អាជ្ញាធរ​​រាជ​ធានី​ភ្នំពេញ​ ផ្អាក​បញ្ចេញ​​អត្ត​សញ្ញាណ​អ្នក​ឆ្លង​ជំងឺ​​កូវីដ-១៩​ថ្មី​ដោយ​ថា​មិន​សូវ​ចាំបាច់​

រថយន្តមន្ទីរពេទ្យមួយគ្រឿងមកដឹកជនដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រាជធានីភ្នំពេញ។ (ជន ចាន់រ៉ែន)

អាជ្ញាធរ​រាជធានីភ្នំពេញ ​ផ្អាកការចុះផ្សាយអត្តសញ្ញាណអ្នកឆ្លងជំងឺ​កូវីដ-១៩ថ្មីប្រចាំថ្ងៃ ដោយ​សារ​អា​ជ្ញាធរ​មមាញឹកក្នុងការ​​​ស្រាវ​ជ្រាវនិង​​ចុះយក​សំណា​កអ្នកពាក់ព័ន្ធ​ដែលមានចំនួនច្រើន និងថាការ​បញ្ចេញអត្តសញ្ញាណអ្នកឆ្លងជំងឺ​កូវីដ-១៩នេះក៏មិនសូវចាំបាច់ទៀតនោះដែរ។

ចាប់ពីថ្ងៃ​ទី២៨ ខែឧសភា មកទល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ផ្អាក​ការ​បញ្ចេញឈ្មោះនិងទីកន្លែងស្នាក់នៅរបស់អ្នកជំងឺកូវីដ-១៩​ថ្មី បន្ទាប់ពីធ្លាប់​បាន​ចុះផ្សាយ​លើទំព័រហ្វេសប៊ុករបស់ខ្លួនបង្ហាញពីអត្តសញ្ញាណពលរដ្ឋឆ្លងកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះករណីឆ្លងរាលដាលខ្លាំងក្នុងខែមេសារហូតមក។ 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា ថ្មីៗនេះ អាជ្ញាធរមមាញឹកលើការងារចុះស្រាវជ្រាវ ប្រមូលយកសំណាក និងបញ្ជូនអ្ន​កពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក និងអ្នកឆ្លងទៅព្យាបាល។ ​លោកថា កិច្ចការទាំងនេះ​មានសារៈសំខាន់ជាង​ការ​បញ្ចញព័ត៌​​មា​នអ្នកឆ្លងថ្មីៗឱ្យសាធារណជនបានដឹង​។

លោកមានប្រសាសន៍ថា៖ «ឥលូវនេះ យើងឃើញថា ប្រជាពលរដ្ឋយើងមានការយល់ដឹងហើយ អ៊ីចឹងបានជាយើងចាត់ទុកថា អានេះវាអត់សូវមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវរបស់យើងតទៅទៀតទេ។ ការស្រាវជ្រាវរបស់យើង គឺយកមនុស្សទៅព្យាបាល និងអ្នកពាក់ព័ន្ធផ្ទាល់ គាត់ដឹងខ្លួនគាត់ គឺយើងត្រូវតាមទៅយកសំណាកគាត់។ យើងមមាញឹកក្នុងការយកសំណាកច្រើនណាស់សព្វថ្ងៃនេះ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រចំពោះការមិន​បង្ហាញ​អត្តសញ្ញាណអ្នកជំ​ងឺនេះ ដោយ​ថា កន្លងមក ការបង្ហាញឈ្មោះ អាយុ និងអាសយដ្ឋានស្នាក់នៅជាដើម គឺជាការរំលោភសិ​ទ្ធិឯកជនភាពរបស់ពួកគេ។ លោកថា វិធីនេះនឹងមិនអាចជួយកាត់បន្ថយការឆ្លងរាលដាលរបស់ជំងឺនោះទេ។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរគួរ​​ប្រើវិធីបង្ហាញទីតាំងឬតំបន់លើផែនទីដែលមានករណីឆ្លងឱ្យសាធារណជន​បានដឹ​ងជំនួសវិញ និងព្យាយាមសាកសួររកអ្នកពាក់ព័ន្ធ និងចាត់វិធានការឆ្លើយតបលើអ្នកសង្ស័យឱ្យបានគ្រប់ជ្រុងជ្រោយនិងទាន់ពេ​ល គឺជារឿងប្រសើរ។ 

លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ការដែលឱ្យគាត់និយាយការពិតឱ្យគ្រប់ជ្រុងជ្រោយទៅ ព្រោះកន្លែងខ្លះគឺប្រហែលជាគាត់ពិបាកនិយាយ ហើយបើឱ្យគាត់និយាយព័ត៌មានឱ្យ​ច្បាស់​លាស់ ហើយ​អាជ្ញាធរព្យាយាមចាត់វិធានការទៅតាមហ្នឹង វាមានប្រសិទ្ធភាពជាងការគ្រាន់តែបញ្ចេញអត្តស​ញ្ញាណ»

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​ទី១ ខែមិថុនា​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣០ ៧១០​នាក់ ក្នុងនោះ​ អ្នកជំងឺជាសះស្បើយសរុបមា​ន​ចំនួន២៣ ៣៨៩​នាក់ និង​អ្នកស្លាប់២២០នាក់៕


អត្ថបទទាក់ទង

ពលរដ្ឋពីរនាក់ជិះម៉ូតូនៅពីមុខច្រកចូលខ្លោងទ្វារមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្រ្តី​​កម្ពុជា​រិះគន់​ UN លើ​សំណើ​បញ្ចេញ​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ-១៩​ក្នុង​ពន្ធនាគារ​

មន្រ្តីជាន់ខ្ពស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានរិះគន់សំណើរបស់អង្គការសហប្រជាជាតិ (UN) និងសង្គមស៊ី​វិលមួ​យចំនួនដែលស្នើ​​ឱ្យ​រដ្ឋាភិបាលបង្ហាញអត្តសញ្ញា​ណ​អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារ​​ទូទាំងប្រទេស ដោយថា ធ្វើ​​ឡើងតា​មតែបបូរមាត់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ