តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក រ៉ុង ឈុន ប៉ុន្តែត្រូវបានមេធាវីការពារក្តី និងសាច់ញាតិសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ហៅការសម្រេចនេះថា មិនផ្អែកលើអង្គហេតុនិងអង្គច្បាប់ប្រកបដោយសុភនិច្ឆ័យឡើយ។
ថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយបញ្ចប់សវនាការ លោក ឡោ ជុនធី សហមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំងពីររូបដែលចូលការពារក្តីឱ្យលោក រ៉ុង ឈុន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី០៨ ខែមិថុនានេះថា ជាការសោកស្តាយដែលនៅនាទីចុងក្រោយ សេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះហាក់មិនបានពិចារណាទៅលើសេចក្តីសន្និដ្ឋានរបស់មេធាវីការពារក្តីឱ្យជនត្រូវចោទសោះ។
លោកបន្តថា តាមពិតទាំងលោក រ៉ុង ឈុន និងកញ្ញា សរ កណិកា គួរត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បើផ្អែកលើអង្គហេតុនិងនីតិវិធីច្បាប់។
លោកបន្តថា៖ «[ការ]ឃុំខ្លួនរបស់គាត់ហ្នឹងដូចខ្ញុំបានលើកឡើងអ៊ីចឹង គិតមកដល់ពេលនេះ មានរយៈពេល១១ខែនិង២៣ថ្ងៃហើយ ដូច្នេះ ភាពសមហេតុសមផលគួរតែឱ្យគាត់បាននៅក្រៅឃុំ នេះជាចំណុចទី១។ ហើយចំណុចទី២ តើកូនក្តីរបស់ខ្ញុំគាត់គេចវេះទៅណា! ចាប់ពីនីតិវិធីចាប់ផ្តើមរហូតមកដល់នីតិវិធីសវនាការរហូតដល់២ទៅ៣ដង គាត់ចូលរហូត គាត់មានគេចវេះទៅណា! បើគាត់នៅក្រៅឃុំ គាត់ធ្វើអីកើត!»
យុវជន រ៉ុង វិជ្ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់លោក រ៉ុង ឈុន ចាត់ទុកសេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះ លោក លិ សុខា ថាជាការសម្រេចដែលមានភាពអយុត្តិធម៌ចំពោះលោក រ៉ុង ឈុន។
លោកបន្តថា ក្រុមគ្រួសាររបស់លោកនឹងនៅតែបន្តស្វែងរកនីតិវិធីជាថ្មីទៀត ធ្វើយ៉ាងណាដើម្បីអាចជួយឱ្យលោក រ៉ុង ឈុន បានរួចផុតពីការចោទប្រកាន់។
លោកបន្តថា៖ «ខ្ញុំមានការសោកស្តាយជាខ្លាំង នេះជារឿងអយុត្តិធម៌ដែលក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទៅមិនអាចទទួលយកបាន ពីព្រោះតុលាការមិនបានលើកហេតុផលសមរម្យ។ វាមើលឃើញពីការអនុវត្តស្តង់ដារពីររបស់តុលាការ»។
បើទោះជាបែបណា នៅក្នុងអង្គសវនាការដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនានេះ គឺពុំមានវត្តមានជនជាប់ចោទទាំងពីរនាក់ រួមមាន លោក រ៉ុង ឈុន និងកញ្ញា សរ កណិកា សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ចូលរួមដោយផ្ទាល់នៅពេលជំនុំជម្រះទេ។
គេសង្កេតឃើញនៅក្នុងបន្ទប់សវនាការ ទាំងនៅក្នុងដំណាក់កាលធ្វើសេចក្តីកត់សម្គាល់ សេចក្តីថ្លែងហេតុ និងសេចក្តីសន្និដ្ឋាន ភាគីទាំងពីរ គឺសហមេធាវីការពារក្តីឱ្យជនជាប់ចោទ និងតុលាការ បានបន្តខ្វែងគំនិតគ្នាជាច្រើនចំណុចនៅក្នុងមាត្រាច្បាប់ រហូតដល់សេចក្តីសន្និដ្ឋានចុងក្រោយ។
នៅក្នុងសេចក្តីថ្លែងហេតុពីដំបូងទី លោក សំ សុគង់ សហមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំងពីររូប ឆ្លើយតបទៅចៅក្រមជំនុំជម្រះថា ដោយយោងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ គឺមានភាពចាំបាច់ដែលតម្រូវឱ្យមេធាវីអាចស្នើសុំទៅតុលាការ ដើម្បីបើកផ្លូវឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន។ លើសពីនេះទៀត មាត្រា៤៩៥ នៃក្រមនេះដដែល គឺការកំណត់នៃបទល្មើស មានន័យថា បទល្មើសប្រឆាំងលោក រ៉ុង ឈុន និងកញ្ញា សរ កណិកា នេះជាបទល្មើសមជ្ឈិមទេ។
លោក សំ សុគង់ បន្តថា បើផ្អែកលើការឃុំខ្លួននេះ អ្នកទាំងពីរបានអនុវត្តទោសបាន២ភាគ៣នៃទោសអតិបរមាដែលកំណត់ផ្តន្ទាទោសដោយក្រមនេះចន្លោះពី៦ខែ ទៅ២៤ខែរួចបាត់ទៅហើយ ដែលករណីនេះ កូនក្តីរបស់លោកគួរត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
ភ្លាមៗ ក្រោយពីមេធាវីការពារក្តីឱ្យជនត្រូវចោទ ព្យាយាមដោះបន្ទុកនោះ តំណាងអយ្យការ លោក សេង ហៀង បានប្រតិកម្មតបភ្លាម ដោយលើកសម្អាងហេតុថា តាមពិតទៅ ទាំងលោក រ៉ុង ឈុន និងកញ្ញា សរ កណិកា មិនបានឃុំខ្លួនលើសពីនីតិវិធីឡើយ។
លោកថា បើតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌនេះ តាមរយៈការបង្ហាញខ្លួនចំនួន២ ទៅ៣ដងកន្លងទៅ នៅចំពោះមុខតុលាការ មានន័យថា គឺជាការអនុវត្តនីតិវិធីពេញលេញហើយ។
នៅក្នុងដំណាក់កាលនៃដំណើរការក្តីឯណោះវិញ សហមេធាវីទាំងពីររបស់ជនត្រូវចោទ ក៏បានស្នើទៅចៅក្រមជំនុំជម្រះ ឱ្យកូនក្តីរបស់ខ្លួនមានវត្តមាននៅក្នុងបន្ទប់សវនាការផងដែរ។
ករណីនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះ បានលើកឡើងថា ការជំនុំជម្រះនេះពុំចាំបាច់មានវត្តមានជនត្រូវចោទទាំងពីររូបចូលរួមកាត់ក្តីដោយផ្ទាល់ទេ ដោយសារខាងពន្ធនាគារបានជូនដំណឹងមកតុលាការរួចទៅហើយ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលពិបាកដល់ការដឹកជញ្ជូនអ្នកជាប់ឃុំមកសាលសវនាការ។
ម៉្យាងវិញទៀត លោកថា នេះជាសវនាការមុនអង្គសេចក្តី ហេតុនេះពុំមានហេតុផលអ្វីដែលចាំបាច់តម្រូវឱ្យមានជនជាប់ចោទទាំងពីរបង្ហាញវត្តមាននៅទីនេះឡើយ។
បើទោះជាបែបណា យោងតាមលិខិតកោះអញ្ជើញរបស់តំណាងអយ្យការ លោក សេង ហៀង ដែលចេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ការជំនុំជម្រះដែលធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ ជាសវនាការលើអង្គសេចក្តីទេ។ ប៉ុន្តែគេមិនបានដឹងថាតើមានមូលហេតុអ្វីឱ្យប្រាកដបានជាតុលាការសម្រេចបង្វែររឿងក្តី មកជាសវនាការមុនអង្គសេចក្តីទៅវិញ។
យ៉ាងនេះក្តី សវនាការសុំនៅក្រៅឃុំណ្តោះអាសន្នដែលប្រើពេលប្រមាណជិត១ម៉ោង ប្រព្រឹត្តទៅក្រោមការឃ្លាំមើលនិងចូលរួមសង្កេតការពីអង្គការដៃគូជាតិនិងអន្តរជាតិ ដូចជា តំណាងស្ថានទូតជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីយូ អូស្រ្តាលី ស៊ុយអែត និងសមាគមបណ្តាញយុវជនកម្ពុជា (CYN) ជាដើម។
លោក អំ សំអាត នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ចៅក្រមជំនុំជម្រះមិនគួរបដិសេធបណ្តឹងសុំនៅក្រៅឃុំដូចនេះឡើយ។ លោកបន្តថា ទាំងសេចក្តីសន្និដ្ឋាននិងសម្អាងហេតុរបស់សហមេធាវីការពារក្តីឱ្យជនត្រូវចោទ មានធាតុផ្សំគ្រប់គ្រាន់ ដែលល្មមអាចឱ្យជនជាប់ឃុំទាំង២រូបបាននៅក្រៅឃុំបណ្តោះអាសន្ន។
លោកបន្តថា៖ «វាគួរតែមានការពិចារណាដែរ ចំពោះការលើកឡើងរបស់មេធាវី ពួកគាត់មានអំណះអំណាងមួយចំនួន គឺជាការត្រឹមត្រូវហើយ។ យើងមើលឃើញថា បើទោះបីកន្លងមក មានបើកសវនាការជាបន្តបន្ទាប់ហើយក្តី តែបើយើងគិតពីរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នហ្នឹង វាលើសទៅហើយ»។
លោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ កាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដោយឡែក កញ្ញា សរ កណិកា ជាសកម្មជននយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈមានការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន៕