អាជ្ញាធរ​ខេត្ត​បាត់​ដំបង​​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ក្រុមហ៊ុន​​មួយ​ បើ​ធ្វើ​ឱ្យ​កាក​សំណល់​កខ្វក់​ហូរ​ចូល​ស្ទឹង​សង្កែ​ទៀត​

ផ្នែកមួយនៃស្ទឹងសង្កែ នៅត្រង់ចំណុចភូមិសាស្ត្រឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

អាជ្ញាធរខេត្តបាត់ដំបង ព្រមានចាត់វិធានការក្រុមហ៊ុនឯកជ​នមួយដែលបង្ហូរកាកសំណល់ទឹកស្អុយពីទីតាំងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ចូលក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក សុខភាពពលរដ្ឋ និងបរិស្ថាន។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យទំនប់ទឹករបស់ក្រុមហ៊ុន ហ្វីនិក អុិនដាស្ទ្រៀល ឯ.ក បា​ក់ហូរទឹកកខ្វក់ចេញពីអាងស្តុកទឹករបស់ខ្លួនចូលទៅក្នុង​ដងស្ទឹងសង្កែមួយផ្នែក ដែលធ្វើឱ្យមច្ឆជាតិមួយចំនួនពុល​ងាប់​ជាបន្តបន្ទាប់។ ក្រុមហ៊ុន ហ្វីនិក អុិនដាស្ទ្រៀល ឯ.ក គឺជារោងចក្រចម្រុះផលិតថ្នាំពេទ្យ។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា មន្ត្រីពាក់ព័ន្ធបានសហការជា​មួយ​មន្ទីរ​បរិស្ថានខេត្តនិងអាជ្ញាធរ​មូលដ្ឋាន ចុះយកទឹកកខ្វក់ពីក្រុមហ៊ុន ហ្វីនិក ដែលបានបង្ហូរកាកសំណល់ចូលក្នុងទឹកស្ទឹងសង្កែមួយផ្នែក ដើម្បីយកទៅធ្វើវិភាគ។

លោកបន្តថា ក្រោយពីធ្វើការវិភាគ អាជ្ញាធរជំនាញបាន​រកឃើញថា​ ទឹកកខ្វក់នោះមានជាតិពុល [ជាតិអាស៊ីត] ដែលធ្វើឱ្យត្រីពុលងាប់​ជាបន្តបន្ទាប់ បង្ក​ជាក្តីបារម្ភចំពោះពលរដ្ឋប្រើប្រាស់ទឹកស្ទឹងសង្កែផងដែរ។

ករណីនេះ លោកព្រមានថា បើក្រុមហ៊ុនមិនទប់ស្កាត់បញ្ហាទាំងនោះឱ្យបានទាន់ពេលទេ អាជ្ញាធរនឹងចាត់វិធានការច្បាប់លើក្រុមហ៊ុន។

លោកព្រមានថា៖ «បើសិនជាមានការបំពុល គឺវាមានការប៉ះពាល់ វាធ្ងន់ធ្ងរ! ក្នុងនាមអាជ្ញាធរខេត្តមិនបណ្តែតបណ្តោយឱ្យករណីនេះកើតឡើងលើទឹកដីរបស់ខេត្តយើង ជាពិសេសពាក់ព័ន្ធស្ទឹងសង្កែ។ ហើយរោងចក្រត្រូវជាអ្នកទទួលខុសត្រូវខ្ពស់នូវអ្វីដែលខ្លួនបានបង្កឡើងដោយការធ្វេសប្រហែស។ ហើយយើងមានការសោកស្តាយអ្វីដែលបានកើតឡើង ហើយយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយចាប់ឱ្យក្រុមហ៊ុនមានការទទួលខុសត្រូវនូវអ្វីដែលជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន»។

លោក អឿន សុវុទ្ធី  ដែលអះអាងថាជាប្រជាពលរដ្ឋរស់នៅភូមិស្វាយជូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល និយាយថា ប្រជាពលរដ្ឋរស់នៅតំបន់នោះប្រើប្រាស់ទឹកស្អាតដែលបូមចេញពីស្ទឹងពេជ្រចិន្តា។ ហើយទឹកស្ទឹងពេជ្រចិន្តានេះ ក៏ស្ថិតនៅក្រោមទំបន់ពហុសេកសកដែលមានលាយសារ​ធាតុពុល ក្រោយពីក្រុមហ៊ុន ហ្វីនិក អុិនដាស្ទ្រៀល ឯ.ក បាក់ទំនប់ធ្វើឱ្យទឹកកខ្វក់ហូរចូល​ដងស្ទឹងសង្កែដែរ។

ប៉ុន្តែលោកថា ប្រជាពលរដ្ឋរស់នៅតំបន់នោះ ជាពិសេសរូបគាត់ ត្រូវបង្ខំចិត្តប្រើទឹកនោះដោយសារគ្មានជម្រើស។

លោកនិយាយថា៖ «យើងបារម្ភថា ឃើញទឹកកខ្វក់ ហើយមានសារធាតុគីមី ហើយយើងមិនមានជម្រើសអ្វីក្រៅពីការប្រើប្រាស់ទឹកហ្នឹងបន្តទេ។ សម្រាប់បងប្អូននៅតាមបណ្តោយដងស្ទឹង អ្នកខ្លះគាត់ក៏អាចឈប់ប្រើ គាត់ងាកមកប្រើទឹកស្រះជំនួសបណ្តោះអាសន្ន ឬមួយក៏ទឹកប្រឡាយ អូរផ្សេងៗ អ្នកដែលមិនទាន់មានទឹកស្អាតចូលមកដល់»។

តំណាងក្រុមហ៊ុន ហ្វីនិក អុិនដាស្ទ្រៀល ឯ.ក សុំមិនបញ្ចេញឈ្មោះ និយាយថា ក្រុមហ៊ុនកំពុងរៀបចំអាងចម្រោះទឹកកខ្វក់ទាំងនោះបានប្រហែលជា ៨៥% ដើម្បីចម្រាញ់ទៅជាទឹកស្អាតយកទៅប្រើប្រាស់ក្នុងរោងចក្រវិញ។

តំណាងរូបនោះនិយាយដូច្នេះថា៖ «ក្រុមហ៊ុនមិនទាន់ធ្វើអាងចម្រោះទឹកបាន ១០០%។ អាចនៅចុងឆ្នាំហ្នឹង ក្រុមហ៊ុននឹងធ្វើហើយ ១០០% យើងលែងមានបញ្ហាទាំងនេះទៀតហើយ ដោយសារលក្ខណៈដីអត់ហាប់ណែន ដល់អ៊ីចឹងទៅ ធ្លាយទំនប់ចេញទៅក្រៅ ហើយក្រុមហ៊ុនបានបិទវាជិតវិញអស់ហើយ។ នៅថ្ងៃដដែលក៏បានដោះស្រាយរួចរាល់ដែរ ហើយនឹងមានការពង្រឹងជាងហ្នឹងទៀត ហើយនឹងពន្លឿងការសាងសង់ឱ្យរួចរាល់នៅចុងឆ្នាំនេះ»។

ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវស្រាវជ្រាវឱ្យ​បានគ្រប់ជ្រុងជ្រោយ​ពីផលប៉ះពាល់កើតចេញ​​ពីទឹកកខ្វក់ឬសារធាតុពុលដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​រាប់ម៉ឺននាក់ ដែល​ប្រើប្រាស់ទឹកនៅតំបន់នោះ រួម​នឹងផលប៉ះពាល់​​បរិស្ថាន ជាដើម។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែលទទួលខុសត្រូវការគ្រប់គ្រងផលិតកម្មនៅក្នុងរោងចក្រ ត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីធានាថា រោងចក្របានបន្សាបនូវជាតិកខ្វក់ សារធាតុគីមីដែលមាននៅក្នុងទឹកលូ ទឹកកខ្វក់របស់ខ្លួន មុននឹងធ្វើការបង្ហូរចូលក្នុងប្រព័ន្ធធារាសាស្ត្ររបស់ប្រជាពលរដ្ឋដែលមានប្រជាពលរដ្ឋធ្វើការអាស្រ័យផលពីប្រព័ន្ធទឹក ជាពិសេសស្ទឹងសង្កែរបស់យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ