មេធាវី​​ដាក់​​បណ្តឹង​​ទៅ​​តុលាការ​​​ស្នើ​​​ដោះ​លែង​​លោក​ រ៉ុង​ ឈុន​ នៅ​​ក្រៅ​​ឃុំ​​

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

តំណាងមេធាវីម្នាក់ក្នុងចំណោម​៥នាក់ដែលកំពុងការពារក្តីឱ្យលោក រ៉ុង ឈុន បាន​ដាក់​បណ្តឹង​ចំនួ​ន២រួចហើយទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំ​​ឱ្យ​​តុលា​​ការ​​​​ពិចារណា​ផ្តល់​លទ្ធភាពឱ្យអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូប​នេះបាន​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះអាសន្ន។

លោក សំ សុគង់ មេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន បាន​ប្រាប់ វីអូឌី​ ថាបណ្តឹង​ដែល​ក្រុម​ការ​ងារ​របស់​លោក​គ្រោង​ដាក់​កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​នេះ ឥលូវ​បាន​ចូលដល់​ដៃ​​​តុលា​​ការ​​​​​​​​​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​នេះ។ លោក​មាន​សុទិដ្ឋ​ិនិយ​ម​ថា តុលាការ​នឹង​ពិចារណាលើពាក្យ​​ស្នើ​​​សុំ​​នេះ ដើម្បីអាចឱ្យកូន​ក្តីរបស់​​លោកមាន​លទ្ធភាព​បាន​នៅ​ក្រៅ​ឃុំ ដោយសារភាពចាំបាច់នៃ​ការឃុំខ្លួន​​លើស​ពីនី​តិវិធី​ទៅ​ហើយ។​

លោកបន្តថា៖ «យើងខ្ញុំសង្ឃឹមថា ឯកឧត្តមប្រធានសាលាដំបូង អាចនឹង​សម្រេច​ក្នុង​ពេល​យ៉ាង​ខ្លី​បំផុត​ជូន​ចំពោះមេ​ធាវី​ដែលបានស្នើសុំនេះ​»។

យោងតាមមាត្រា៣០៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា នៅពេល​មេធាវី​ការ​ពារ​ឱ្យ​ជន​ត្រូវ​ចោទស្នើសុំ​ឱ្យដោះលែង​នៅក្រៅឃុំបណ្តោះអាសន្ន គឺតុលាការត្រូវឆ្លើយត​បឬ​បើក​ការ​ជំនុំ​ជម្រះ​​​ក្នុង​​​រយៈ​​​​ពេល១០ថ្ងៃយ៉ាងយូរ ក្រោយទទួលបា​នពាក្យបណ្តឹង​​។

គិតមក​ដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណជាង១០ខែ​​មក​​ហើយ គិតពីថ្ងៃចាប់ខ្លួន។ អតីតប្រធានសមាគមគ្រូបង្រៀនរូបនេះ ត្រូវបាន​តុលាការ​ចោទ​​ប្រកាន់​​​ពីបទ «​​ញុះ​ញង់​​បង្ក​ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សង្គម» និង​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​បណ្តោះ​អា​សន្ន​នៅ​​ពន្ធ​នា​​គារ​​ព្រៃស​។

ទាក់ទិនរឿងនេះ មន្រ្តីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់ថា ខាងរដ្ឋបាលបានទទួលបណ្តឹង​ទាំង២ របស់​​​មេធាវីការពារក្តី​លោក រ៉ុង ឈុន ​រួច​ហើយ​។ ចំណែក​ការឆ្លើយតបបែបណានោះ លោកថា ​គឺអាស្រ័យលើចៅក្រមជាអ្នក​​សម្រេចនៅពេល​​ក្រោយ​​។

លោកបន្តថា៖ «ចាំមើលលោកចៅក្រម! ខាងរដ្ឋបាលបានទទួលហើយ ហើយ​យើង​ក៏​បាន​បញ្ជូន​ទៅ​លោក​ចៅក្រម លោក​ចៅក្រម​កំពុង​ពិនិត្យ​សម្រេច​ថានឹង​ដាក់​កម្មវិធី​អី​យ៉ាង​ណា»។

នៅក្នុងពាក្យបណ្តឹងដែលក្រុមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន ដាក់ជូនទៅតុលាការទាំងពីរនេះ រួមមាន ទី១ ស្នើសុំជួបកូនក្តីតាមរយៈទូរសព្ទ ខណៈនៅពន្ធនាគារកំពុង​​មាន​បញ្ហាកូវីដ ដែល​មេធាវី​មិនអាចជួប​​​ផ្ទាល់​បាន និង​ទី២ សុំឱ្យតុលា​​ការ​​ដោះ​លែងលោក រ៉ុង ឈុន បាននៅ​​ក្រៅឃុំ​​​បណ្តោះ​​អាសន្ន។

មន្រ្តីនាំពា​ក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា  មិន​មាន​ជំនឿ​​ថា តុលាការនឹងដោះលែងលោក រ៉ុង ឈុន ទៅតាមសំណើរបស់ក្រុមមេធាវីនោះ​​ទេ។ អ្នកការពារ​​សិទ្ធិ​​មនុស្ស​​​​រូបនេះយល់ឃើញថា ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​នយោបាយ​ និង​ស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩​នេះផង តុលាការគួរពិចារណាក្នុង​ការ​ផ្តល់​លទ្ធ​​ភាព​​​សម្រាប់​ លោក រ៉ុង ឈុន បាននៅក្រៅឃុំទៅតាមការស្នើសុំ។

លោកបន្ត​​ថា៖ «ខ្ញុំគិតថា ដើម្បីបញ្ចប់​នូវមន្ទិល​សង្ស័យ​ ហើយ​បង្កើត​នូវ​ជំនឿចិត្តឬក៏​បន្ធូរ​បន្ថយភាព​តានតឹងផ្នែកនយោបាយ​ឡើងវិញ គប្បីស្ថាប័ន​​មាន​​សមត្ថ​កិច្ច​ ជាពិសេស​ខាង​តុលាការ​គួរពិចារណា ដើម្បីឱ្យ​លោក​ រ៉ុង ឈុន ដើម្បីថែ​រក្សានិងព្យា​បាល​​​ជំងឺ ​ប្រសិនជាគាត់កើតនូវជំងឺហ្នឹង»។

ប្រធាន​សហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវ​​​​បាន​​​​​​សមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីចុងខែកក្កដា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​​​​ពេល​លោក​​​បាន​អត្ថាធិប្បាយនិង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​​របស់​ពលរដ្ឋ​ក្នុង​​​ខេត្ត​​​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធបញ្ហាព្រំដែនរវាង​កម្ពុជា-វៀតណាម៕

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ