លោក​ ហ៊ុន​ សែន ថា​កម្ពុជា​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់​សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ​នៅ​តាម​ខេត្ត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួលយកវ៉ាក់សាំងចិនប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជានៅខ្វះខាតវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដោយនៅក្នុងដំណាក់កាលដំបូងនេះបានផ្តល់អាទិភាពតែលើប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលជាមុនសិន។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះបានធ្វើឡើងតាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភានេះ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីនិងអាជ្ញាធរខេត្តមួយចំនួនដែលបានស្នើសុំវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនិងតាមវិស័យនានា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថា ការធ្វើបែបនេះនឹងមិនទទួលបានជោគជ័យនោះឡើយ និងបានស្នើសុំឱ្យរដ្ឋមន្ត្រីនិងអាជ្ញាធរខេត្តទាំងនោះបញ្ឈប់ការស្នើសុំនេះសិន។

យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងរបស់កម្ពុជាគឺធ្វើឡើងតាមដំណាក់កាល និងតាម «យុទ្ធសាស្ត្រផ្ការីក»  ដែលមានន័យថា «ចាក់ពីក្នុងចេញក្រៅ» មូលហេតុគឺដោយសារកម្ពុជាខ្វះខាតវ៉ាក់សាំង។

ប៉ុន្តែទោះជាបែបនេះក្តី បើតាមផែនការរដ្ឋាភិបាលកម្ពុជា គ្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឱ្យបាន១០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ។

លោកមានប្រសាសន៍ថា៖ «យើងមិនអាចចាក់កន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ ដោយនៅទីបំផុត យើងមិនអាចធ្វើឱ្យវ៉ាក់សាំងយើងមានប្រសិទ្ធភាពទេ ព្រោះថា មនុស្ស​ទៅចាក់វ៉ាក់សាំងមានចំនួនតិចជាង​អ្នកមិនទាន់ចាក់វ៉ាក់សាំង​។ ឥលូវនៅទីក្រុងភ្នំពេញ មនុស្សប្រមាណ៥០ ទៅ៦០% បានទទួលវ៉ាក់សាំងរួចទៅហើយ។ ដូច្នេះ ភាពផ្សាំនៅទីក្រុងភ្នំពេញ វានឹងកាត់បន្ថយបាន[នូេះ]ការឆ្លងនិងកាត់បន្ថយការស្លាប់ដែរ។​ យើងធ្វើវិធីនេះ គឺជាជម្រើសមួយក្នុងពេលដែលយើងអត់មានវ៉ាក់សាំង[គ្រប់គ្រាន់]។ បើយើងអត់មានវ៉ាក់សាំងហើយ យើងបែរជាចែកទៅនេះបន្តិចទៅនោះបន្តិច ភាពផ្សាំមិនអាចកើតមាននៅក្នុងសហគមន៍ឡើយ»។

ប៉ុន្តែទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី បានអះអាងថា លោកនឹងពិភាក្សាជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថាតើខេត្តឬទីប្រជុំជនណាដែលនឹងផ្តល់អាទិភាពចាក់វ៉ាក់សាំង បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តកណ្ដាល។

ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តព្រះសីហនុ កាល​ពី​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២១ បានដាក់លិខិតស្នើទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។

ក្រៅពីអាជ្ញាធរខេត្តព្រះសីហនុ ក៏នៅមានអាជ្ញាធរខេត្តផ្សេងទៀត រួមទាំងក្រុមហ៊ុន​និងសហគ្រាសផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ សមាគមស្បែកជើងកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល និងក្រសួងការងារ បង្កើតយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មករនៅតាមបណ្តាខេត្តនានា ខណៈជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅតាមរោងចក្រដែលស្ថិតនៅតាមខេត្តនានា ដូចជា ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង និងខេត្តព្រះសីហនុជាដើម។

កាលពីថ្ងៃទី២៣ ខែឧសភា កម្ពុជាទើបទទួលបានវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ (Sinovac) ចំនួន១ ០០០ ០០០ដូសបន្ថែមទៀត ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឱ្យដឹងនៅថ្ងៃសៅរ៍នេះថា វ៉ាក់សាំងចំនួន៤ ៥០០ ០០០ដូសទៀត នឹងមកដល់កម្ពុជា នៅក្នុងខែមិថុនាខាងមុខនេះ។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសបានចំនួន២ ៤៦៤ ៨៣៥នាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា គិតត្រឹមថ្ងៃសៅរ៍នេះ ការចាក់វ៉ាក់សាំងនឹងកើនឡើងដល់២លាន៥សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ