សមាគម​មួយ​រក​កិច្ច​អន្តរា​គមន៍​ជួយ​អ្នក​កាសែត​៨​នាក់​ដែល​​ជាប់​ឃុំពី​បទ​កំហែង​យក​

អ្នកសារព័ត៌មានចំនួន៨នាក់ត្រូវបានសមត្ថកិច្ច​ស្រុកត្បែងមានជ័យ ចាប់ឃាត់ខ្លួនដោយចោទពីបទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថា បានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ស្វែង​រកកិច្ចអន្តរាគមន៍ ​ដើម្បីឱ្យអ្នកកាសែត៨នាក់ដែលតុលាការខេត្តព្រះវិហារចាប់ឃុំខ្លួននោះ បាននៅក្រៅឃុំបណ្តោះអាសន្ន ក្រោយពីពួកគេរងការចោទពីបទកំហែងយក ប៉ុន្តែការដាក់បន្ទុកនោះតុលាការមិនទាន់បានបញ្ជាក់នៅឡើយ។

អ្នកសារព័ត៌មានចំនួន៨នាក់ ក្នុងនោះមានទាំងស្ត្រី២នាក់ផង ត្រូវបានសមត្ថកិច្ច​ស្រុកត្បែងមានជ័យ ចាប់ខ្លួនកាលពីថ្ងៃសុក្រ ​ដោយចោទពីបទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថា បានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្រោយមក តុលាការខេត្តនេះសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។

ប្រធាន​សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោក ទេស វិបុល ឱ្យដឹងនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី៥ ខែមិថុនា លោកបានដាក់លិខិតចំនួន២ដាច់ដោយឡែកពីគ្នា ដោយលិខិតមួយដាក់ទៅ​អាជ្ញាធរខេត្ត និងមួយទៀតដាក់ទៅព្រះរាជអាជ្ញា ដើម្បីរកការសម្របសម្រួល​ឱ្យអ្នកកាសែត​ទាំង៨នាក់នោះបាននៅក្រៅឃុំបណ្តោះអាសន្ន​ ក្នុងនាមអ្នកប្រកបអាជីព​ដូចគ្នា។

លោកថា៖ «អ្វីដែលគេដាក់បន្ទុកគាត់ហ្នឹង គេចោទពីបទកំហែងយក ក៏ប៉ុន្តែយើងមិនទាន់ដឹងថា ការកំហែងយកនោះរបៀបម៉េចឱ្យច្បាស់លាស់នៅឡើយទេ ហើយនរណាជាអ្នកប្តឹង[ក៏មិនទាន់ដឹង]នៅឡើយដែរ។ អ៊ីចឹង បងកំពុងតែបន្តនីតិវិធីរបស់អ្នកសារព័ត៌មានយើង ដើម្បីស្វែងរកអំពីមូលហេតុពិតនិងអ្វីដែលគេបានប្តឹងផ្តល់ហ្នឹង»។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។

ប៉ុន្តែព្រះរាជអាជ្ញាអមសាលាដំ​បូង​​ខេត្តព្រះវិហារ លោក ទី សុវិនថាល់ មានប្រសាសន៍​ថា លោកបានឃើញលិខិតនោះហើយ តែថាលោកមិនមានសិទ្ធិក្នុងការអន្តរាគមន៍ដោះលែងជនត្រូវចោទទាំងនោះទេ។

លោកថា៖ «ខ្ញុំបានបញ្ជូនទៅប្រធានសាលាដំបូងហើយ ដើម្បីឱ្យគាត់ដាក់នៅក្នុងសំណុំរឿង ថាតើចៅក្រម[ស៊ើប]ពិចារណាឬក៏អត់! ព្រោះខ្ញុំមើលទៅ គ្មានគុណសម្បត្តិក្នុងនីតិវិធី»។

ប្រធាន​សាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ មានប្រសាសន៍​ថា លោកមិនទាន់ឃើញលិខិតនេះនៅឡើយទេ ប៉ុន្តែថាលិខិតសុំអន្តរាគមន៍គ្មានមូលដ្ឋានច្បាប់ក្នុងការដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំទេ វាលើកលែងតែមានលិខិតស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន​ពីសំណាក់​មេធាវី ឬជនត្រូវចោទផ្ទាល់ ឬក៏ប្រធានពន្ធនាគារ។

លោកថា៖ «ការនៅក្រៅឃុំហ្នឹង មិនមែនលិខិតអន្តរាគមន៍ហ្នឹង គេឱ្យនៅក្រៅឃុំទេ! តាមច្បាប់ ចៅក្រមស៊ើបសួរទាល់តែមានលិខិតសុំនៅក្រៅឃុំ។ សុំនៅក្រៅឃុំហ្នឹង យើងមានលក្ខខណ្ឌអីបំពេញបានខ្លះ គេឃុំយើងមានប៉ុន្មានលក្ខខណ្ឌ មានលក្ខខណ្ឌអីខ្លះ បើយើងបំពេញលក្ខខណ្ឌហ្នឹងបានមួយចំនួនឬបានទាំងអស់ អាហ្នឹងគេឱ្យយើងនៅក្រៅឃុំហើយ»។ 

VOD មិនអាចស្វែងរកប្រភពទាក់ទងក្រុមគ្រួសារអ្នកសារព័ត៌មាន​ទាំងនោះ ឬមេធាវីការពាក្តីបាននៅឡើយទេ។

យ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងកាលពីថ្ងៃចន្ទថា អ្នកសារព័ត៌មាន​ទាំង៨រូបនេះ ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក គឹម សំលេង ដឹ​ក​នាំ​កម្លាំងចុះចាប់​ដោយផ្ទាល់ តាមបណ្តឹងរបស់ម្ចាស់សិប្បកម្មឈើមួយកន្លែងនៅឃុំក្រាំងដូង។

លោក​បានរៀបរាប់ពីដើមចមនៃការចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះថា ដំបូងឡើយ មាន​អ្នកសារព័ត៌មានមក​ពី​អង្គ​ភាពចំនួន៤ទៀតបានទៅជួបម្ចាស់សិប្បកម្មឈើ​មួយកន្លែង ហើយបានត្រឡប់ចេញទៅវិញក្រោយ​ពី​ម្ចាស់សិ​ប្ប​​ក​ម្មឈើនោះ ផ្តល់លុយក្នុង​​ម្នាក់១៥០ ០០០រៀល ។

លោកបន្តថា ក្រោយពីអ្នកសារព័ត៌មានមកពីអង្គភាពទាំង៤នោះត្រឡប់ទៅវិញ អ្នកសារព័ត៌​មាន​​ចំនួន​៨នាក់នេះក៏បាននាំគ្នាទៅដល់សិប្បកម្មឈើនោះដែរ ហើយបានទារប្រាក់ពីម្ចាស់សិប្បកម្មឈើ​នោះ ក្នុង​ម្នាក់១០០​ដុល្លារ តែម្ចាស់សិប្បកម្ម​មិនព្រម​ ដោយ​សុំផ្តល់​ឱ្យ​ត្រឹមតែ២០០ ០០០រៀល សម្រាប់អ្នកសារព័ត៌មាន​ម្នាក់។ 

លោក​បន្តទៀត​ថា ដោយសារ​ការ​​ចរចាតម្លៃមិនត្រូវគ្នា ទើបម្ចាស់សិប្បកម្មនោះដាក់ពាក្យប្តឹង ដែលឈានដល់ការ​ចាប់ខ្លួនអ្នកសារព័ត៌មានទាំង​៨នាក់នោះតែម្តង។

ទោះយ៉ាងណា លោក ឡោ ចាន់ ចង់ឃើញស្ថាប័នពាក់ព័ន្ធរកការពិតឱ្យឃើញ ថាហេតុអ្វីបានជាម្ចាស់សិប្បកម្ម​ឈើមួយនេះ​ផ្តល់​​លុយទៅអ្នកឱ្យ​អ្នកសារព័ត៌មានទាំងនោះ។

លោកថា៖ «ចុះបើអ្នកឯង​អត់មានបទល្មើស ហេតុអ្វីបានអ្នកឯងចាំបាច់ឱ្យលុយគេ? ហើយថា បើម្នាក់៥០ដុល្លារ ៨នាក់ វាអស់៤០០​ដុល្លារ! អាមុន៦០០ ០០០រៀល ផ្សេង៤នាក់ហើយ! អានេះ ៤០០ដុល្លារទៀត! វាឡើងប៉ុន្មានហើយ? គាត់សុខចិត្តចំណាយលុយលានៗ​ធ្វើអីបើ​​​គា​ត់មិនខុសផងហ្នឹង! ដូចខ្ញុំអ៊ីចឹង អាណាមកសុំៗទៅ បើខ្ញុំមិនឱ្យ ចុះផ្សាយអីចុះទៅ»។

កាលពីដើមឆ្នាំនេះ ស្ថាប័នចំនួន៤ រួមមាន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​(ខេមបូចា) មជ្ឈ​មណ្ឌល​កម្ពុជាដើម្បីប្រ​ព័​ន្ធ​ផ្សព្វផ្សាយឯករាជ្យ​ (CCIM) ក្លឹប​អ្នកសារព័ត៌មា​នបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌​មាន​អន្តរ​ជាតិ បានក​ត់​សម្គាល់ឃើញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានចំនួ​ន៥៩​នាក់បាន​ទទួល​​រងនូវការធ្វើ​ទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន និងការរងបណ្តឹងពីតុលាការ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ត្រូវបានចាប់ខ្លួន ៧នាក់​ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ