អតីត​​នាយក​សាលា​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា​​រំលោភ​យក​ដីសាលា​ធ្វើ​ជា​កម្ម​សិទ្ធិ​

សាលាបឋមសិក្សា កៀនតាស៊ីវ ស្ថិតនៅភូមិកៀនតាស៊ីវ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមួយចំនួនរស់​នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចោទអតីត​នាយក​សាលា​បឋម​សិក្សា​ កៀន​តាស៊ីវ ថាបាន​រំលោភយកដីសាលារៀន និងធ្វើ​ប្លង់កម្មសិទ្ធិជា​ទ្រព្យ​សម្បត្តិផ្ទាល់ខ្លួន អំឡុង​ពេលលោក​មាន​តួនាទីជា​នាយក​សាលា​មួយនេះ។

អ្នកស្រី យ៉ាន់ ចាន់នី រស់នៅភូមិកៀនតាស៊ីវ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឱ្យ​​ដឹង​នៅ​ថ្ងៃទី១ ខែមិថុនានេះថា ដីសាលាដែលមានទំហំជិត១ហិកតានៅ​ផ្នែកខាងមុខ ត្រូវបាន​អតីតនាយក​សាលា កៀនតាស៊ីវ ឈ្មោះ លោក សេង ហៃ លួច​ធ្វើប្លង់កម្មសិទ្ធិកាល​ពីឆ្នាំ​២០១៨។

អ្នកស្រីបន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អតីត​នាយកសាលារូបនោះ​បាន​​ផ្ទេរ​​​​​អចលន​ទ្រព្យ​ដែល​ជា​មរតករបស់សាលាមួយផ្នែក ​ឱ្យ​ទៅ​​​​កូន​​ចៅជា​​អ្នក​​គ្រប់គ្រងបន្តវិញ។

​​អ្នក​​ស្រីបន្តថា៖ «ខំអត់រង្គោះរង្គើទៀត! ដោយសារ​គាត់ចែកដីឱ្យកូន គាត់ចាក់​ដី​យក​​​ធ្វើជា​​សម្បត្តិ​​ខ្លួន​គាត់​។ គាត់អត់ទុក​ជាសម្បត្តិ​សាលាហ្នឹង ទើប​ប្រជាពលរដ្ឋ​ដឹង​ហ្នឹង។ បើសិន​ជា​ដឹង​​យូរ​​ហើយ​​ ក៏ប្តឹងយូរហើយ​​ដែរ តែរឿងហ្នឹងប្រជាជនអត់ដឹងទេ ទើបតែដឹងពេលគាត់​ចែក​ឱ្យ​កូន​ហ្នឹង​ទេ បានដឹង​ហ្នឹង​»។

​អ្នកស្រីប​ន្តថា តាមគម្រោង ​​ផ្លូវ​​លំនេះនឹងត្រូវរដ្ឋាភិបាល​ពង្រីក​ទៅជាផ្លូវល្បឿនលឿន​ភ្នំពេញ-ស្វាយរៀង នៅ​​ពេលខាង​មុខ។

បើតាមអ្នកស្រី យ៉ាន់ ចាន់នី អតីតនាយកសាលា​ដែល​ចូលនិវត្តន៍រូបនេះ បានទុកផ្លូវ​​ដែល​មាន​​ទទឹងផ្លូវទំហំ៣ម៉ែត្រ សម្រាប់​​​​​​សិស្សនិង​​គ្រូ​​​ធ្វើដំណើរ​ឆ្លង​​កាត់ទៅសាលារៀន​​​ដែល​​ស្ថិត​នៅដី​ផ្នែក​​​ខាងក្រោយ​​​។

អ្នកភូមិ​រស់នៅ​​ភូមិ​កៀន​​តាស៊ីវ​ម្នាក់ទៀត អ្នកស្រី អ៊ុក ចាន់សេរី ឱ្យដឹងដែរថា ក្រោយ​ឆ្នាំ​១៩៧៩ ផ្ទៃដីសរុបរបស់សាលារៀននេះមានទំហំប្រមាណ៣​ហិក​តា​ ប៉ុន្តែក្រោយ​មាន​ការ​កាន់​កាប់​មួយ​ផ្នែកពីលោក សេង ហៃ និងពលរដ្ឋប្រមាណ១០គ្រួសារ​ផ្សេង​ទៀត បាន​ធ្វើឱ្យ​ទំហំ​ផ្ទៃ​ដី​សាលារៀនមួយ​​នេះត្រូវរួមតូចមកដល់ពេលបច្ចុប្បន្ន។ អ្នកស្រី​ប​ន្ត​ថា មូល​ហេតុ​ដែល​​​​​​​ពលរដ្ឋ​តវ៉ា​នេះ ព្រោះ​មិន​ចង់​ឱ្យដីសាលារៀននេះត្រូវ​បាត់​បង់។

បើតាមក្រុមប្រជាពលរដ្ឋ នៅអំឡុងឆ្នាំ២០១៨ អ្នកតវ៉ារាប់រយនាក់បានផ្តិតមេដៃនិងដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីថ្នាក់ខេត្តម្តងរួចហើយមក ប៉ុន្តែមិនមានលទ្ធផល។ ដោយពុំមានដំណោះស្រាយនោះ នៅដើមឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ តម្រូវឱ្យអាជ្ញាធរខេត្តដោះស្រាយទំនាស់ដីធ្លីនេះជាថ្មីទៀត បន្ទាប់ពីប្រជាពលរដ្ឋរាប់រយគ្រួសារបានផ្តិតស្នាមមេដៃស្វែងរកកិច្ចអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។

វីអូឌី ពុំអាចសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបានទេពីលោក សេង ហៃ នៅ​ថ្ងៃ​នេះ។

បើទោះជាបែបណា នាយកសាលាបច្ចុប្បន្នដែលត្រូវជាកូនប្រសាររបស់លោក សេង ហៃ ជា​​អតីត​នាយកសាលាកៀនតាស៊ីវ ទទួលស្គាល់ថា ក្រុមគ្រួសារបស់​​លោកពិតជាបានកាន់កាប់​​ដី​​សាលា​​នេះមួយ​​​ផ្នែក​​មែន​។

ប៉ុន្តែលោកបញ្ជាក់ថា អ្នកពាក់ព័ន្ធដីសាលារៀនេះមិនមែនតែ​​ក្រុម​​គ្រួ​​សារ​លោកម្នាក់ទេ ពោលគឺនៅមានគ្រួសារផ្សេងទៀត ក៏មានជាប់ពាក់ព័ន្ធ​ការយកដីសាលានេះ​ដែរ។

តែយ៉ាងណា លោកថា លោក​មិនខ្លាចនឹងប្រគល់ដីនេះឡើយ ប្រសិន​​បើអ្នក​​ជាប់​​ពាក់​ព័ន្ធ​​​​ទាំងអស់យល់​​ព្រម​សងទៅសាលារៀនវិញ។

លោកបន្តថា៖ «ដីដែលគ្រួសារខ្ញុំយកផ្នែកខាងមុខហ្នឹងមាន គឺមានពាក់​​ព័ន្ធ​ដែរ​​។ ជាគំនិតយោបល់របស់ខ្ញុំ ហើយខ្ញុំសួរមតិមើល បើភាគីខាងគាត់ [ឪពុកក្មេក] ហើយបើប្រ​​ជា​​ពល​​រដ្ឋ​ដែល​ពាក់ព័ន្ធទាំងអស់​គ្នាព្រមឱ្យ គាត់ក៏ឱ្យវិញដែរ»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក ខៀវ សំអុល ឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាល​ខេត្តកំពុង​​​​ដោះស្រាយទំនាស់ដីធ្លីនេះ​ ក្រោយ​​ទទួល​​​​បានសំណើរ​បស់​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ។ ​

លោក​​បន្ត​​ថា លទ្ធផល​​យ៉ាង​​ណានោះនៅមិនទាន់​ដឹងច្បាស់​នៅឡើយ​ទេ ដោយត្រូវរង់​​ចាំស្ថានភាព​​ជំងឺ​​កូ​​វីដ-១៩​​ស្ងប់​​ស្ងាត់​​​​​​ទៅវិញសិន​។

​លោកបញ្ជាក់​ថា៖ «ប្រជាពលរដ្ឋដែលមានទំនាស់ បូករួមទាំងអតីតនាយកហ្នឹងផង ព្រមឱ្យ​វិញ​ ឱ្យ​តែ​នាយក​ឱ្យ។ ប៉ុន្តែចៅ​ហ្វាយខេត្ត គាត់ចង់បានស្នាមមេដៃដែលថាព្រមឱ្យវិញ ព្រោះពួក​គាត់​​អាស្រ័យ​ផលតាំងពីឆ្នាំ១៩៧៩ ក្រែងពួកគាត់មិនព្រមឱ្យវិញ។ បើឱ្យ​ បានគាត់​នឹង​កាត់​តែម្តង។ ប៉ុន្តែដោយសារកូវីដអ៊ីចឹងទៅ មិនបានដោះស្រាយទេ រឿងផែនការដែលគាត់ឱ្យទៅ​ប្រមូល​ស្នាមមេដៃរបស់ប្រជាពលរដ្ឋ១៧គ្រួសារដែលពាក់ព័ន្ធដីហ្នឹង»។

មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារត្ន យល់​ឃើញ​ថា ប្រសិន​បើដីនេះពិតជាទ្រព្យសម្បត្តិរបស់សាលារៀនមែន គឺត្រូវតែប្រគល់ជូនសាលាវិញ​។ លោក​​សង្កត់​ធ្ងន់ថា អ្នកដែលទទួលខុសត្រូវខ្ពស់បំផុតគឺអាជ្ញាធរថ្នាក់ខេត្តនិងមន្ទីរអប់រំ ហើយ​ការ​​រំលោ​ភ​​​យកចំណែក​​ណាមួយពីដីសាលារៀនជាការរំលោភគោលការណ៍ច្បាប់។

លោក​បន្តថា៖ ​«ដីសាលារៀនក៏​ដោយ​ឬដីអីក៏ដោយ គឺសុទ្ធតែមានប្លង់អស់ហើយ។ ដូច្នេះហ្នឹង ​បើសិន​ជាដីហ្នឹង​ស្ថិតនៅក្នុងក្របខណ្ឌរបស់សាលា គឺគាត់មិនមានសិទ្ធិយកទេ បើសិនជា​គាត់​យក​ វាល្មើសនឹងច្បាប់ភូមិបាល និងល្មើស​ទៅ​នឹងច្បាប់របស់រដ្ឋ ហើយមានទោសថែមទៀត»។

បើតាមក្រុមប្រជាពលរដ្ឋ បច្ចុប្បន្ន សាលាបឋមសិក្សានិងអនុវិទ្យាល័យ កៀនតាស៊ីវ មាន​សិស្ស​កំពុងសិក្សា​​មកពីភូមិ​​ប្រ​​មាណ​​១០ភូមិ ចំណុះឱ្យឃុំស្វាយយា ស្រុកស្វាយជ្រុំនេះ។ ដោយមើលឃើញ​​ពីកំណើន​​សិស្ស​​ចេះ​​តែ​​​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សាលារៀននេះត្រូវ​បានបន្ថែមទៅ​ជាអនុវិទ្យាល័យ​​មួយ​​កម្រិត​​ទៀត​ រហូត​មកដល់ពេលបច្ចុប្បន្ន៕


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌ៖ «បើតាមក្រុមប្រជាពលរដ្ឋ​​ នៅអំឡុងឆ្នាំ២០១៨ ប្រជាពលរដ្ឋរាប់រយនាក់បានផ្តិតមេដៃនិងដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បី​​ប្រឆាំងនឹង​​ការយក​​ដី​សាលា​ធ្វើជាកម្មសិទ្ធិពីសំណាក់អតីតនាយកសាលានេះ​ម្តងរួចមកហើយ ពេល​ដែល​អតីតនាយកសាលានេះ​​ចាក់​ដី​បំពេញ​ទីធ្លាហ៊ុមព័ន្ធ​ធ្វើជាកម្មសិទ្ធិ។ ពួកគាត់បន្តថា នៅដើមឆ្នាំ២០១៩ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ តម្រូវ​​​ឱ្យ​​​​​អាជ្ញាធរខេត្តដោះស្រាយបញ្ចប់​ទំនាស់ដីធ្លី​នេះ។» ខ្លឹមសារដែលត្រឹមត្រូវ «បើតាមក្រុមប្រជាពលរដ្ឋ នៅអំឡុងឆ្នាំ២០១៨ អ្នកតវ៉ារាប់រយនាក់បានផ្តិតមេដៃនិងដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីថ្នាក់ខេត្តម្តងរួចហើយមក ប៉ុន្តែមិនមានលទ្ធផល។ ដោយពុំមានដំណោះស្រាយនោះ នៅដើមឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ តម្រូវឱ្យអាជ្ញាធរខេត្តដោះស្រាយទំនាស់ដីធ្លីនេះជាថ្មីទៀត បន្ទាប់ពីប្រជាពលរដ្ឋរាប់រយគ្រួសារបានផ្តិតស្នាមមេដៃស្វែងរកកិច្ចអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ