គ្រួសារ​សកម្ម​ជន​បរិស្ថាន​គ្រោង​ទៅ​បួងសួង​សុំឱ្យ​អ្នក​ជាប់​ឃុំ​ចៀស​ផុត​​ជំងឺ​កូវីដ-១៩​

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

គ្រួសារសកម្មជនបរិស្ថាន គ្រោងទៅបួងសួងនៅព្រះអង្គដងកើ នៅថ្ងៃ​ស្អែកនេះ ដើម្បីបួងសួងសុំឱ្យវត្ថុស័ក្តិសិទ្ធិជំរុញចិត្តតុលាការដោះលែង និង​​ជួយ​ថែរក្សាគ្រួសារ​របស់ពួកគាត់ដែលកំពុងជាប់ឃុំ ឱ្យ​ចៀសផុតពីការ​ឆ្លងជំងឺកូវីដ-១៩។

ការគ្រោងទៅបួងសួងរបស់គ្រួសារសកម្មជនបរិស្ថាន ធ្វើឡើង​បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែឧសភា ប្រកាសថា មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស មាន​អ្នកជាប់ឃុំឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ។

ភរិយារបស់លោក ថុន រដ្ឋា សកម្មជនបរិស្ថាន គឺអ្នកស្រី ប៉ាត់ រស្មី ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា មូល​ហេតុពួកគាត់ទៅបួងសួងនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីសុំឱ្យ​ព្រះអង្គជួយថែរក្សាគ្រួសារអ្នក​ដែលកំពុងជាប់ឃុំនៅពន្ធនាគារចៀសផុតពីជំងឺកូវីដ-១៩ ដោយ​សារ​ចាប់​តាំង​ពីផ្ទុះ​ជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ ពួកគាត់មិនបានទទួលដំណឹងសោះ​ឡើយ​ពីអ្នក​ជាប់​ឃុំ។

​អ្នកស្រីថា៖ «យើងគ្រាន់តែបួងសួងសុំឱ្យអ្នកនៅក្នុងពន្ធនាគារសុខសប្បាយ ​ចៀសឆ្ងាយពីកូវីដ! យើងមានការបាម្ភមែនទែន ព្រោះរហូតមកដល់ពេលហ្នឹង យើងមិនដឹងដំណឹងពីគាត់ថានៅក្នុងនោះគាត់ហូបចុកម៉េច សុខទុក្ខម៉េច ​ហើយអនាម័យម៉េច! និយាយទៅ យើងអត់ដឹងដំណឹងគាត់សោះ សូម្បីមន្ត្រីពន្ធនាគារក៏អត់បានទាក់ទងមកប្រាប់ពីសុខទុក្ខប្ដីនាងខ្ញុំដែរ»។

ប្អូនស្រីកញ្ញា ឡុង គន្ធា សកម្មជនបរិស្ថានមួយរូបទៀត គឺកញ្ញា ឡុង សុខលីន លើកឡើងដែរថា ពួកគាត់នាំគ្នាធ្វើពិធីបែបសាសនា ដោយសារ​អស់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងសុំឱ្យព្រះអង្គដងកើជួយថែរក្សាបងស្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារចៀសផុតពីជំងឺផ្លូវដង្ហើមមួយនេះ។

កញ្ញា​បន្ត​ថា ការទៅបួងសួងនៅព្រះអង្គដងកើនេះដែរ ដោយសារ​គ្រួសាររបស់ពួកគាត់ជឿលើបុណ្យ​បាប ដោយថា អ្នកដែលធ្វើទង្វើមិនល្អនឹងទទួលបានផលតបស្នងបែបនោះវិញ។

កញ្ញាថា៖ «ខ្ញុំមានក្ដីបារម្ភខ្លាំងពីបងខ្ញុំ ពីសុខទុក្ខគាត់ ពីព្រោះនៅនោះបន្ទប់ចង្អៀត! ​ឮថាមានអ្នកឆ្លងអ៊ីចឹង ខ្ញុំខ្លាចគាត់ឆ្លងជំងឺហ្នឹងដែរ! ​ហើយអត់ដែលបាន​ដំណឹងពីគាត់ទៀត អ៊ីចឹងខ្ញុំបារម្ភខ្លាំងមែនទែន។ ខ្ញុំចង់ឱ្យគេ [អនុញ្ញាត] ឱ្យគាត់ប្រើទូរសព្ទ ដើម្បីទាក់ទងប្រាប់ដំណឹងសុខភាពគាត់​ ខ្ញុំចង់ដឹងគាត់នៅម៉េចដែរ! ហើយបើអាច ខ្ញុំចង់ឱ្យគេអនុញ្ញាតឱ្យគាត់មកនៅក្រៅឃុំអ៊ីចឹង»។

កញ្ញា ឡុង សុខលីន បន្តថា បងស្រីកញ្ញានិងអ្នកជាប់ឃុំដទៃទៀតមិនបានប្រព្រឹត្តកំហុសឡើយ ដោយកញ្ញាចាត់ទុកការសម្រេចចោទប្រកាន់និងឃុំខ្លួនលើសកម្មជនបរិស្ថា​ននិងអ្នកធ្វើការងារសង្គមកន្លងមកថា ជារឿងអយុត្តិធម៌សម្រាប់គ្រួសាររបស់ពួកគាត់ទាំងអស់គ្នា។ 

ដោយឡែក ម្ដាយរបស់អតីតព្រះតេជគុណ កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉ែម មានប្រសាសន៍ថា រាល់ថ្ងៃអ្នកស្រីបារម្ភពីសុខភាពនិងសុវត្ថិភាពកូន ក្រោយពីទទួលព័ត៌មាននៅពន្ធនាគារមានឆ្លងជំងឺកូវីដ-១៩។ ស្ត្រីវ័យ៧៧​ឆ្នាំរូបនេះ រៀបរាប់ថា អ្នកស្រី​ចង់ឱ្យតុលាការដោះលែងកូនគាត់និងអ្នកផ្សេងទៀតមកជួបជុំគ្រួសារវិញ ។

អ្នកស្រីថា៖ «ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច បើទៅអត់រួច! ខ្ញុំបន់នៅនេះណាស់ដែរ ព្រះនៅស្រុកយាយនិង​ព្រះនៅស្រុក​ឱ្យកូនចៅរួចផុតនិងរំដោះចេញ ឱ្យព្រះអង្គជួយមិនមែនតែកូនខ្ញុំ គឺឱ្យជួយក្នុងក្រុមទាំងអស់បានរួច»។

អ្នកនាំពា​ក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការទៅបួងសួងនៅព្រះអង្គដងកើរបស់គ្រួសារសកម្មជនបរិស្ថាន ថាជាសិទ្ធិ​របស់ពួកគាត់។ 

លោក​ថា ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩​នេះ តុលាការគួរពិចារណាក្នុង​ការដោះលែងឱ្យពួកគាត់ទាំងអស់គ្នានៅក្រៅឃុំបណ្ដោះអាសន្ន។

លោកថា៖ «ចំណុចនេះក៏វាជាការឆ្លុះបញ្ចាំង​ដែរ អ្វីដែល​គាត់ធ្វើ ការដាក់កិច្ចអន្តរាគមន៍ ការអំពាវនាវកន្លងមក ដើម្បីឱ្យមានការដោះលែងនោះ លែងមានជំនឿ គិតគូរអំពីសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារ ទើបពួកគាត់មានជម្រើសរើសបន់ស្រន់និងបួងសួងទៅ»។

​សកម្មជនបរិស្ថាន រួមមាន កញ្ញា ភួន កែវរស្មី, កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារពី១៨ទៅ២០ខែ ក្រោមបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ករណីពួកគេប្រកាសធ្វើយុទ្ធនាការដើរថ្មើ​រជើងពីវត្តភ្នំទៅកាន់ផ្ទះលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុប«បឹងតាមោក»ទៀត ដោយថា បឹងនោះជាបឹងធម្មជាតិធំជាងគេនិងសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ។

គិតមកដល់ថ្ងៃពុធនេះ មានពន្ធនាគារចំនួន៤ហើយ រួមមាន ពន្ធនាគារខេត្តកំពង់ស្ពឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារព្រៃស (ម១) រាជធានីភ្នំពេញ និងពន្ធនាគារខេត្តកណ្តាល ត្រូវបានរកឃើញថា មានករណីអ្នកជាប់ឃុំឆ្លង​ជំងឺកូវីដ-១៩ជាបន្តបន្ទាប់។

យ៉ាងនេះក្តី បើតាមអ្នកនាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ​ លោក នុត សវនា ប្រាប់ វីអូឌី កាលពីម្សិលមិញថា គិតត្រឹមថ្ងៃទី១ ខែមិថុនានេះ​ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អ្នកជាប់ឃុំ​ ដូសទី២ បានប្រមាណជា៣០% ឬ​ជាង១១ ០០០នាក់ ក្នុងចំណោមអ្នកជាប់ឃុំ​សរុបនៅទូទាំងប្រទេសជិត៤០ ០០០ នាក់​៕  ​


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ