាក់ក្បាលដីប៉ុណ្ណោះ។ លោកថា កន្លងមក លោកធ្លាប់ឱ្យភាគីជម្លោះទៅ​​ជួប ដើម្បីបង្ហាញឯកសារកាន់កាប់ដីធ្លីនោះដែរ ប៉ុន្តែ​ភាគីខាងពលរដ្ឋមិន​បានទៅជួបឡើយ។

បើតាមលោក ហ៊ុន ជា គឺក្រុមហ៊ុនរបស់លោកមានដីជាច្រើនកន្លែងនៅតំបន់នោះ ដោយលោកថា ដី​កន្លែងខ្លះមានទំហំចន្លោះពី​២០ហិកតា ទៅ៥០ហិកតា ប៉ុន្តែលោកមិនប្រាប់ថា បណ្ណកម្មសិទ្ធិរបស់លោកទទួលបាននៅឆ្នាំណានោះទេ។

លោកបន្ថែមថា៖ «ដីហ្នឹងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្ញុំស្របច្បាប់ ខ្ញុំមានឯកសារមានប្លង់រឹងមួយកំប៉្លេ។ ភាគីម្ខាង​ទៀត តាមព័ត៌មានខ្ញុំដឹង គេមាន​ត្រឹមក្រដាសប៉េវ៉េមួយសន្លឹកទេ។ ខ្ញុំធ្លាប់ឱ្យខាងអាជ្ញាធរហៅបុគ្គលហ្នឹងមកជួបខ្ញុំដើម្បីបង្ហាញឯកសារ បុគ្គលហ្នឹងគេចរហូត មិនព្រមចូលមកទេ ប៉ុន្តែគេទៅបំផុសបំផុលប្រជាជនឱ្យ​មក​រញ៉េរញ៉ៃទៅវិញ»

មេឃុំបិតត្រាង លោក មៀច ចាន់ មានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋកំពុងមានជម្លោះជាមួយលោក លី សុងីម និងលោក ហ៊ុន ជា នោះជាដីគម្រប​ព្រៃឈើឆ្នាំ២០០២។ លោកថា ភាគីទាំងពីរអះអាងថា ពួកគេមានឯកសារកាន់កាប់ដីរៀងខ្លួន តែលោកមិនដឹងថា ពួកគេបានឯកសារនោះដោយរបៀបណាឡើយ។

មេឃុំ​រូបនេះបន្តថា កន្លងមក អាជ្ញាធរឃុំធ្លាប់សម្របសម្រួលដោះស្រាយដែរ ប៉ុន្តែភាគីទាំងសងខាងមិនឯកភាព​គ្នា ទើបលោកបញ្ជូនសំ​ណុំរឿងនេះទៅអាជ្ញាធរស្រុកដោះស្រាយបន្ត។

លោកបន្ថែមថា៖ «យើងបានសម្របសម្រួលដោះស្រាយមួយលើក​ជាពីរលើកហើយ ប៉ុន្តែវាមិនបានជោគ​ជ័យ​ទេ អ៊ីចឹងយើងក៏បានធ្វើកំណត់ហេតុបញ្ជូនទៅខាងសាលាស្រុក ដើម្បីបន្តនីតិវិធីដើម្បីដោះស្រាយ។ ប៉ុន្តែបើនិយាយឱ្យចំទៅ ដីរបស់ពួកគាត់ទាំងអស់នោះ វាស្ថិតនៅក្នុងដីគម្រប​​ព្រៃឈើឆ្នាំ២០០២ទេ»

ចំណែកអ្នកនាំពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា លោក​នៅពុំទាន់ទទួលបានរបាយការណ៍ជុំវិញករណីវិវាទដីធ្លីនេះទេ។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ (ADHOC​) ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី​ ជៀប​ សុធា​រី​ មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់អ្នកស្រី ប្រជាពលរដ្ឋបានទៅរស់​នៅតំបន់នោះយូរឆ្នាំហើយ។ អ្នកស្រីថា កាលពី​ឆ្នាំ២០១៤ រដ្ឋបាលខេត្ត​ក៏​ធ្លាប់​ចុះ​វាស់​វែងនិងកាត់ឆ្វៀល​ដីនោះ​ចេញពីដីគម្រប​ព្រៃឈើ ដើម្បីចែកជូនពលរដ្ឋរស់នៅជាក់ស្តែង បានរស់នៅ និងអាស្រ័យផល ទើបតែនៅឆ្នាំ២០២១នេះ កើតមានជម្លោះតែម្ដង។

មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យភាគីពាក់ព័ន្ធសម្របសម្រួលដោះស្រាយគ្នាតាមនីតិវិធី ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសិទ្ធិផ្សេងៗរបស់ពួកគេផង។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងរឿងហ្នឹង គួរតែកោះហៅភាគីម្ខាងទៀត​ដាក់ឯកសារជជែកគ្នាទៅ កុំអាល​ធ្វើសកម្មភាពផ្សេងៗធ្វើអី នាំតែមានបញ្ហាទំនាស់គ្នាកើតឡើង។ ហើយឥលូវហ្នឹងកំពុងកូវីដ​ផង យើងគួរតែជជែកគ្នាដោយសន្តិវិធីទៅ។ បើថាមិនអាចចរចា​ មិនអាចត្រូវគ្នាទេ អាហ្នឹងចាំយើងឡើងទៅតុលាការទៀតទៅ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ