អាជ្ញាធរ​ផ្អាក​សកម្ម​ភាព​ការងារ​ មុខរបរ​ និង​មិន​ឱ្យ​ជុំ​គ្នា​លើស​ពី​១៥​នាក់​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវម្ដុំផ្សារឈូកមាស ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាល​រាជធានីភ្នំពេញ ប្រកាសផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងការជួបជុំមនុស្សមិនឱ្យលើសពី១៥នាក់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ។

ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ​មានសាលារៀន រួមទាំង​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន លើកលែងតែសាលារៀនដែល​បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ក្រៅពីសាលារៀន ក៏មានអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ដូចជា​ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ ខណៈ​រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា និង​អាជីវកម្មម៉ាស្សា រោង​ភាពយន្ត រោង​សម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

រដ្ឋបាល​រាជធានីភ្នំពេញ ក៏ប្រកាសមិនអនុញ្ញាតឱ្យមានការជួបជុំឬ​​ប្រមូលផ្តុំមនុស្សជាលក្ខណៈ​ឯកជន​លើសពី១៥​នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយវិធានការនេះត្រូវអនុវត្តរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

បើតាមរដ្ឋបាល​រាជធានីភ្នំពេញ អាជ្ញាធរនឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវត្តជាក់ស្តែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីខាងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទេ ដោយលោកថាជាប់រវល់ប្រជុំ។

កាលពីថ្ងៃទី​​​២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោក​ស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ទោះបីការបិទខ្ទប់នៅរាជធានីភ្នំពេញត្រូវបានបញ្ចប់ហើយក្ដី ហើយ​តំបន់លឿងទុំក៏រួមតូច ខណៈតំបន់ក្រហមក៏លែងមានពិតមែន ប៉ុន្តែករណី​ឆ្លងជំងឺកូវីដ-១៩ នៅតែរកឃើញជារៀងរាល់ថ្ងៃនិងមានចំនួនខ្ពស់ទៀតផង។

លោកស្រីបញ្ជាក់ថា ការចម្លងមេរោគកូវីដ-១៩ នៅតែខ្លាំងក្លានៅឡើយ ​​​ដែលមិនទាន់មានសញ្ញាណាបង្ហាញថា វាមានការចុះថមថយនៅឡើយទេ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកវិធានការរបស់អាជ្ញាធរ​រាជធានីភ្នំពេញ ថាជា​រឿងបច្ចេកទេសមួយត្រឹមត្រូវ ដោយថា ស្ថានភាពពេលនេះពុំមានជម្រើសល្អណាផ្សេងក្រៅពីការបើកនិងបិទបែបនេះទេ។

​លោកបន្តថា បើសិនជារដ្ឋាភិបាលដាក់វិធានការបែបនេះ ​រដ្ឋគួរមានការទទួលខុសត្រូវនិងធានាឱ្យបានការទំនុកបម្រុងជីវភាពអ្នកធ្វើការនិងអ្នក​ប្រកបរបរអាជីវកម្មទាំងនោះ ក្រោយពីពួកគេបាត់បង់ការងារ ជាពិសេសក្នុងពេលផ្អាក​សកម្មភាពបណ្ដោះអាសន្ននេះ។

លោកបណ្ឌិត មាស នី បញ្ជាក់ថា៖ «[បញ្ហាការឆ្លងនៅតែបន្តកើនឡើង] រឿងនេះមិនអាចហុចឬបញ្ជូនកំហុសទៅថា [ប្រជាពលរដ្ឋមិនសហការ ឬអាជ្ញាធរអនុវត្តនៅមានការខ្វះចន្លោះ] បានឡើយ ព្រោះជំងឺនេះ វាដល់ដំណាក់កាលមួយ ដែលយើងលែងអាចគ្រប់គ្រងវាបាន​​មាំទាំដូចមុនហើយ ដែលយើងត្រូវអង្គុយពិភាក្សារកដំណោះស្រាយគ្រប់កន្លែងហ្នឹងតែម្ដង។ អ៊ីចឹងរឿងការបិទហើយកា​រផ្អាកនេះជាវិធានធម្មតាដែលត្រូវតែធ្វើហើយ ប៉ុន្ដែពេលបិទនិងផ្អាកនេះ ថាមានការជជែកគ្នារវាងវិស័យរដ្ឋនិងឯកជន ថាតើត្រូវជួយសង្គ្រោះយ៉ាងម៉េចទៅដល់គ្នាអ្នកទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការបិទផ្អាកនេះជារឿងសំខាន់»។

វិធានការផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្ម រយៈពេល១៤ថ្ងៃ ដែលចេញដោយរដ្ឋបាល​រាជធានីភ្នំពេញនេះ ធ្វើឡើងស្របពេល​ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មួយរយៈពេលចុងក្រោយមានការកើនឡើងវិញ ខណៈចំនួនអ្នកស្លាប់ ដោយសារ​ជំងឺនេះក៏កើនឡើងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប៣២ ១៨៩​នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសសរុប៩៩៤នាក់។ ចំណែកអ្នកស្លាប់មានចំនួនកើនឡើងដល់២៣៦នាក់ និង​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន២៤ ៧៦៣នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ