មេធាវី​និង​សាច់​ញាតិ​អំពាវនាវ​ឱ្យ​តុលាការ​ដោះ​លែង​កូន​ក្តី​ពេល​តុលាការ​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ​

អ្នកនាង ឈឿន ដារ៉ា​វី (កោរសក់​) លើកដៃជាប់ខ្នោះ មុនឡើងឡាន​ចាកចេញ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

មេធាវីនិងសាច់ញាតិរបស់«យុវជនខ្មែរថាវរៈ»បានអំពាវនាវទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងកូនក្តីរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ ខណៈពន្ធនាគារកំពុងឆ្លងជំងឺកូវីដ-១៩។

ការស្នើសុំនេះបានធ្វើឡើងស្របពេលដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការកាត់ទោសយុវជនខ្មែរថាវរៈ ចំនួន៥នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួនពីរនាក់ នៅថ្ងៃទី៨ ខែមិថុនាខាងមុខនេះ។ យុវជនខ្មែរថាវរៈនិងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរទាំងនោះ មានដូចជា លោក ហ៊ុន វណ្ណៈ, អតីតសង្ឃ លោក កើត សារ៉ាយ, កញ្ញា  ឈឿន ដារ៉ាវី, កញ្ញា អេង ម៉ាឡៃ, លោក ថា ឡាវី, លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្រ្ត។

មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ លោក សំ ចំរើន បានប្រាប់ វីអូឌី នៅថ្ងៃសៅរ៍នេះថា លោកនឹងទៅចូលរួមសវនាការនៅថ្ងៃអង្គារ ទី៨ ខែមិថុនាខាងមុខនេះ ដើម្បីផលប្រយោជន៍កូនក្ដីរបស់លោក។ មេធាវីរូបនេះរំពឹងថា តុលាការនឹងដោះលែងកូនក្តីរបស់លោកនៅសប្តាហ៍ក្រោយនេះ។

លោកមេធាវីថ្លែងថា៖ «ខ្ញុំមិនដឹងគេដឹក [កូនក្តី] មកឬអត់ទេ! ព្រោះខ្ញុំមិនទាន់ទទួលបានលិខិតអញ្ជើញពីតុលាការ ប៉ុន្តែទោះបីជាតុលាការមិនឱ្យលិខិតមក ក៏ខ្ញុំទៅដែរ! ក្នុងនាមជាមេធាវី យើងនឹងប្រឹងប្រែងការពារក្ដី​យើងឱ្យល្អបំផុត»។

ចំណែកម្ដាយរបស់កញ្ញា ឈឿន ដារ៉ាវី គឺអ្នកស្រី ថាច់ ធីតា បានលើកឡើងថា អ្នកស្រីបានទទួលដំណឹងពីមេធាវីថា តុលាការនឹងបើកសវនាការកូនរបស់អ្នកស្រី និងអ្នកផ្សេងទៀត នៅថ្ងៃទី៨ ខែមិថុនាខាងមុខនេះ។

អ្នកស្រីបន្តថា បច្ចុប្បន្ន រូបគាត់និងសាច់ញាតិអ្នកជាប់ឃុំដទៃទៀតកំពុងមានការព្រួយបារម្ភពីបញ្ហាសុខភាពនិងសុវត្ថិភាពរបស់កូននិងអ្នកជាប់ឃុំមួយចំនួនទៀត ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារមក។

យ៉ាងណាក្តី អ្នកស្រី ថាច់ ធីតា បានស្នើទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់និងដោះលែងកូនអ្នកស្រី រួមទាំងអ្នកផ្សេងទៀត ដោយអ្នកស្រីអះអាងថា អ្វីដែលកូនៗរបស់ពួកគាត់ធ្វើ គឺដោយសារពួកគេស្រឡាញ់បរិស្ថានតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំពិបាកចិត្តណាស់ ហើយក្នុងឱកាសនេះ ខ្ញុំសូមទាមទារឱ្យតុលាការ​លោកពិនិត្យឡើងវិញ ហើយសុំដោះលែងអ្នកទោសមនសិការទាំងអស់ហ្នឹង ហើយកូនខ្ញុំ​​ដែរ! សុំឱ្យបានដោះលែងនៅក្រៅឃុំអី ហើយពួកខ្ញុំនឹងអនុវត្តទៅតាមចំណាត់ការរបស់តុលាការ បើសិនជាគេត្រូវការជួប ខ្ញុំមិនឱ្យមានការលំបាកទេ ធ្វើម៉េចឱ្យតែខាងតុលាការលោកជួយដោះលែងឱ្យបាននៅក្រៅឃុំ»។

ចំណែកម្ដាយរបស់អតីតព្រះតេជគុណ កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉ែម មានប្រសាសន៍ថា ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារមក អ្នកស្រីដេកមិនដែលលក់ឡើយ ដោយសារបារម្ភពីសុខភាពនិងសុវត្ថិភាពរបស់កូន។ ស្ត្រីអាយុ៧៧ឆ្នាំរូបនេះ រៀបរាប់ថា អ្នកស្រីស្នើទៅតុលាការដោះលែងកូនរបស់គាត់និងអ្នកផ្សេងទៀត ដើម្បីបានមកជួបជុំគ្រួសារវិញ ដោយថា កូនៗរបស់ពួកគាត់មិនបានធ្វើខុសនោះទេ។

អ្នកស្រីថា៖ «ខ្ញុំព្រួយបារម្ភពីកូន អាណិតកូន! តាំងពីគេចាប់កូន មិនដែលសប្បាយចិត្តទេ! នឹកកូនផង! ណាមួយធ្លាប់ឃើញមុខកូន​ ពេលគេចាប់ មិនដែលបានជួបកូនទេ។ ខ្ញុំចង់ឱ្យតុលាការដោះលែងកូនខ្ញុំនិងអ្នកផ្សេងមកវិញ»។​

ការអំពាវនាវនេះក៏បានធ្វើឡើងស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាជាថ្មីម្តងទៀតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយស្នើសុំឱ្យតុលាការនិងរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់ចេញពីពន្ធនាគារ ខណៈជំងឺកូវីដ-១៩ កំពុងឆ្លងចូលក្នុងពន្ធនាគារនិងភាពចង្អៀតណែននៅក្នុងពន្ធនាគារ ជាដើម។

ការស្នើសុំនេះ ក៏ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង​ឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដទៃទៀត និងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដើម្បីរួមចំណែកផ្ដល់សុភមង្គលដល់គ្រួសាររបស់ពួកគេ រួមទាំងកាត់បន្ថយភាពតានតឹងផ្នែកសង្គមនិងនយោបាយជាដើម។

សេចក្ដីថ្លែងការណ៍លើកឡើងថា ការដែលក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យដោះលែងអ្នកទោសមនសិការ ដោយយល់ថា ពួកគេត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធី ទាក់ទងនឹងបញ្ហានយោបាយនិងសង្គមជាដើម។

គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ គឺមានរយៈពេល១០ខែមកហើយដែលក្រុមយុវជនខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរទាំង៧នាក់បានជាប់ឃុំជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារដើម្បីរង់ចាំការកាត់ទោស។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពលេចធ្លោមួយរូប និងរៀបចំការជួបជុំដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ក្នុងអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ