ទស្សនៈ​៖​ ដំណាក់​កាល​ស្តារ​ឡើង​វិញ​ពី​ជំងឺ​កូវីដ-១៩​ និង​កុមារ​នៅ​កម្ពុជា​

កុមារីម្នាក់កំពុងអានសៀវភៅក្នុងសាលារៀនរបស់ខ្លួននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (អង្គការទស្សនៈពិភពលោក)

ការសិក្សាថ្មីៗមួយចំនួន (១) បង្ហាញថា ប្រមាណជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១នៃជំងឺ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា ជំងឺ​រាត​ត្បាតសកល​នេះ​ បន្តិចម្តងៗ ​បាន​ដក​ហូត​នូវសិទ្ធិ​ជាមូលដ្ឋានដ៏សំខាន់​បំផុត​ចេញ​ពី​កុមារនិង​ធ្វើ​ឱ្យ​កុមារ​ភាព​របស់​ពួកគេនៅទ្រឹង។

ក្នុងរយៈពេល១៥ខែដំបូង កុមារត្រូវបានតម្រូវឱ្យនៅផ្ទះដោយសារការបិទសាលារៀននិងការរឹតត្បិតផ្សេងៗទៀត ដែលនាំឱ្យបាត់បង់ទម្លាប់​ប្រចាំថ្ងៃ និងឃ្លាតឆ្ងាយ​ពី​មិត្តភក្តិ គ្រូ និងសាច់ញាតិ។ លើសពីភាពឯកោ ពួកគេត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹងភាពភ័យខ្លាចនិងភាពតានតឹងដែលកំពុង​តែកើនឡើង។ ពួក​គេភ័យខ្លាច​ពីបញ្ហាសុខភាព​ដែល​អាច​កើត​ឡើង​លើ​ខ្លួននិងគ្រួសាររបស់​ពួកគេ នៅពេលដែលប្រទេសកំពុងជួបប្រទះករណីឆ្លងសហគមន៍ជាបន្តបន្ទាប់​។

ពួកគេក៏ភ័យព្រួយពីមុខរបរ​របស់ខ្លួន​នាពេលអនាគត ​​​​ព្រោះតែសាលារៀន​ត្រូវបានបិទជាបន្តបន្ទាប់​ចាប់តាំងពីខែមីនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ។ ពួកគេក៏មានការភ័យខ្លាចរៀនមិនទាន់គេ ដោយសារមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការរៀនសូត្រពីចម្ងាយ។ បញ្ហាតានតឹង នៅពេលដែលពួកគេបានឃើញឪពុកម្តាយនិងសាច់ញាតិគ្រួសារបាត់បង់ប្រាក់ចំណូល និងមានការលំបាកក្នុងការចំណាយលើការរស់នៅ។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា អំពើហិង្សាក្នុងគ្រួសារបានកើនឡើងក្នុងអំឡុងពេលមានជំងឺ​រាតត្បាត ហើយលទ្ធភាពដែលកុមារអាចស្វែងរកសេវាគាំទ្រត្រូវបានកាត់បន្ថយ។ 

វាអាចជារឿងពិបាកដែលឪពុកម្តាយនិងអាណាព្យាបាល​ជាច្រើននិយាយធានាចំពោះកូនៗពួកគេក្នុងការដោះស្រាយបញ្ហានេះ ជាពិសេសក្នុងស្ថានភាពនៃការឆ្លងជាសហគមន៍ជាលើកទី៣នេះ​​​ ស្របពេលដែលបញ្ហាសេដ្ឋកិច្ចរបស់ពួកគេក៏មានការកើនឡើងច្រើនថែមទៀត។

ទោះបីជាស្ថានភាពបច្ចុប្បន្នហាក់បីដូចជានៅងងឹតក៏ពិតមែន ​ប៉ុន្តែក៏មានសញ្ញាខ្លះដែលផ្តល់​​ក្តីសង្ឃឹមថា ជំងឺ​រាតត្បាតនេះ អាចនឹងត្រូវបានកម្ចាត់បាត់នាពេលខាងមុខនេះ។​

ជាមួយនឹងអត្រាប្រហែល២៣ភាគរយនៃពលរដ្ឋពេញវ័យរបស់ខ្លួន បានចាក់វ៉ាក់សាំងយ៉ាងហោច​ណាស់ម្តងរួចហើយ​។ កម្ពុជា ជាប្រទេសដែលឈរនៅលំដាប់ទី២ ក្នុងចំណោមប្រទេសដែល​ជោគ​ជ័យបំផុតក្នុងតំបន់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។​

របាយការណ៍ពីបណ្តាប្រទេសដែលពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​​​​ ក៏ជារឿងល្អសម្រាប់លើកទឹកចិត្តដល់ប្រទេសដទៃដែរ។ នៅក្នុងប្រទេសទាំងនេះ ការឆ្លងនិងចំនួនអ្នកស្លាប់កំពុងធ្លាក់ចុះ ដែលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព។ ក្នុងបរិបទនេះ​​​ ពួកយើងជឿជាក់ថា វាដល់ពេលដែលត្រូវគិតដល់សមរភូមិមួយទៀតដែលចាំយើងនាពេលខាងមុខ។

សម្រាប់កុមារជាច្រើននៅកម្ពុជា​​​​​ “ការវិលរកភាពប្រក្រតីវិញ” អាចនឹងត្រូវការកិច្ចប្រឹងប្រែងច្រើនជាងការប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩ទៅទៀត​​​ ដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងផលប៉ះពាល់ដែលអាចមានរយៈពេលវែងលើការសិក្សារៀនសូត្រ ភាពក្រីក្រ និងសុខភាពផ្លូវចិត្ត។

ក្រុម​អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងកុមារ​​ ថ្មីៗនេះ បានធ្វើការស្ទង់មតិនិងការសន្ទនា​ជា​បន្ត​បន្ទាប់​ជាមួយកុមារជាច្រើន ដើម្បីសួរនាំពួកគេអំពីផលប៉ះពាល់នៃជំងឺ​កូវីដ-១៩ ទៅលើជីវិតនិងក្តីសង្ឃឹមរបស់ពួកគេ​ទៅលើការស្តារប្រទេសឡើងវិញ។ តាមរយៈការសន្ទនានោះ ចំណុចអាទិភាពចំនួន៣ត្រូវបានកំណត់ដោយកុមារ ហើយជាចំណុចដ៏សំខាន់បំផុត ប្រសិនបើយើងចង់ផ្តល់កុមារភាពទៅឱ្យពួកគេវិញ។

អាទិភាពទីមួយ គឺការបើកសាលារៀនឡើងវិញ។ ទោះបីជាមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធក៏ដោយ ក៏ការស្ទង់មតិជាច្រើនបានលើកឡើងថា កុមារប្រហែល ១ភាគ៣ មិនបានបន្តការរៀនសូត្រក្នុងពេលបិទសាលារៀន។ អ្នកដែលបន្តការរៀនសូត្រនោះ ក៏រៀនបានតែពីរបីម៉ោងក្នុងមួយសប្តាហ៍ និងស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។

កុមារី រ៉ាវី អាយុ១៤​ឆ្នាំ មកពីខេត្តមណ្ឌលគិរី បាននិយាយថា៖ «ការរៀនតាមអ៊ីនធឺណិតមិនងាយស្រួលទេ។ ខ្ញុំមិនអាចចាប់យកមេរៀនបានទេនៅពេលគ្រូពន្យល់ ហើយដល់ពេលម៉ោងចប់ថ្នាក់ ក៏គ្មាននរណាម្នាក់អាចពន្យល់ខ្ញុំបានទៀតទេ»។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការសម្រាប់ការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ ជាការចាំបាច់ណាស់ក្នុងការសម្រេចបញ្ចប់ផែនការនេះ ហើយអនុវត្តឱ្យបានឆាប់រហ័សនិងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ជាពិសេសនៅពេលដែលបុគ្គលិកវិស័យអប់រំជាង៨៥ភាគរយបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។

លើសពីនេះទៅទៀត អ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវចូលរួមជាមួយគ្នានៅដើមឆ្នាំសិក្សា​បន្ទាប់ ដើម្បីអនុវត្តយុទ្ធនាការចុះឈ្មោះចូលរៀនដោយសស្រាក់សស្រាំ​ ដើម្បីនាំកុមារមកកាន់សាលា​រៀនវិញ។ វាតម្រូវឱ្យមានវិធានការចម្រុះ ដូចជា កម្មវិធីអាហារូបករណ៍ដើម្បីគាំទ្រដល់សិស្សដែលមានហានិភ័យនឹងការបោះបង់ចោលការសិក្សា វគ្គសិក្សាដើម្បីគាំទ្រដល់សិស្សដែលបានឈប់រៀនក្នុងអំឡុងពេលបិទសាលារៀន។ល។

កិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងការបោះបង់ការសិក្សា នឹងត្រូវមានរហូតដល់សេដ្ឋកិច្ចបានស្តារពេញលេញឡើងវិញ ដែលកន្លងមក ភាពលំបាកផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន និងដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យនៃការបោះបង់ចោលការសិក្សា ពលកម្មកុមារ និងរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ។

ទីពីរ គួរតែធានាថា មានការគាំទ្រផ្នែកហិរញ្ញវត្ថុចំពោះគ្រួសារដែលងាយរងគ្រោះបំផុត។ ក្នុងរយៈពេល១៥ខែកន្លងមកនេះ មនុស្សជាច្រើនបានបាត់បង់ការងារឬថយចុះនូវប្រាក់ចំណូល។

កុមារាឈ្មោះ សុផល អាយុ១៧ឆ្នាំ មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖  «គ្រួសាររបស់ខ្ញុំមិនមានចំណូលអ្វីទេ មានតែការចំណាយ ហើយយើងបានជំពាក់ប្រាក់ជាច្រើន»។

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការទស្សនៈពិភពលោក ថ្មីៗនេះ បង្ហាញថា​ មានតែ៥០​ភាគរយនៃអ្នកដែលចូលរួមឆ្លើយសំណួរ បានប្រាប់ថា ពួកគេមានលទ្ធភាពទាំងស្រុងក្នុងការ​ចំណាយលើថ្លៃអាហារហូបចុក។​​ ដើម្បីទប់ទល់នឹងស្ថានភាពនេះ ពួកគាត់ត្រូវខ្ចីបំណុលថ្មីឬលក់ទ្រព្យសម្បត្តិដែលនៅមានផលិតភាព។

ម៉្យាងវិញទៀត អស្ថិរភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងនេះ អាចនឹងបង្កឱ្យមានហានិភ័យទៅលើសន្តិសុខ​ស្បៀង បន្ទាប់ពីការរាតត្បាតនៃជំងឺ​ដ៏កាចសាហាវនេះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្វីដែលសំខាន់នោះ គឺត្រូវបន្តកម្មវិធីជំនួយសង្គមដែលបានចាប់ផ្តើមក្នុងអំឡុងពេលមានជំងឺ​រាតត្បាតដ៏កាចសាហាវនេះ រហូតដល់សេដ្ឋកិច្ចអាចដំណើរការជាធម្មតា​វិញ។

លើសពីនេះទៅទៀតនោះ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារដែលងាយទទួលរងគ្រោះបំផុត ដែលត្រូវការ​អាហារូបត្ថម្ភ​ស្បៀង និងកម្មវិធីចិញ្ចឹមជីវិតបន្ថែម ដើម្បីកាត់បន្ថយផលប៉ះពាល់ធំបំផុតនៃការបាត់បង់ការងារនៅក្នុងប្រទេស។

ចំណុច​អាទិភាពទី៣ គប្បីដោះស្រាយនូវផលប៉ះពាល់នៃការរីករាលដាលនូវជំងឺ​រាតត្បាតនេះទៅ​លើសុខភាពផ្លូវចិត្ត​របស់កុមារ។

កុមារីឈ្មោះ គន្ធា អាយុ១២​ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ «ខ្ញុំព្រួយបារម្ភអំពីការរៀនមិនទាន់គេ និងការដែលគ្រួសារខ្ញុំអាចនឹងឆ្លងជំងឺកូវីដ-១៩»។​

ការវិនិយោគ​ជាចាំបាច់លើបរិយាបន្នសង្គម សេវាកម្មគាំពារសង្គម និងកម្មវិធីមានសារៈសំខាន់ដទៃទៀត​​ ត្រូវធ្វើឡើង ដើម្បីធានាបាននូវការផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់កុមារនិងគ្រួសាររបស់កុមារងាយរងគ្រោះ។ ការអូសបន្លាយឱ្យមានភាពឯកោនិងភាពតានតឹងអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដូចជា បណ្តាលឱ្យ​បាត់បង់ទំនុកចិត្ត អសុវត្ថិភាព និងការផ្តាច់ខ្លួនចេញពីសង្គម ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាតនេះបានបញ្ចប់ក៏ដោយ។

តាមចំណុចអាទិភាពដែលបានលើកឡើងខាងលើ ប្រទេសកម្ពុជាគួរដាក់ការអភិវឌ្ឍនិងការរៀនសូត្ររបស់កុមារទៅក្នុងចំណុចស្នូលនៃផែនការការស្តារឡើងវិញ ដែលមិនត្រឹមតែសម្រាប់​ការប្រយុទ្ធប្រឆាំងនឹងជំងឺ​ឆ្លងនេះប៉ុណ្ណោះទេ ថែមទាំងដើម្បីជម្នះផលប៉ះពាល់រយៈពេលវែងរបស់វាផងដែរ៕


(១) សម្រាប់ព័ត៌មានបន្ថែម៖ ការវាយតំលៃរួមពីតម្រូវការកិច្ចការងារអប់រំ ដោយក្រសួងអប់រំយុវជននិងកីឡា អង្គការUNCEF និងអង្គការសង្គ្រោះកុមារ ការស្ទង់មតិរបស់អង្គការទស្សនៈពិភពលោក លើផលប៉ះពាល់របស់គ្រួសារងាយរងគ្រោះ


Joining Force គឺជាសម្ព័ន្ធភាពសកលនៃអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យដែលផ្តោតសំខាន់លើកុមារដោយរួបរួមក្នុងការស្វែងរកមតិគាំទ្រ ដើម្បីសម្រេចបាននូវសិទ្ធិរបស់កុមារទាំងអស់។ អង្គការទាំងនេះរួមមាន៖ ChildFund Cambodia, Plan International Cambodia, Save the Children International Cambodia, SOS Children’s Village, Terre des Hommes Netherlands, និងអង្គការ World Vision International Cambodia។

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ